ព័ត៌មានសុខភាព

ប្រយ័ត្នស្នាមជ្រួញនៅលើផ្ទៃមុខ ព្រោះអ្នកអាចអាយុខ្លី

បរទេសៈ ស្នាមជ្រួញ គឺជាសញ្ញានៃភាពចាស់ជរា ដែលមនុស្សស្រីជាច្រើនកំពុងតែមានការព្រួយបារម្ភ ព្រោះខ្លាចបាត់បង់ភាពស្រស់ស្អាត។

ទោះជាយ៉ាងណា នេះជាបញ្ហាតូចតាចតែប៉ុណ្ណោះ តាមពិតការលេចឡើងនៃស្នាមជ្រួញអាចបង្ហាញពីហានិភ័យនៃសុខភាព។
បើយោងតាមការស្រាវជ្រាវរបស់អ្នកជំនាញ អាមេរិក បានរកឃើញថា ស្នាមជ្រួញអាចបញ្ជាក់ពីហានិភ័យនៃបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយពិបាកក្នុងការរស់នៅបានយូរអង្វែង។

១. ហានិភ័យនៃជំងឺពុកឆ្អឹង
អ្នកស្រាវជ្រាវបានរកឃើញថា ស្បែកគឺជាកញ្ចក់ដែលអាចឆ្លុះបញ្ចាំងពីសុខភាពឆ្អឹង។ តាមការស្រាវជ្រាវនេះ បានស្ទង់មតិទៅលើស្ត្រីជាង ១០០នាក់ ដែលអស់រដូវបានបង្ហាញថា ចំពោះស្ត្រីដែលមានស្នាមជ្រួញជ្រៅៗភាគច្រើនមានដង់ស៊ីតេឆ្អឹងទាបបំផុត។
អ្នកដឹងនាំការស្រាវជ្រាបាននិយាយថា ស្រទាប់កូឡាជែន(collagen) គឺជាសមាសភាពសំខាន់នៃឆ្អឹង និងស្បែក ព្រោះតួលេខរបស់វានឹងត្រូវថយចុះទៅតាមអាយុ។ ដូច្នេះ ការបន្ថែមកូឡាជែល គឺជាអ្វីដែលអ្នកគួរតែធ្វើជាចាំបាច់។

២. សញ្ញាដំបូងនៃជំងឺបេះដូង
ការកើតមានស្នាមជ្រួញនៅទងត្រចៀក អាចជាសញ្ញាព្រមានដំបូងនៃជំងឺបេះដូង។ អ្នកជំនាញ បានបង្ហាញថា មនុស្សដែលមានផ្នត់ជ្រួញនៅលើទងត្រចៀក គួរតែទៅពិនិត្យរកមើលជំងឺបេះដូងភ្លាម ដើម្បីទប់ស្តាត់ទាន់ជំងឺឲ្យទាន់ពេលវេលា។
កត្តានេះបណ្តោលមកពីលំហូរនៃសរសៃឈាមតូចៗនៅជុំវិញទងត្រចៀកពិបាកដំណើរការ ហើយស្នាមជ្រួញនេះក៏អាចឆ្លុះបញ្ចាំងពីសរសៃឈាមជុំវិញបេះដូងមានការប្រែប្រួលមិនស្រួលផងដែរ។

៣. សម្ពាធឈាមកើនឡើង
មនុស្សស្រីដែលមានសម្ពាធឈាមកើនឡើង នឹងធ្វើឲ្យស្បែកឆាប់ជ្រីវជ្រួញ ហើយឆាប់ចាស់ជាងស្ត្រីដែលមានសម្ពាធឈាមធម្មតា។ មិនតែប៉ុណ្ណោះអ្នកដែលមានស្បែកឆាប់ជ្រួញអាចរស់នៅបានអាយុខ្លីជាងអ្នកដែលមានស្បែកមិនសូវឆាប់ជ្រីវជ្រួញ។
ចំណុចទាំងនេះអាចបង្ហាញថា អ្នកដែលមានស្បែកជ្រីវជ្រួញ កំពុងតែប្រឈមនឹងជាហានិភ័យនៃជំងឺ។

៤. ស្ត្រេសច្រើនពេក
ប្រសិនបើអ្នកមានបញ្ហាស្ត្រេសច្រើនពេក រាងកាយនឹងបញ្ចេញបរិមាណអ័រម៉ូនតានតឹង និងបន្ថែមស្រទាប់កូឡាជែននៅលើស្បែកកាន់តែច្រើន ដែលធ្វើឲ្យអ្នកឆាប់ចាស់។

មូលហេតុស្ត្រេសនេះហើយ ដែលធ្វើឲ្យមនុស្សមួយចំនួនឆាប់ចាស់ ហើយមិនអាចរស់នៅបានយូរអង្វែងដូចអ្នកដែលមិនសូវមានបញ្ហាស្ត្រេស៕

មតិយោបល់