ព័ត៌មានសុខភាព

ផឹកទឹកភ្លាមៗបន្ទាប់ពីទទួលទានអាហាររួច ប្រយ័ត្នខូចប្រព័ន្ធរំលាយអាហារ!!!

ការផឹកទឹកភ្លាមៗក្រោយពេលទទួលទានអាហាររួច គឺជាទម្លាប់ដ៏ពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សនៅទូទាំងពិភពលោក។ តែទោះជាយ៉ាងណា តើអ្នកធ្លាប់គិតពីផលប៉ះពាល់ដែរឬទេ? បើយោងតាមគេហទំព័រ Boldsky បានបង្ហាញថា ទម្លាប់បែបនេះអាចបណ្តោលឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងធ្វើឲ្យសុខភាពចុះខ្សោយ។

ខាងក្រោមនេះ គឺជាឥទ្ធិពលអាក្រក់ដែលបណ្តោលមកពី ទម្លាប់ផឹកទឹកភ្លាមៗបន្ទាប់ពីទទួលអាហាររួចៈ

អួលណែនពេញចុងដង្ហើម
នៅពេលដែលអ្នកញ៉ាំអាហារ ក្រពះនឹងធ្វើការបញ្ចេញជាតិអាស៊ីតដើម្បីរំលាយ។ ប៉ុន្តែប្រសិនបើអ្នកញ៉ាំទឹកភ្លាមៗ វាអាចបណ្តោលឲ្យជាតិអាស៊ីតច្របល់ចូលជាមួយនឹងទឹក ហើយមិនអាចធ្វើការរំលាយអាហារទាំងស្រុងនោះទេ ដូច្នេះអ្នកនឹងកើតមានជំងឺរលាកក្រពះពោះវៀន។

លើសពីនេះទៅទៀត បើអ្នកផឹកទឹកច្រើនពេកបន្ទាប់ពីញ៉ាំអាហាររួច នឹងធ្វើឲ្យក្រពះពេញណែនខ្លាំង មានអារម្មណ៍អស់កម្លាំង ពិបាកក្នុងការធ្វើចលនា និងរលាកប្រព័ន្ធរំលាយអាហារ។

ទល់លាម និងមានបញ្ហាពោះវៀន
ការផឹកទឹកភ្លាមៗក្រោយពេលញ៉ាំអាហារ នឹងធ្វើឲ្យអាហារមួយចំនួនត្រូវនៅសេលសល់មិនបានរំលាយអស់ឡើយ។ បរិមាណអាហារមិនបានរំលាយត្រូវចូលទៅក្នុងពោះវៀនធំ ហើយវាមិនត្រឹមតែធ្វើឲ្យរាងកាយមិនអាចស្រូបបាននោះទេ ថែមទាំងប៉ះពាល់ដល់ពោះវៀនថែមទៀត។

នេះជាដើមហេតុដែលបណ្តោលឲ្យអ្នកឧស្សាហ៍ទល់លាមក ហើមពោះដោយសារជាតិហ្គាសច្រើន ឬអាចបង្កឲ្យមានបញ្ហាសុខភាពផ្សេងៗទៀត។

ក្រពះផ្ទុកជាតិអាស៊ីតលើសកម្រិត
ប្រសិនបើអ្នកផឹកទឹកភ្លាមៗបន្ទាប់ពីទទួលទានអាហាររួច បរិមាណនៃជាតិអាស៊ីតក្នុងក្រពះនឹងប្រែក្លាយទៅជារាវ ហើយប្រសិទ្ធភាពនៃការរំលាយត្រូវថយចុះ។

អាហារដែលយឺតយ៉ាវក្នុងការរំលាយនឹងរក្សាទុកយូរក្នុងក្រពះ ធ្វើឲ្យក្រពះបន្តបន្ថែមជាតិអាស៊ីតកាន់តែច្រើនឡើង ដើម្បីបំបែកអាហារទាំងនោះ។ លទ្ធផលចុងក្រោយ គឺអាស៊ីតនៅក្នុងក្រពះលើសកម្រិត។ នៅពេលដែលអាស៊ីតក្នុងក្រពះកើនឡើងច្រើនហួសប្រមាណ ក្រពះពោះវៀននឹងមានដំបៅ ដែលមនុស្សភាគច្រើនតែងតែហៅថា ឈឺក្រពះ។

ដូច្នេះហើយ ដើម្បីជៀសវាងហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ អ្នកគួរតែរង់ចាំរយៈពេល៣០នាទីបន្ទាប់ពីទទួលទានអាហាររួច ទើបផឹកទឹក។ ប្រសិនបើទ្រាំមិនបាន អ្នកអាចផឹកបន្តិចបន្តួចបានហើយ ដើម្បីជួយសម្រួលដល់ការរំលាយអាហារ៕

មតិយោបល់