ព័ត៌មានសុខភាព

ងាយយ៉ាងនេះ! គ្រាន់តែអង្គុយលើកៅអីសោះ ក៏អាចសម្រកខ្លាញ់ក្បាលពោះបានដែរ

ការអង្គុយយូរពេក ដោយគ្មានសកម្មភាពងើបដើរសោះ អាចប៉ះពាល់ដល់សុខភាព និងរាងកាយរបស់អ្នក។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ទម្លាប់អាក្រក់មួយនេះរយៈពេលយូរអាចបណ្តោលឲ្យកើតជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង និងជំងឺធាត់។

តែទោះជាយ៉ាងណា ការអង្គុយនៅលើកៅអី ក៏អាចមានអត្ថប្រយោជន៍ដែរ ប្រសិនបើអ្នកចេះកែប្រែស្ថានភាព។ បើយោងតាមគេហទំព័រ Brightside បានបង្ហាញថា កៅអី គឺជាឧបករណ៍លំហាត់ប្រាណមួយ ដែលជួយសម្រកក្បាលពោះយ៉ាងមានប្រសិទ្ធភាព។ ខាងក្រោមនេះ គឺជារបៀបធ្វើលំហាត់ប្រាណនៅលើកៅអី ដើម្បីសម្រកក្បាលពោះ៖

របៀបអនុវត្ត៖
១.អង្គុយលើកៅអី បញ្ឈរខ្នងឲ្យត្រង់ទៅប៉ះនឹងផ្ទៃខាងក្រោយនៃកៅអី។
២.ដាក់ជើងទាំងពីរនៅលើឥដ្ឋ ឲ្យឃ្លាតឆ្ងាយពីគ្នាបន្តិច។
៣.លើកជង្គងខាងស្តាំឡើងលើ ហើយយកដៃទាញផ្អិបទៅនឹងដើមទ្រូង។
៤.រក្សាសកម្មភាពបែបនេះមួយស្របក់ ទើបទម្លាក់ចុះមកវិញ (ធ្វើបែបនេះដើម្បីពង្រឹងសាច់ដុំក្បាលពោះ)។
៥.អនុវត្តបែបនេះដដែលៗឲ្យបាន ៣០ដង សឹមប្តូរជើងម្ខាងទៀត។

ទន្ទឹមនឹងការធ្វើលំហាត់ប្រាណបែបនេះជាប្រចាំ អ្នកកុំភ្លេចជៀសវាងរបបអាហារដែលសម្បូរជាតិខ្លាញ់ផងដែរ ដើម្បីជួយឲ្យក្បាលពោះឆាប់រលាយជាតិខ្លាញ់ដូចបំណង៕

មតិយោបល់