ការទទួលទានអាហារពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព មិនថាអាហារពេលព្រឹក ពេលថ្ងៃត្រង់ ឬពេលល្ងាចនោះទេ។ ក៏ប៉ុន្តែមានមនុស្សមួយចំនួនធំនៅមិនទាន់ដឹងអំពីផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបង្កឡើងដោយសារតែការទទួលទានអាហារមិនបានត្រឹមត្រូវឡើយ។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ការទទួលទានអាហារពេលល្ងាចច្រើនហួសហេតុខ្លាំងពេក អាចធ្វើឲ្យប្រព័ន្ធរំលាយអាហារគ្មានពេលសម្រាក ហើយអាចបណ្តោលឲ្យគ្រោះថ្នាក់ដល់សរីរាង្គផ្សេងៗថែមទៀត។
ខាងក្រោមនេះ គឺជាគ្រោះថ្នាក់ ដែលបង្កឡើងដោយសារតែទម្លាប់ទទួលទានអាហារនៅពេលល្ងាចឆ្អែតជ្រុលពេកៈ
កើតមហារីកពោះវៀន
ការទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមច្រើនពេកនៅពេលល្ងាច អាចធ្វើឲ្យបាក់តេរី anaerobic ដែលរស់នៅក្នុងពោះវៀនធំ និងផលិតទៅជាសារធាតុដ៏មានគ្រោះថ្នាក់បំផុត។ ប្រសិនបើសារធាតុនេះផ្ទុកនៅក្នុងពោះវៀនយូរពេក វានឹងបង្កទៅជាជំងឺមហារីកពោះវៀន។
កើតជំងឺរលាកលំពែង
ការទទួលទានអាហារពេលល្ងាចច្រើនហួសហេតុពេក ឬសេពគ្រឿងស្រវឹងច្រើនពេក អាចបណ្តោលឲ្យកើតជំងឺរលាកលំពែងធ្ងន់ធ្ងរ និងគេងមិនលក់។
កើតជំងឺសរសៃឈាមបេះដូង
ការទទួលទានអាហារនៅពេលល្ងាចច្រើនពេក អាចបង្កឲ្យជាតិកូឡេស្តេរ៉ុលក្នុងឈាមកើនឡើងខ្ពស់ ហើយទីបំផុតអ្នកប្រឈមមុខនឹងជំងឺសរសៃឈាមបេះដូង ព្រមទាំងរឹងសរសៃឈាម។
កើតជំងឺសម្ពាធឈាមឡើងខ្ពស់
ការទទួលទានសាច់ច្រើនពេកនៅពេលល្ងាច អាចបណ្តោលឲ្យសម្ពាធឈាមកើនឡើងខ្ពស់។ លើសពីនេះទៅទៀត ក្នុងអំឡុងពេលគេងអត្រានៃលំហូរឈាមមានការថយចុះ ហើយជាតិខ្លាញ់នឹងតោងជាប់នៅតាមជញ្ចាំងសរសៃឈាម ដែលបណ្តោលឲ្យខូចសរសៃឈាមបេះដូង។
តាមការពិសាធន៍មួយបានបង្ហាញថា អ្នកដែលទទួលទានអាហារពេលល្ងាចច្រើនជ្រុលពេក មានផ្ទុកជាតិខ្លាញ់ក្នុងឈាមខ្ពស់ជាងអ្នកធម្មតារហូតដល់ទៅ ២ទៅ៣ដង។ ជាពិសេស ប្រសិនបើមនុស្សធាត់ ឬអ្នកជំងឺលើសឈាម បរិភោគសាច់នៅពេលល្ងាច គឺកាន់តែមានគ្រោះថ្នាក់ខ្លាំងបំផុត៕
មតិយោបល់