ព័ត៌មានសុខភាព

ស្វែងយល់ពីផលអាក្រក់នៃការទទួលទានគ្រឿងស្រវឹងលើសកម្រិត

គ្រឿងស្រវឹង គឺជាភេសជ្ជៈមួយប្រភេទដែលមានការពេញនិយមខ្លាំងបំផុត ដែលគេតែងតែយកមិនទទួលទានក្នុងឱកាសជួបជុំគ្នា ឬមានកម្មវិធីផ្សេងៗ។ ការទទួលទានក្នុងម្រិតមធ្យម មិនបង្កគ្រោះថ្នាក់ដល់សុខភាពឡើយ តែផ្ទុយទៅវិញប្រសិនបើអ្នកទទួលទានលើសដែនកំណត់ ហើយញឹកញាប់ទៀតនោះ សរីរាង្គផ្សេងៗច្បាស់ជាប្រឈមនឹងហានិភ័យជាមិនខាន។

បើយោងតាមការស្រាវជ្រាវមួយបានបង្ហាញថា ការទទួលទានគ្រឿងស្រវឹងញឹកញាប់អាចបង្កើនបរិមាណជាតិពុល និងបាក់តេរីដែលបង្កគ្រោះថ្នាក់នៅក្នុងឈាម។ ជាតិពុលទាំងនោះអាចឆ្លងកាត់តាមរយៈជញ្ជាំងពោះវៀន និងឆ្លងទៅផ្នែកផ្សេងៗទៀតនៃរាងកាយ ដែលជាហេតុបង្កឲ្យកើតមានបញ្ហាផ្សេងៗ។

បាត់បង់កោសិកាឈាមក្រហមៈ ការទទួលទានស្រាច្រើនពេក អាចរារាំងដល់ការផលិតកោសិកាឈាមក្រហម ហើយមានឥទ្ធិពលអវិជ្ជមានដល់ប្លាកែត និងសមាសធាតុដែលជួយជំរុញដល់ដំណើរការកំណកឈាម។

មហារីកៈ ជាតិអាល់កុលដែលត្រាំងត្រែងនៅក្នុងរាងកាយច្រើនពេក គឺជាមូលហេតុមួយនៃជំងឺមហារីក ជាពិសេសជំងឺមហារីកបំពង់អាហារ ថ្លើម សុដន់ និងពោះវៀនជាដើម។

បេះដូងៈ ការទទួលទានគ្រឿងស្រវឹងច្រើនពេក អាចធ្វើឲ្យសាច់ដុំខ្សោយ ដង្ហើមខ្លី ចង្វាក់បេះដូងមិនទៀងទាត់ អស់កម្លាំង ហើមជើង។ មិនយូរមិនឆាប់ អ្នកនឹងក្លាយទៅជាអ្នកជំងឺបេះដូងមើលមិនជាឡើយ។

លើសឈាមៈ
ហានិភ័យនៃជំងឺលើសឈាមក៏ងាយនឹងកើតឡើងផងដែរ ព្រោះលទ្ធភាពនៃការកើនឡើងសម្ពាធឈាមខ្ពស់ដោយសារជាតិអាល់កុលមានរហូតដល់ ១៦ភាគរយ។

ខូចថ្លើមៈ ហានិភ័យនៃជំងឺ ក្រិនថ្លើម គឺជាជំងឺទូទៅបំផុត ដែលតែងតែកើតមានច្រើនជាងគេងចំពោះអ្នកផឹកទាំងឡាយ។

ខ្សោយខួរក្បាលៈ ការទទួលទានគ្រឿងស្រវឹងច្រើនពេកអាចប៉ះពាល់ដល់សកម្មភាពខួរក្បាល ដែលបណ្តោលឲ្យបាត់បង់ការចង់ចាំ (បញ្ហានេះកើតឡើងចំពោះស្ត្រីច្រើនជាងបុរស)។ លើសពីនេះទៅទៀត ការទទួលទានគ្រឿងស្រវឹងបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលចាប់ពី ៣ ដល់ ៥ដងផងដែរ។

រលាកលំពែងៈ ការទទួលទានគ្រឿងស្រវឹង ក៏ប្រឈមនឹងបញ្ហាលំពែងខ្ពស់ផងដែរ ដែលបង្កឲ្យមានការរលាក ហើម។ ការរលាកលំពែងនេះហើយ ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការរំលាយអាហារ។ ម្យ៉ាងវិញទៀត វាអាចធ្វើឲ្យកើតមានជំងឺលំពែងរ៉ាំរ៉ៃ ឬជំងឺទឹកនោមផ្អែម ដោយសារតែអាំងស៊ុយលីនមិនអាចផលិតបានត្រឹមត្រូវ។

ខូចសរសៃប្រសាទៈ ហានិភ័យមួយទៀតដែលអ្នកញៀនស្រាជួបប្រទះ គឺខូចប្រព័ន្ធសរសៃប្រសាទ។ បើយោងតាមការសិក្សាមួយបានបង្ហាញថា អ្នកដែលទទួលទានគ្រឿងស្រវឹងច្រើនពេក មានចំនួនពាក់កណ្តោលដែលជួបពញ្ហាខូចសរសសប្រសាទ។

ប្រផព៖ soha

មតិយោបល់