ព័ត៌មានសុខភាព

៤ជំហ៊ានដែលស្ត្រីមានផ្ទៃពោះគួរធ្វើឲ្យបាន ដើម្បីគេងលក់ស្រួល

ក្នុងអំឡុងពេលមានផ្ទៃពោះស្ត្រីនឹងមានការប្រែប្រួលគ្រប់បែបយ៉ាង មិនថាតែរូបរាង ឬសកម្មភាពរស់នៅប្រចាំថ្ងៃឡើយ ហើយសូម្បីតែទម្លាប់ក្នុងការគេងក៏មានការផ្លាស់ប្តូរដែរ។ ប្រសិនបើស្ត្រីមានផ្ទៃពោះទាំងឡាយមិនដឹងពីរបៀបគេងឲ្យបានត្រឹមត្រូវនោះទេ ច្បាស់ជាគេងមិនបានលក់ស្រួល ហើយប៉ះពាល់ដល់សុខភាពថែមទៀត។ ខាងក្រោមនេះ គឺជាតិចនិច៤ជំហ៊ាន ដែលស្ត្រីមានផ្ទៃពោះទាំងឡាយគួរតែអនុវត្តតាមៈ

ជំហ៊ានទី១.អ្នកត្រូវគេងបែរចំហៀង
នៅពេលដែលអ្នកគេងផ្ងារ ទម្ងន់របស់ទារកនឹងដាក់សម្ពាធលំហូរឈាមដែលត្រូវបញ្ចូលទៅកាន់បេះដូង។ តែដើម្បីសម្រាលសម្ពាធនេះ អ្នកត្រូវគេងបែរចំហៀងទៅឆ្វេងឬទៅស្តាំ ហើយដោយដាក់ខ្នើយទន់ៗមួយនៅចន្លោះជើង ដើម្បីឲ្យឆ្អឹងជើង និងឆ្អឹងខ្នងរត់ត្រង់ស្មើគ្នា។

ជំហ៊ានទី២.កាត់បន្ថយការទទួលទានភេសជ្ជៈមុនពេលចូលគេង៣ម៉ោង
ក្នុងត្រីមាសដំបូង ស្បូនរបស់អ្នកកំពុងតែពង្រីកខ្លួនដើម្បីរបៀបចំបន្ទប់សម្រាប់ទារក ហើយប្លោកនោមនឹងមានសម្ពាធដែលធ្វើឲ្យអ្នកនោមញឹក។ ហេតុនេះប្រសិនបើអ្នកទទួលទានភេសជ្ជៈនៅពេលយប់ច្រើនទៀតនោះ ច្បាស់ជាគេងមិនបានស្កប់ស្កល់ ដោយសារតែការក្រោកនោមញឹកមិនខាន។

ជំហ៊ានទី៣.ទម្លាប់ងូតទឹកក្តៅឧណ្ឌៗមុនពេលចូលគេង
ក្នុងពេលមានផ្ទៃពោះ រាងកាយរបស់អ្នកត្រូវការពេលវេលាយ៉ាងហោចណាស់ ៣០នាទីដើម្បីសម្រាក និងត្រៀមខ្លួនគេង។ ដូច្នេះ ដើម្បីគេងលក់ស្រួល អ្នកគួរតែទម្លាប់ងូតទឹកក្តៅឧណ្ឌៗរៀងរាល់ពេលល្ងាច។

ជំហ៊ានទី៤.ជៀសវាងញ៉ាំអាហារច្រើនពេក
អ្នកត្រូវញ៉ាំអាហារមុនពេលចូលគេងឲ្យបាន២ម៉ោង ហើយកុំញ៉ាំច្រើនពេក ព្រោះវាអាចបណ្តោលឲ្យចាល់ជាតិអាស៊ីតនៅក្នុងក្រពះ ឬក្រហាយទ្រូង។

គន្លឹះទាំងប៉ុន្មាននៅខាងលើនេះ គឺជាការណែនាំរបស់អ្នកជំនាញ ដូច្នេះសូមស្ត្រីមានផ្ទៃពោះទាំងឡាយព្យាយាមអនុវត្តឲ្យបាន ដើម្បីទទួលបានសុខភាពល្អទាំងម្តាយ និងកូនក្នុងផ្ទៃ៕

មតិយោបល់