ព័ត៌មានសុខភាព

ភាពអស្ចារ្យ៤ចំណុច នៃការប្រើប្រាស់ថ្នាំគ្រាប់អាស្ពីរីន សម្រាប់ថែរក្សាសម្រស់

យើងគ្រប់គ្នាដឹងហើយថា ថ្នាំគ្រាប់អាស្ពីរីន ត្រូវបានគេប្រើសម្រាប់បំបាត់ការឈឺចាប់ និងគ្រុនក្តៅ ប៉ុន្តែវាក៏មានសមត្ថភាពក្នុងការថែរក្សាសម្រស់ផងដែរ។ បើយោងតាមគេហទំព័រ Brightside បានបង្ហាញថា ថ្នាំគ្រាប់អាស្ពីរីន ជាធាតុផ្សំដ៏អស្ចារ្យ ក្នុងការដោះស្រាយបញ្ហាសម្រស់មួយចំនួនយ៉ាងមានប្រសិទ្ធភាព។

កាត់បន្ថយស្នាមអុជខ្មៅ
ថ្នាំគ្រាប់អាស្ពីរីន មានសារធាតុរំលាយជាតិខ្លាញ់ ដែលត្រូវបានគេប្រើនៅក្នុងផលិតផលឡេលាបស្បែក និងថ្នាំលាងសម្អាតស្បែកផ្សេងៗ។ ដើម្បីកាត់បន្ថយស្នាមអុជខ្មៅ អ្នកត្រូវលាយ ថ្នាំគ្រាប់ អាស្ពីរីន ៧គ្រាប់ ទឹកដោះគោយ៉ាអួ ៣ស្លាបព្រា និងទឹកឃ្មុំ ១ស្លាបព្រា។ បន្ទាប់មកលាបនៅលើផ្ទៃមុខរបស់អ្នក ហើយទុកចោលរយៈពេល ១៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។ អនុវត្តវិធីនេះជាប្រចាំ អាចកាត់បន្ថយស្នាមអុជខ្មៅ និងការពាររន្ធញើសមិនឲ្យកកស្ទះ។

ជួសជុលសក់ខូច
សម្រាប់អ្នកដែលចង់បានសក់មានសុខភាពល្អ និងភ្លឺរលោង គួរតែយកថ្នាំគ្រាប់អាស្ពីរីន៧គ្រាប់ ដាក់ចូលទៅក្នុងទឹកក្តៅមួយកែវ រួចកូរឲ្យរលាយ។ បន្ទាប់មកអនុវត្តឲ្យសព្វទាំងសក់ និងស្បែកក្បាល ហើយទុករយៈពេល១៥នាទី ទើបលាងជម្រះចេញ។

កម្ចាត់អង្គែលើស្បែកក្បាល
ថ្នាំអាស្ពីរីន មិនត្រឹមតែកម្ចាត់បញ្ហារមាស់ប៉ុណ្ណោះទេ ថែមទាំងសម្អាតអង្គែចេញពីស្បែកក្បាលថែមទៀត។ ដើម្បីកម្ចាត់បញ្ហាទាំងនេះ អ្នកគួរតែកំទេចថ្នាំអាស្ពីរីន ២គ្រាប់ លាយជាមួយនឹងសាប៊ូកក់សក់ធម្មជាតា ហើយកក់ជាប្រចាំ។

កាត់បន្ថយការកើតមុន
ថ្នាំអាស្ពីរីន អាចជួយកាត់បន្ថយការកើតមុន ដោយសារតែវាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក។ កំទេចថ្នាំអាស្ពីរីន ២ទៅ៣គ្រាប់ ហើយលាយជាមួយនឹងក្រូចឆ្មាមួយស្លាបព្រាកាហ្វេ។ លាបនៅត្រង់តំបន់ដែលកើតមុនឲ្យសព្វ រួចទុករយៈពេលពីរបីនាទី ទើបលាងសម្អាតចេញ។ អ្នកត្រូវអនុវត្តជារៀងរាល់ពេលល្ងាច ហើយជៀសវាងប្រើមុនពេលចេញត្រូវកម្តៅថ្ងៃ៕

មតិយោបល់