ព័ត៌មានសុខភាព

កុំស្តាយ! ប្រេងឆា ឬខ្លាញ់ដែលប្រើរួចម្តងហើយ គួរតែបោះចោលទៅ

ដោយសារតែស្តាយ និងមិនចង់ខ្ជះខ្ចាយក្នុងការចំណាយច្រើន គ្រប់គ្នាតែងតែមានទម្លាប់រក្សាប្រេងឆា ឬខ្លាញ់ដែលប្រើរួចម្តងហើយទុកប្រើម្តងទៀត ក៏ប៉ុន្តែទម្លាប់បែបនេះអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ។

អ្នកវិទ្យាសាស្ត្របានពន្យល់ថា ប្រេងឆា ឬខ្លាញ់ ដែលត្រូវបានដុតកម្តៅនៅសីតុណ្ហភាពខ្ពស់ម្តងហើយម្តងទៀត ធ្វើឲ្យកើតមានអុកស៊ីតកម្ម មិនល្អសម្រាប់សុខភាព និងបណ្តោលឲ្យកើតមានជំងឺមហារីក។

មិនថា វីតាមីនA វីតាមីនE ឬតម្លៃអាហារូបត្ថម្ភរបស់អាហារនឹងត្រូវកាត់បន្ថយ ហើយប្រសិនបើប្រេងឆា ឬខ្លាញ់ ត្រូវបានដុតកម្តៅខ្ពស់ជាង១៨០អង្សាសេ នឹងបណ្តោលឲ្យមានប្រតិកម្មផលិតសារធាតុគីមីដូចជា aldehydes, oxidants, peroxides ដែលបង្កគ្រោះថ្នាក់ខ្លាំងបំផុតសម្រាប់រាងកាយ។

ការប្រើប្រាស់ប្រេងឆា ឬខ្លាញ់ ដែលប្រើរួចម្តងហើយ អាចបង្កឲ្យកើតមានអាការវិលមុខ ចង្អោរ ក្អួត ឈឺពោះ ពិបាកដកដង្ហើម បេះដូងលោតយឺត សម្ពាធឈាមខ្ពស់ អស់កម្លាំង។ មិនតែប៉ុណ្ណោះ ទម្លាប់ទទួលទានបែបនេះរយៈពេលយូរ អាចបណ្តោលឲ្យកើតជំងឺមហារីកផងដែរ។

ដើម្បីទប់ស្កាត់គ្រោះថ្នាក់ទាំងនេះ ដំបូងអ្នកត្រូវត្រួតពិនិត្យទៅលើសីតុណ្ហភាពក្នុងការចម្អិនទូទៅមិនលើសពី ១៥០ ទៅ ១៨០អង្សាសេ។ មួយវិញទៀត អ្នកមិនត្រូវប្រើប្រេងឆា ឬខ្លាញ់ដែលបានប្រើប្រាស់រួចម្តងហើយនោះឡើយ៕

ប្រភព៖ soha

មតិយោបល់