កំពតៈ លោក ស៊ន សុវណ្ណាដារ៉ា អធិការរងស្រុកដងទង់ ទទួលផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតរវាងរថយន្តប៉ះជាមួយនិងម៉ូតូសណ្តោងរ៉ឺម៉ករួចទៅបុករថយន្តធុនធំមួយទៀតបត់ឆ្វេងឆ្លងផ្លូវទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់និងរបួសធ្ងន់។
ហេតុកាណ៍កើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិ ត្រង់ចំណុច ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងដឹកប្រេង បើកដោយឈ្មោះ ភាន់ សារ៉ាត ភេទប្រុស អាយុ១៨ឆ្នាំ (របួសធ្ងន់)និងអ្នករួមដំណើរម្នាក់ឈ្មោះ សៀក ប៊ុន្នី ភេទប្រុស អាយុ១៥ឆ្នាំស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ។ បើកឡើងផ្លូវជាតិពិត្បូងទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ តាកែវ2A-1175ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ ឃិ ភេទប្រុស អាយុ២៨ឆ្នាំ(របួសធ្ងន់) និងអ្នករួមដំណើរមានឈ្មោះ ឈាន់ ភេទប្រុស អាយុ៥៨ឆ្នាំ (រងរបួសធ្ងន់) ក្រោយប៉ះជាមួយរ៉ឺម៉ករួចហើយ ក៏រេចង្កូតទៅបុករថយន្តមួយទៀតបើកមកពីកើតបត់ឆ្វេងឆ្លងផ្លូវពីជើងទៅត្បូង រថយន្តម៉ាកហ៊ីយ៉ាន់ដាយសណ្តោងរ៉ឺម៉ក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3A-1410តែម្តង។
ក្រោយពេលកើតហេតុអ្នកបើកបររត់បាត់មិនស្គាល់អត្តសញ្ញាណឡើយ។ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកំពតនិងមន្ទីរពេទ្យភ្នំពេញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយកវត្ថុតាងមករក្សាទុកប៉ុស្តិ៍ល្អាង រង់ចាំការដោះស្រាយពេលក្រោយ។ ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់