ព័ត៌មានអន្តរជាតិ

មនុស្សស្លាប់កើនឡើងដល់ ២៩ នាក់ បន្ទាប់ពីការវាយប្រហារវិហារអ៊ីស្លាមមួយ នៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថានៈ តាមអាជ្ញាធរក្នុងប្រទេស នៅថ្ងៃពុធនេះ បាននិយាយថា ចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារនៅវិហារអ៊ីស្លាមមួយ កាលពីថ្ងៃអង្គារ ក្នុងខេត្តហឺរ៉ាត ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងដល់ ២៩ នាក់ហើយ ខណៈដែលមនុស្សជាច្រើននាក់ទៀត បានរងរបួសធ្ងន់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧។

អ្នកនាំពាក្យប៉ូលិសខេត្ត លោក Jailani Farhad បានប្រាប់ភ្នាក់ងារស៊ីនហួថា ម្នាក់ក្នុងចំណោមអ្នកវាយប្រហារប្រដាប់ដោយអាវុធពីរនាក់ បានបាញ់សម្លាប់ជនស៊ីវិលមួយចំនួន នៅជិតវិហារអ៊ីស្លាម Jawadia ដើម្បីបើកផ្លូវឲ្យអ្នកវាយប្រហារដទៃទៀត ដែលមានពាក់អាវគ្រឿងផ្ទុះ ចូលមកបំផ្ទុះនៅក្នុងវិហារនោះ។

ហេតុការណ៍នេះ បានកើតទ្បើងនៅពេលក្រុមមនុស្សមួយហ្វូង បានប្រមូលផ្ដុំគ្នា សម្រាប់កម្មវិធីសាសនា នៅវិហារអ៊ីស្លាម ហើយការវាយប្រហារនេះ បានបណ្ដាលឲ្យអ្នកគោរពបូជានៅទីនោះ យ៉ាងហោចណាស់ ២៩ នាក់ស្លាប់ និង ៦៤ នាក់ទៀតបានរងរបួស៕

មតិយោបល់