ព័ត៌មានសុខភាព

មូលហេតុបង្កឲ្យកើតជំងឺមហារីកថ្លើម ដែលគ្រប់គ្នាគួរតែដឹង

យើងដឹងហើយថា ថ្លើម គឺជាសរីរាង្គដ៏សំខាន់ដែលមានតួនាទីសម្អាតជាតិពុលចេញពីរាងកាយ និងជាឃ្លាំងស្តុកថាមពលប្រើប្រាស់ដ៏សំខាន់។ ក៏ប៉ុន្តែប្រសិនបើថ្លើមមានបញ្ហា រាងកាយទាំងមូលក៏ប្រឈមនឹងគ្រោះថ្នាក់ដូចគ្នាដែរ។ ទោះជាយ៉ាងណា តើអ្នកដឹងទេថា តើមូលហេតុអ្វីដែលបង្កឲ្យកើតជំងឺមហារីកថ្លើម? បើយោងតាមគេហទំព័រ soha បានបង្ហាញថា មានកត្តាធំៗ ៥ចំណុចដែលបណ្តោលឲ្យអ្នកកើតជំងឺមហារីកថ្លើមដោយមិនដឹងខ្លួន។

ជំងឺរលាកថ្លើមប្រភេទ Bឬ C រ៉ាំរ៉ៃ
ជំងឺរលាកថ្លើមប្រភេទ B(HBV) ឬជំងឺរលាកថ្លើមប្រភេទ C(HCV) ជាដើមហេតុដ៏សំខាន់មួយដែលបង្កើនហានិភ័យនៃជំងឺមហារីកថ្លើម។ ការឆ្លងមេរោគទាំងនេះ អាចនាំឲ្យកើតជំងឺក្រិនថ្លើម ហើយយូរៗទៅវានឹងវិវត្តទៅជាជំងឺមហារីកថ្លើម។ ជាពិសេស អ្នកត្រូវប្រឈមនឹងហានិភ័យកាន់តែខ្ពស់ ប្រសិនបើទទួលទានទឹកតិចជាង ៦កែវក្នុងមួយថ្ងៃ។

ការជក់បារី និងផឹកស្រា
ប្រសិនបើអ្នកញៀនរបស់ទាំងពីរយ៉ាងនេះ ច្បាស់ជាអត់មួយថ្ងៃមិនបានឡើយ ក៏ប៉ុន្តែអ្នកត្រូវដឹងថា វាជាដើមហេតុដែលបង្កឲ្យកើតជំងឺមហារីកថ្លើម ប្រសិនបើអ្នកប្រើប្រាស់យូរអង្វែង។

ជំងឺខ្លាញ់ក្នុងថ្លើម
ជំងឺខ្លាញ់ក្នុងថ្លើម អាចវិវត្តទៅជាជំងឺក្រិនថ្លើម និងមហារីកថ្លើម ប្រសិនបើអ្នកមិនប្រញាប់រកវិធីដោះស្រាយទេនោះ។

ភាពធាត់
ភាពធាត់លើសទម្ងន់ មិនត្រឹមតែធ្វើឲ្យអ្នកប្រឈមនឹងហានិភ័យសុខភាពនោះទេ វាក៏អាចធ្វើឲ្យអ្នកកើតជំងឺខ្លាញ់ថ្លើម និងក្រិនថ្លើមដែរ។ ទីបំផុតជំងឺខ្លាញ់ក្នុងថ្លើម និងក្រិនថ្លើម នេះ នឹងវិវត្តទៅជាជំងឺមហារីកថ្លើម។

ជំងឺទឹកនោមផ្អែមប្រភេទទី២
ជំងឺទឹកនោមផ្អែមប្រភេទទី២ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកថ្លើម ជាធម្មតាចំពោះអ្នកដែលមានទម្លាប់ប្រើគ្រឿងស្រវឹង ឬមានជំងឺថ្លើមរ៉ាំរ៉ៃ គឺប្រឈមគ្រោះថ្នាក់ខ្ពស់៕

ដកស្រង់ពី៖ soha

មតិយោបល់