ភាពចាស់ជរាគ្មានអ្នកណាម្នាក់អាចគេចផុតឡើយ នៅពេលដែលយើងមានវ័យកាន់តែច្រើនទៅៗ។ ក៏ប៉ុន្តែភាពចាស់មុនពេលកំណត់ គឺជារឿងមួយដែលគ្រប់គ្នាគួរតែគិតឡើងវិញ ព្រោះវាអាចគ្រប់គ្រងបាន ឬមិនបានគឺអាស្រ័យទៅលើខ្លួនរបស់អ្នកផ្ទាល់។
បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ទម្លាប់នៃការគេង និងការទទួលទាន គឺជាកត្តាដ៏សំខាន់បំផុត ដែលអាចជះឥទ្ធិពលអាក្រក់ដល់ស្បែក តែប្រុសៗភាគច្រើនមិនដឹងខ្លួនឡើយ។ ដូច្នេះ ដើម្បីការពារភាពចាស់មុនអាយុ អ្នកគួរតែជៀសវាងទម្លាប់ទាំង៥ចំណុច ខាងក្រោមនេះឲ្យបាន៖
គេងមិនបានគ្រប់គ្រាន់
កង្វះនៃការគេង មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះទេ សូម្បីតែស្បែកក៏រងនូវផលអវិជ្ជមានដូចគ្នាដែរ។ នៅពេលយប់កោសិកាស្បែក ត្រូវការជួសជុលភាពខូចខាតមួយចំនួនដែលរងនូវការប៉ះទង្គិចពីពេលថ្ងៃ។ ផ្ទុយទៅវិញប្រសិនបើស្បែកគ្មានពេលសម្រាកគ្រាប់គ្រាន់ទេនោះ ភាពចាស់នឹងឆាប់កើតមានឡើងចំពោះលោកអ្នកជាពុំខាន។
មិនបានបរិភោគបន្លែផ្លែឈើឲ្យបានគ្រប់គ្រាន់
ការសិក្សាមួយបានលើកឡើងផងដែរថា ការទទួលទានរបបអាហារដែលមានតុល្យភាពដូចជា បន្លែ និងផ្លែឈើឲ្យបានច្រើន អាចប្រយុទ្ធប្រឆាំងនឹងស្បែកឆាប់ចាស់បាន។ ប៉ុន្តែ ប្រសិនបើរាងកាយមិនអាចទាញយកសារធាតុចិញ្ចឹមសំខាន់ៗដែលមាននៅក្នុងបន្លែ និងផ្លែឈើបានទេ ស្បែករបស់អ្នកនឹងឆាប់ចាស់ជាងវ័យ។
ទទួលទានជាតិស្ករច្រើនពេក
អាហារដែលមានផ្ទុកជាតិស្ករច្រើន មិនត្រឹមតែធ្វើឲ្យអ្នកឡើងទម្ងន់នោះទេ សូម្បីតែផ្ទៃមុខរបស់អ្នកក៏មើលទៅឆាប់ចាស់ជាងវ័យដែរ។ លើសពីនេះទៅទៀត ជាតិស្ករ អាចបំផ្លាញធ្មេញ និងធ្វើឲ្យធ្មេញមានបញ្ហាកាន់តែអាក្រក់ទៅៗ។
ជក់បារី
ការជក់បារី អាចធ្វើឲ្យកើតមានបញ្ហាសម្រស់មួយចំនួនដូចជា ថង់ដកក្រោមភ្នែក ស្នាមជ្រួញលើផ្ទៃមុខ និងបបូរមាត់ប្រែទៅជាខ្មៅ។ នេះក៏ដោយសារតែការថយចុះនៃការផ្តល់អុកស៊ីសែន និងសារធាតុចិញ្ចឹមទៅកាន់ស្បែក តាមរយៈការរាំងស្ទះសរសៃឈាម និងកាត់បន្ថយចលនាឈាមរត់។
ទទួលទានគ្រឿងស្រវឹង
មូលហេតុមួយទៀត ដែលធ្វើឲ្យអ្នកមានស្បែកកាន់តែឆាប់ចាស់ គឺការទទួលទានគ្រឿងស្រវឹងនៅពេលយប់។ ព្រោះជាតិអាល់កុល អាចកាត់បន្ថយកម្រិតអង់ទីអុកស៊ីដង់ នៅក្នុងខ្លួន ដែលអាចបណ្តោលឲ្យរលោក និងខូចខាតរ៉ាឌីកាល់សេរីចំពោះកោសិកាស្បែក។
ហេតុនេះហើយ ប្រសិនបើអ្នកចង់ថែរក្សាសម្រស់ឲ្យនៅស្រស់ស្អាត និងក្មេងជាងវ័យបានយូរ គួរតែផ្លាស់ប្តូរទម្លាប់ដូចខាងលើនេះចោលទៅ៕
ប្រភព៖ boldsky
មតិយោបល់