ព័ត៌មានសុខភាព

អាហារ៥ប្រភេទ ញ៉ាំកាន់តែច្រើនអ្នកនឹងកាន់តែឆាប់ចាស់

ការព្យាយាមថែរក្សាសម្រស់ឲ្យនៅក្មេងជាងវ័យ គឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប។ ប៉ុន្តែគួរឲ្យស្តាយ ក្តីប្រាថ្នាមួយនេះមិនចេះតែសម្រេចបានគ្រប់គ្នានោះទេ ដោយសារតែកត្តាមួយមួយចំនួនដូចជា ហ្សែន ទម្លាប់ជក់បារី ការត្រូវនឹងពន្លឺព្រះអាទិត្យខ្លាំងពេក បញ្ហាបរិស្ថាន ជាពិសេសរបបអាហារប្រចាំថ្ងៃ។ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ការទទួលទានអាហារមិនបានត្រឹមត្រូវ ស្បែកនឹងបង្កើនភាពជ្រីវជ្រួញ បាត់បង់ភាពបត់បែន ដែលធ្វើឲ្យអ្នកមើលទៅឆាប់ចាស់ជាងវ័យដល់ទៅ៥ឆ្នាំ។ ដូច្នេះ ដើម្បីទប់ស្តាត់បញ្ហាឆាប់ចាស់មុនអាយុ អ្នកគួរតែកាត់បន្ថយ ឬជៀសវាងអាហារមួយចំនួនដូចខាងក្រោម:

១.ភេសជ្ជ:ប៉ូវកម្លាំង
ភេសជ្ជ:ប៉ូវកម្លាំងអាចធ្វើឲ្យស្បែកឆាប់ចាស់ លឿនជាងអ្វីដែលអ្នកធ្លាប់គិតធ្វេដង។ ព្រោះវាមានផ្ទុកជាតិស្ករខ្ពស់ និងអាស៊ីតខ្លាំង ដែលបណ្តោលឲ្យខូចធ្មេញ និងមានស្នាមប្រលាក់ពណ៌លឿង។ មិនតែប៉ុណ្ណោះ ជាតិសូដ្យូមរបស់វាអាចនាំឲ្យរាងកាយខ្សោះជាតិទឹក ដែលជាកត្តាសំខាន់មួយនៃស្បែកឆាប់ចាស់។

២.ជាតិស្ករ
ការទទួលទានជាតិស្ករច្រើនពេក មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់រាងកាយប៉ុណ្ណោះទេ ថែមទាំងបង្កឲ្យមានការរលាកស្បែកថែមទៀត។ ជាពិសេសជាតិស្ករ អាចបំផ្លិចបំផ្លាញ់ស្រទាប់ collagen ដែលជាហេតុនាំឲ្យស្បែកមានសភាពទន់រយីរយាក។ នេះគឺជាកំពូលអាហារមួយប្រភេទ ដែលធ្វើឲ្យស្បែករបស់អ្នកចាស់ចាស់បំផុត។

៣.ជាតិអាល់កុល
ការទទួលទានគ្រឿងស្រវឹងមួយកែវ ឬពីរកែវ មិនបង្កគ្រោះថ្នាក់ដល់ស្បែកនោះទេ ក៏ប៉ុន្តែការទទួលទានច្រើនពេក អាចបង្កឲ្យកើតមានរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ។ រ៉ាឌីកាល់សេរីនេះហើយ ដែលជាអ្នកបំផ្លាញស្បែកឲ្យឆាប់ចាស់ ដូច្នេះអ្នកត្រូវកំណត់ការទទួលទានគ្រឿងស្រវឹង ហើយជំនួសដោយទឹកល្អជាង។

៤.អាហារដែលមានជាតិប្រៃខ្ពស់
អាហារដែលមានជាតិប្រៃខ្ពស់ អាចបណ្តោលឲ្យជាតិទឹកត្រូវឃាត់ទុកក្នុងរាងកាយ និងហើមពោះ។ ការឃាត់ទុកជាតិទឹក អាចធ្វើឲ្យស្បែកមើលទៅហើម និងអស់គ្មានកម្លាំង។ ទីបំផុតស្បែកនឹងខ្សោះជាតិទឹក ហើយដំណើរការវិវត្តទៅរកភាពចាស់ក៏កាន់តែលឿនដែរ។

៥.ប្រភេទអាហារកែច្នៃ
អាហារកែច្នៃ គ្មានវីតាមីន ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មឡើយ ហើយប្រសិនបើអ្នកទទួលទានកាន់តែច្រើនមិនត្រឹមតែអាចប៉ះពាល់ដល់សុខភាពនោះ ថែមទាំងជួយជំរុញឲ្យស្បែកកាន់តែចាស់។ អាស្រ័យហេតុនេះ ដើម្បីថែរក្សាស្បែកកុំឲ្យឆាប់ចាស់ អ្នកគួរតែជៀសវាងអាហារកែច្នៃ ក៏ដូចជាអាហារទាំងប៉ុន្មាននៅខាងលើដែរ៕

មតិយោបល់