ព័ត៌មានសុខភាព

ពិតទេ! ទទួលទានខ្យងធ្វើឲ្យកូនកើតមកហៀរទឹកមាត់

មនុស្សស្រីមានផ្ទៃពោះភាគច្រើនមិនហ៊ានទទួលទានខ្យងនោះទេ បើទោះបីជាពួកគេស្រេកឃ្លានខ្លាំងយ៉ាងណាក៏ដោយ ព្រោះយល់ថាការទទួទានខ្យងអាចធ្វើឲ្យកូនកើតមកហៀរទឹកមាត់។ តើពាក្យចចាមអារាមពីមាត់មួយទៅមាត់មួយ ដែលចាស់ៗតែងតែប្រាប់តកូនតចៅនេះ ជាការពិតដែរឬទេ?

រហូតមកដល់ពេលនេះ ពុំទាន់មានភស្តុតាងវិទ្យាសាស្ត្រណាមួយដែលបញ្ជាក់ថា ការទទួលទានខ្យងធ្វើឲ្យកូនកើតមកហៀរទឹកមាត់នោះទេ។ ផ្ទុយទៅវិញខ្យង គឺជាអាហារសម្បូរទៅដោយជាតិកាល់ស្យូមខ្ពស់ ដែលស្ត្រីមានផ្ទៃពោះគួរតែបន្ថែមនៅក្នុងរបបអាហារ។ ព្រោះវាអាចជួយឲ្យឆ្អឹងរបស់ទារកក្នុងផ្ទៃមានការលូតលាស់បានល្អ ជួយបង្កើតបេះដូង និងប្រព័ន្ធសរសៃប្រសាទផងដែរ។

ក្នុងករណីកង្វះកាល់ស្យូម ស្ត្រីមានផ្ទៃពោះច្រើនតែអស់កម្លាំង ឈឺចុកចាប់ក្នុងខ្លួន ហើយក្នុងករណីខ្វះមានកាល់ស្យូមកម្រិតទាបអាចជួបបញ្ហារមួលក្រពើ ស្ពឹកដៃជើង។

ទោះបីជាយ៉ាងណា ខ្យងដែលរស់នៅក្នុងស្រះ និងបឹងដែលមានប៉ារ៉ាស៊ីតច្រើន អាចប៉ះពាល់ដល់សុខភាពរបស់ស្ត្រីមានផ្ទៃពោះ ប្រសិនបើចម្អិនមិនបានត្រឹមត្រូវ។ ដើម្បីធានាសុវត្ថិភាព ស្ត្រីមានផ្ទៃពោះគួរតែទិញខ្យង មកចម្អិននៅផ្ទះដោយខ្លួនឯងទើបប្រសើរ។

មុននឹងចម្អិន អ្នកត្រូវត្រាំខ្យងនៅក្នុងទឹកអង្ករ ទឹកអំបិល ហាន់ម្ទេស ឬក្រូចឆ្មារជាចំណិតស្តើងៗដាក់ចូលក្នុងទឹក ដើម្បីកម្ចាត់ភាពកខ្វក់ចេញពីក្នុងខ្យង។

មិនតែប៉ុណ្ណោះ អ្នកត្រូវជៀសវាងទទួលទានខ្យងដែលចម្អិនមិនបានល្អ ឬឆៅ ហើយចំពោះស្ត្រីមានផ្ទៃពោះដែលមានបញ្ហាក្រពះពោះវៀនក៏មិនគួរទទួលទានខ្យងដែរ៕

ប្រភព៖ soha

មតិយោបល់