ព័ត៌មានសុខភាព

អស់បារម្ភទៀតហើយ! ទោះស្បែកមុខស្ងួតរហូតបែកស្រកាក៏ឱសថពីរមុខនេះជួយបានដែរ

ស្បែកស្ងួត គឺជាបញ្ហាសម្រស់មួយតែងតែកើតឡើងនៅក្នុងរដូវរងា ព្រោះនេះជាពេលដែលសីតុណ្ហភាពចុះទាប ហើយមានធ្លាក់ខ្យល់ខ្លាំង ធ្វើឲ្យស្បែកបាត់បង់ជាតិទឹកឆាប់បំផុត។ ប្រសិនបើអ្នកបណ្តោលឲ្យស្ថានភាពនេះកាន់តែអាក្រក់ ស្បែកមិនត្រឹមតែស្ងួតបែកស្រកានោះទេ ថែមទាំងអាចបណ្តោលឲ្យរមាស់ នឹងបន្សល់ទុកនូវស្លាកស្នាមថែមទៀត។

វិធីដ៏ល្អបំផុតក្នុងការទប់ស្កាត់បញ្ហាស្បែកស្ងួត គឺការផ្តល់ជាតិទឹកដល់ស្បែកឲ្យបានគ្រប់គ្រាន់។ តើមានរូបមន្តអ្វីដែលអាចជួយបំពេញជាតិទឹកដល់ស្បែកបានគ្រប់គ្រាន់? បើយោងតាមគេទំព័រ boldsky បានចុះផ្សាយថ្មីៗនេះថា បញ្ហាស្បែកស្ងួតអាចព្យាបាលបានដោយប្រើប្រាស់ឱសថធម្មជាតិងាយៗពីរយ៉ាង។

ត្រសក់
ត្រសក់មានផ្ទុកជាតិទឹករហូតដល់ទៅ ៨០ភាគរយ ហេតុនេះទើបវាក្លាយទៅជាឱសថធម្មជាតិដ៏ពូកែបំផុតក្នុងការជួសជុសបញ្ហាស្បែកស្ងួត និងផ្តល់សំណើមតាមបែបធម្មជាតិឡើងវិញ។ ម្យ៉ាងវិញទៀតត្រសក់មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយឲ្យស្បែកមានសភាពរលោងស្អាត និងការពារការខូចខាតពីពន្លឺព្រះអាទិត្យផងដែរ។

របៀបអនុវត្ត៖
១.អ្នកត្រូវហាន់ត្រសក់ជាបន្ទះស្តើងៗ យកមកបិតនៅលើផ្ទៃមុខ ជាពិសេសកន្លែងដែលស្ងួត។
២.ទុករយៈពេល២០ទៅ ៣០នាទីទើបយកចេញ។
៣.ក្នុងមួយថ្ងៃអ្នកត្រូវព្យាយាមអនុវត្តឲ្យបាន ២ទៅ៣ដង ដើម្បីកែប្រែស្ថានភាពស្បែកឲ្យឆាប់មានសំណើមឡើងវិញ។

ផ្លែប៊ឺរ
ផ្លែប៊ឺរ គឺជាក្រែម និងប្រមូលផ្តុំទៅដោយមានផ្ទុកអាស៊ីតខ្លាញ់ធម្មជាតិ ដែលអាចជួយស្តារសំណើមរបស់ស្បែកត្រលប់មកវិញយ៉ាងឆាប់រហ័ស។ មិនតែប៉ុណ្ណោះវាក៏អាចជួយបង្កើនការផលិតកូឡាជែន និងធ្វើឲ្យស្បែកកាន់តែមានសុខភាពល្អ។

របៀបអនុវត្ត៖
១.ពុះយកផ្លែប៊ឺរទុំមួយចំហៀង ហើយកោសសាច់ដាក់ក្នុងចាន។
២.លាយប្រេងអូលីចចំនួន២ស្លាបព្រាបាយ រួចប្រើស្លាបព្រាវាយឲ្យក្លាយទៅជាល្បាយខាប់ៗ។
៣.ចាប់ផ្តើមលាបនៅលើស្បែកមុខ និងលាងសម្អាតជាមួយទឹកធម្មតាក្រោយរយៈពេល ១៥នាទី។
៤.សូមអនុវត្តជារៀងរាល់ពេលល្ងាចមួយសប្តាហ៍ឲ្យបាន៣ទៅ៤ដង តែសម្រាប់អ្នកមានបញ្ហាស្បែកខ្លាំងសូមអនុវត្តរាល់ថ្ងៃ។

សូមបញ្ជាក់ផងដែរថា រូបមន្តធម្មជាតិទាំងពីរមុននេះអ្នកប្រើប្រាស់សម្រាប់ព្យាបាលស្បែកស្ងួតទូទាំងរាងកាយក៏បានដែរ៕

ប្រភព៖ boldsky

មតិយោបល់