ព័ត៌មានសុខភាព

អង្គុយធ្វើការលើស៨ម៉ោងក្នុងមួយថ្ងៃ ទទួលផលអាក្រក់៧យ៉ាង

ជាមធ្យមទម្លាប់ធ្វើការរបស់បុគ្គលិកនៅក្នុងការិយាល័យមានរយៈពេលចាប់ពី ៨ទៅ៩ម៉ោងក្នុងមួយថ្ងៃ ដោយមិនសូវបានផ្លាស់ប្តូរចលនាឡើយ ក្រៅពីការចូលបន្ទប់ទឹក។ ប៉ុន្តែតើអ្នកដឹងទេថា ទម្លាប់អង្គុយយូរពេកធ្វើឲ្យមានផលអាក្រក់ដល់សុខភាព? បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា អ្នកដែលមានទម្លាប់អង្គុយលើសពី ៨ម៉ោងក្នុងមួយថ្ងៃ មានផលប៉ះពាល់អាក្រក់ ៧ចំណុច៖

ខ្នង និងស្មា
មនុស្សជាច្រើនមានអារម្មណ៍ឈឺចុករោយតាមឆ្អឹងខ្នង និងស្មា បន្ទាប់ពីការរអង្គុយយូរពេក។ តាមការស្រាវជ្រាវបានរកឃើញថា ការអង្គុយយូរឆ្អឹងខ្នង និងស្មាត្រូវទទួលរងនូវសម្ពាធ ដែលនាំឲ្យរហែកសន្លាក់ ហើយប៉ះពាល់ដល់សរសៃឆ្អឹងខ្នងថែមទៀត។ លើសពីនេះ ការអង្គុយនៅមុខកុំព្យូទ័រយូរ អាចដាក់សម្ពាធខ្លាំងទៅលើតំបន់ក ស្មា និងធ្វើឲ្យអ្នកមានអារម្មណ៍តានតឹងច្រើន។

ជើង និងត្រគាក
វេជ្ជបណ្ឌិត Clare Morrison បាននិយាយថា ការអង្គុយយូរពេក អាចបណ្តោលឲ្យឈឺសាច់ដុំជើង និងត្រគាក។ ប្រសិនបើសកម្មភាពបែបនេះនៅតែបន្តយូរ អ្នកនឹងជួបបញ្ហាត្រគាកក្នុងពេលដ៏ខ្លីខាងមុខ។ រឿងមួយទៀតដែលអ្នកត្រូវចាំ គឺការអង្គុយយូរបណ្តោលឲ្យចរន្តឈាមខ្សោយ ដែលបណ្តោលឲ្យកជើងឡើងហើម។

បេះដូង និងប្រព័ន្ធសរសៃឈាមបេះដូង
មនុស្សយើងរស់បានដោយសារតែបេះដូង និងប្រព័ន្ធសរសៃឈាមបេះដូងដំណើរការបានល្អ។ ក៏ប៉ុន្តែលោកវេជ្ជបណ្ឌិត Chris Allen បាននិយាយថា ទម្លាប់អង្គុយពេកអាចបង្កើនហានិភ័យនៃជំងឺបេះដូង។

បើយោងតាមការសិក្សាពីឆ្នាំ ២០១០បានបង្ហាញថា ជំងឺសរសៃឈាមបេះដូង មានការកើនឡើង ១២៥ភាគរយ ដោយសារតែការអង្គុយយូរពេក ដែលបង្កើនហានិភ័យនៃការស្លាប់ដល់ទៅ ៤៦ភាគរយ។ លើសពីនេះទៅទៀត ការស្រាវជ្រាវពីសាកលវិទ្យាល័យ Chester នៅឆ្នាំ២០១៣ បានរកឃើញថា ការអង្គុយយូរមានការកើនឡើងកាឡូរី ២១%ក្នុងមួយនាទី។

សួត
នៅពេលអ្នកអង្គុយយូរពេញមួយថ្ងៃ បរិមាណអុកស៊ីសែនចូលទៅក្នុងខ្លួនរបស់អ្នកត្រូវបានកាត់បន្ថយ។ នេះដោយសារតែការអង្គុយធ្វើឲ្យសួតមិនអាចដកដង្ហើមបានស្រួល និងការទទួលយកអុកស៊ីសែនមានកំណត់។
ខួរក្បាល
ការអង្គុយយូរ អាចរារាំងដល់បរិមាណឈាម និងអុកស៊ីសែនដែលធ្វើដំណើរទៅកាន់ខួរក្បាល ហើយកម្រិតអ័រម៉ូន endocrine ក៏កាត់បន្ថយ ដែលធ្វើឲ្យមុខងារនៃខួរក្បាលថយចុះ។ ដូច្នេះការអង្គុយយូរ ធ្វើការបរិមាណនៃអុកស៊ីសែនមានដែនកំណត់ ដែលបណ្តោលឲ្យប៉ះពាល់ដល់ខួរក្បាល។

លំពែង
ជំងឺទឹកនោមផ្អែម ក៏ជាកត្តាទូទៅ ដែលជាប់ទាក់ទងទៅនឹងការអង្គុយយូរដែរ។ ការសិក្សាមួយ នៅក្នុងឆ្នាំ ២០១១ បានបង្ហាញថា ការថយចុះនៃអាំងស៊ុយលីន បណ្តោលមកពីការអង្គុយយូរពេក។ នេះមានន័យថា លំពែងត្រូវបានផលិតអាំងស៊ុយលីនបន្ថែម ដើម្បីបំពេញជាតិគ្លុយកូសនៅក្នុងខ្លួន ដែលនាំឲ្យកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែម។

ប្រព័ន្ធរំលាយអាហារ
នៅពេលអ្នកអង្គុយចុះ សាច់ដុំពោះនឹងត្រូវរងនូវសម្ពាធ ដែលនាំឲ្យកាត់បន្ថយដល់ដំណើការរំលាយអាហារ។ កត្តាមួយនេះហើយ ដែលធ្វើឲ្យអ្នកជួបបញ្ហាហើមពោះ ក្រហាយទ្រូង និងទល់លាមក។ លើសពីនេះទៅទៀត នៅពេលដែលអ្នកអង្គុយយូរ មុខងារនៃពោះវៀន នឹងចុះខ្សោយ។ ភាពមិនសូវសកម្មនេះហើយ ដែលជាមូលហេតុដែលធ្វើឲ្យអ្នកមានជំងឺក្រពះពោះវៀន។

ដូច្នេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារតែការអង្គុយយូរពេក អ្នកត្រូវមានទម្លាប់ធ្វើខ្លួនឲ្យសកម្ម ដោយឧស្សាហ៍ក្រោកដើររៀងរាល់ ១៥ ទៅ ២០នាទីម្តង៕

មតិយោបល់