កណ្តាល: ភោជនីយដ្ឋាននិងខារ៉ាអូខេយីហោរ«ត្រជាក់ចិត្តថ្មី » ដែលមានឈ្មោះបោះសម្លេងជាកន្លែងសប្បាយជាងគេប្រចាំក្រុងតាខ្មៅ ស្រាប់តែយប់មិញនេះមានករណីភ្ញៀវផ្ទុះហិង្សា យកកែវគប់មេការខុសត្រូវ ដោយសាររឿងអត់ពេញចិត្តនារីបំរើសេវា។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងភោជនីយដ្ឋាននិងខារ៉ាអូខេយីហោ « ត្រជាក់ចិត្តថ្មី» ស្ថិតក្នុងសង្កាត់កំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ប្រភពព័ត៌មានបានប្រាប់ភ្នាក់ងារPost News ថា នៅមុនពេលកើតហេតុ គឺមានភ្ញៀវមានគ្នាជាច្រើននាក់បានចូលហូបចុកក្នុងបន្ទប់ខារ៉ាអូខេយ៉ាងសប្បាយ ស្រាប់តែមួយសន្ទុះក្រោយមក ក៍មានរឿងប្រើអំពើហិង្សា បោកកែវ គប់កែវ ទៅវិញទៅមក រវាងភ្ញៀវនិងមេការ។
ប្រភពព័ត៌មានបានបន្តទៀតថា ការប្រើអំពើហិង្សាបោកកែវ គប់កែវរវាងភ្ញៀវនិងមេការនេះ អាចមកពីទាស់ពាក្យសម្តីរឿងនារីៗដែលធ្វើការបម្រើនៅក្នុងខារ៉ាអូខេហ្នឹង។
បើតាមមេការបានប្រាប់ថា ពិតជាមានរឿងហ្នឹងកើតឡើងមែន តែមិនមែនគប់កែវដាក់គ្នាទេ គឺជម្លោះគ្នាត្រឹមជជែកដាក់គ្នាតែប៉ុណ្ណោះ។
បើតាមលោក សំរឹត សនសុជា មេប៉ុស្តិ៍កំពង់សំណាញ់បានប្រាប់Post Newsថា ពិតជាមានរឿងហ្នឹងមែន គឺត្រឹមតែភ្ញៀវបោកកែវនៅមុខមេការ អត់បានបោកកែវតទល់គ្នាទេ។ ហើយលោកបានបញ្ជាក់ថា ភ្លាមៗនោះក៍មានការសម្រួលគ្នាគិតលុយបញ្ចប់រឿងតែម្តងទៅ ហើយការសម្រួលគ្នានេះគឺខាងកម្លាំងសមត្ថកិច្ចអត់បានចូលរួមទេ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅជុំវិញមានការរិះគន់ទៅលើភោជនីយដ្ឋាននិងខារ៉ាអូខេយីហោ«ត្រជាក់ចិត្តថ្មី » បង្កជម្លោះរវាងភ្ញៀវ និងនារីបំរើការងារ និងភ្ញៀវជាមួយ មេការមើលការខុសត្រូវក្នុងហ្នឹងជាញឹកញ៉ាប់ថែមទៀតផង។
ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចមេត្តា មានវិធានការ និងរកដំណោះស្រាយណាមួយកុំឲ្យមានករណីបង្កហិង្សាតទៅទៀតនៅក្នុងហាងនោះផងដែរ៕
មតិយោបល់