ឪពុកម្តាយជាច្រើនតែងតែឆ្ងល់ថា ហេតុអ្វីបានជាកូនតូចរបស់ខ្លួនដកដង្ហើមញាប់ខុសពីក្មេងដែលមានអាយុច្រើន ឬមនុស្សពេញវ័យ? ជាការពិតណាស់ ទារកទើបនឹងកើតមានដង្ហើមញាប់ជារឿងធម្មតា ព្រោះសួតរបស់ទារកទើបនឹងកើតមានទំហំតូច ហើយមិនមានកន្លែងទំនេរគ្រប់គ្រាន់ដើម្បីផ្តល់ចន្លោះឲ្យខ្យល់ស្រូបចេញចូលឡើយ។ នេះហើយជាហេតុផលដែលធ្វើឲ្យអត្រាផ្លូវដង្ហើមរបស់ពួកគេ មានលក្ខណៈញាប់ជាងមនុស្សធំ។ តែនៅពេលទារកធំឡើង សួតនឹងមានការលូតលូតទៅតាមនោះដែរ ហើយសមត្ថភាពក្នុងការស្រូបយកខ្យល់ចេញចូលនឹងមានភាពប្រសើរឡើងបន្តិចម្តងៗ រហូតធម្មតាដូចមនុស្សធំ។
អត្រានៃការដកដង្ហើមធម្មតា
ទារកទើបនឹងកើតមានអាយុ ៦ខែចុះ មានអត្រាដង្ហើមប្រហែលជា ៣០ទៅ៦០ដងក្នុងមួយនាទី។
ទារកមានអាយុ ៦ខែឡើង មានអត្រាដង្ហើមប្រហែលជា២៤ ទៅ៤០ដង ក្នុងមួយនាទី។
កុមារដែលមានអាយុ ១ដល់ ៥ឆ្នាំ មានអត្រាដង្ហើមប្រហែលជា ២០ ទៅ ៣០ដងក្នុងមួយនាទី។
កុមារដែលមានអាយុ ៦ឆ្នាំឡើងទៅ មានអត្រាដង្ហើមប្រហែលជា ១២ ទៅ ២០ដងក្នុងមួយនាទី។
មនុស្សវ័យជំទង់ មានអត្រាដង្ហើមប្រហែលជា ១២ ទៅ ១៦ដងក្នុងមួយនាទី។
ធ្វើដូម្តេច ទើបដឹងថាអត្រាដង្ហើមរបស់ទារកត្រឹមត្រូវឬអត់?
ដើម្បីពិនិត្យមើលអត្រាផ្លូវដង្ហើមរបស់ទារក អ្នកអាចរាប់ដង្ហើមរបស់ទារករយៈពេលមួយនាទី ប្រសិនបើការដកដង្ហើមមិនត្រឹមត្រូវដូចលំនាំដែលបានបង្ហាញខាងលើទេ គួរប្រញាប់យកកូនទៅជួបគ្រូពេទ្យភ្លាម។
តើគួរពិនិត្យអត្រានៃការដកដង្ហើមនៅពេលណា?
ប្រសិនបើទារករបស់អ្នកកើតនៅផ្ទះ គួរតែធ្វើការពិនិត្យបន្ទាប់ពីទារកសម្រាលបានរយៈពេល ៥ទៅ ៦ម៉ោង។ ប្រសិនបើកូនរបស់អ្នកកើតក្នុងមន្ទីរពេទ្យ កុំព្រួយអ្វីព្រោះគ្រូពេទ្យនឹងពិនិត្យអត្រាដង្ហើមកូនរបស់អ្នកជាពុំខាន។ ក្នុងករណីដែលអ្នកនៅតែមិនអស់ចិត្ត អ្នកអាចពិនិត្យមើលអត្រានៃដង្ហើមកូនរបស់អ្នកម្តងទៀត ឬសុំការណែនាំពីគ្រូពេទ្យបានច្បាស់លាស់៕
ប្រភព៖ boldsky
មតិយោបល់