ព័ត៌មានសុខភាព

បើទឹកនោមប្តូរពណ៌ ហើយឈឺខ្នង ប្រញាប់រត់រកគ្រូពេទ្យឲ្យជួយភ្លាម!

ការពិតយើងក៏អាចរស់នៅដោយពឹងផ្នែកទៅលើតម្រងនោមតែម្ខាងក៏បានដែរ ក៏ប៉ុន្តែប្រសិនបើអ្នកមានតម្រងនោមទាំងសងខាង ការច្រោះកាកសំណល់ចេញពីឈាម ការគ្រប់គ្រងសារធាតុរាវ និងការចាត់ចែងអេឡិចត្រូលីត្រនៅក្នុងរាងកាយ ក៏កាន់តែមានភាពប្រសើរដែរ។

បើយោងតាមសមាគមន៍ជំងឺមហារីកអាមេរីក បានបង្ហាញថា ជំងឺមហារីកតម្រងនោម គឺជាជំងឺមហារីកមួយក្នុងចំណោមមហារីកទូទៅបំផុតទាំង១០ ចំពោះបុរសដែលមានអាយុលើសពី ៥០ឆ្នាំ។

ទោះជាយ៉ាងណាជំងឺមហារីកតម្រងនោម ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះវាពិបាកកត់សម្គាល់ ហើយងាយនឹងភ័ន្តច្រឡំជាមួយនឹងជំងឺដទៃទៀត ដែលធ្វើឲ្យមនុស្សមួយចំនួនរស់ជាមួយជំងឺតាំងពីដំណាក់កាលដំបូងរហូតទាល់តែដំណាក់កាលចុងក្រោយ។

ខាងក្រោមនេះ គឺជារោគសញ្ញាធំៗទាំងពីរយ៉ាងដែលអ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់៖

ទឹកនោមផ្លាស់ប្តូរពណ៌
សញ្ញាដ៏ច្បាស់លាស់មួយដែលបញ្ជាក់ថា តម្រងនោមរបស់អ្នកកំពុងតែមានជំងឺ គឺបញ្ហាឈាមហូរតាមរយៈទឹកនោម។ ក៏ប៉ុន្តែ គ្រាន់តែការប្តូរពណ៌ទឹកនោមធម្មតាមិនមែនជាសញ្ញាព្រមានច្បាស់បំផុតនៃជំងឺមហារីកតម្រងនោមនោះទេ ព្រោះវាបណ្តោលមកពីការទទួលទានទឹកមិនបានគ្រប់គ្រាន់។

ឈឺខ្នងផ្នែកខាងក្រោម
នៅពេលដែលមានដុំសាច់ក្នុងតម្រងនោមរីកធំ អ្នកនឹងមានអារម្មណ៍ឈឺចាប់នៅត្រង់ខ្នងផ្នែកខាងក្រោម។ ការឈឺចាប់នេះអាចកើតមានឡើងជាញឹកញាប់ ឬរ៉ាំរ៉ៃតែម្តង។ ប៉ុន្តែករណីភាគច្រើននៃជំងឺមហារីកមិនមានអារម្មណ៍ឈឺចាប់ខ្នងផ្នែកខាងក្រោមនោះទេ រហូតទាល់តែវិវត្តទៅជាស្ថានភាពធ្ងន់ធ្ងរ។

ដូច្នេះហើយ ទើបវេជ្ជបណ្ឌិតជាច្រើនបានណែនាំឲ្យអ្នកយកចិត្តទុកដាក់ចំពោះរោគសញ្ញាទាំងពីរខាងលើនេះ ឬប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យបានឆាប់៕

ប្រភព៖ soha

មតិយោបល់