នៅក្នុងចំណោមអាហារទាំង៣ពេល អាហារពេលព្រឹកត្រូវបានគេចាត់ទុកជាអាហារដ៏មានសារសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ព្រោះវាអាចជួយឲ្យរាងកាយទាំងមូលមានសុខភាពល្អ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកទទួលទានអាហារមិនបានត្រឹមត្រូវវិញនោះ អ្នកច្បាស់ជាប្រឈមនឹងជំងឺផ្សេងៗមិនខានឡើយ។ បើយោងតាមគេហទំព័រ soha បានបង្ហាញថា ដើម្បីទទួលបានសុខភាពល្អ អ្នកគួរតែជៀសវាងអាហារពេលព្រឹក៤ប្រភេទ។
១.ញ៉ាំអាហារសល់
មនុស្សភាគច្រើនតែងតែស្តាយអាហារដែលសល់ពីការទទួលទាននៅពេលល្ងាច ហើយទុកញ៉ាំនៅពេលព្រឹកបន្តទៀត។ ប៉ុន្តែ បើយោងតាមអ្នកជំនាញបានបង្ហាញថា អាហារដែលទុកចោលពេញមួយយប់ អាចពោរពេញទៅដោយបាក់តេរី ព្រមទាំងផលិតជាតិពុលកាន់តែច្រើន ដែលបណ្តោលឲ្យគ្រោះថ្នាក់ដល់សុខភាព។ យកល្អ អ្នកគួរតែធ្វើការចម្អិនអាហារថ្មី ទើបមានសុវត្ថិភាពចំពោះសុខភាព។
២.អាហារសម្បូរជាតិខ្លាញ់
មនុស្សជាច្រើនចូលចិត្តញ៉ាំអាហារដែលដំណើរការចម្អិនដោយប្រើបប្រេង ឬខ្លាញ់មានកម្រិតខ្ពស់។ ប៉ុន្តែទម្លាប់បែបនេះយូរអង្វែងអាចបណ្តោលឲ្យមានបញ្ហាដល់រាងកាយ ពិបាករំលាយ ឡើងទម្ងន់ កើតជំងឺសរសៃឈាមបេះដូង មានបញ្ហាសម្ពាធឈាម និងខ្លាញ់ក្នុងឈាម។ ដើម្បីជៀសវាងបញ្ហានេះ អ្នកត្រូវកាត់បន្ថយការទទួលទានអាហារដែលដែលសម្បូរជាតិខ្លាញ់ ហើយគួរតែទម្លាប់ញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន។
៣.អាហារកែច្នៃ
ដោយសារតែភាពខ្ជិលច្រអូស និងប្រញាប់ចូលធ្វើការផងនោះ ធ្វើឲ្យមនុស្សភាគច្រើនតែងតែមានទម្លាប់ទទួលទានអាហារស្រាប់ៗដូចជា នប៉័ង សាន់វ៉ិច មីកញ្ចប់… ជាអាហារពេលព្រឹក។ ក៏ប៉ុន្តែបើយោងតាមក្រុមអ្នកជំនាញបានបង្ហាញថា ទម្លាប់ទទួលទានអាហារបែបនេះញឹកញាប់ពេក អាចបណ្តោលឲ្យកើតជំងឺក្រពះពោះវៀន និងមានផលប៉ះពាល់ជាច្រើនទៀតចំពោះសុខភាព។
៤.ញ៉ាំអាហារតាមដងផ្លូវ
អ្នកត្រូវដឹងថា អាហារពេលព្រឹកដែលលក់នៅតាមចិញ្ចីមផ្លូវមួយចំនួនគ្មានសុវត្តិភាព និងអនាម័យឡើយ ជាពិសេសកន្លែងមានមនុស្សធ្វើដំណើរឆ្លងកាត់ច្រើន គឺពោរពេញទៅដោយភាពកខ្វក់ ហើយមានបរិយាកាសពុលច្រើនបំផុត។ ការញ៉ាំអាហារបែបនេះយូរៗទៅ អាចបណ្តោលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រព័ន្ធរំលាយអាហារ ហេតុនេះអ្នកគួរតែទទួលទានអាហារនៅកន្លែងដែលមានអនាម័យត្រឹមត្រូវ ហើយមិនត្រូវទុកចោលយូរពេកឡើយ៕
មតិយោបល់