ព័ត៌មានសុខភាព

៣វិធីដ៏សាមញ្ញាបំផុត ជួយឲ្យផ្ទៃមុខរបស់អ្នកត្រលប់មកក្មេងម្តងទៀត

ស្បែកមានភាពជ្រីវជ្រួញ គឺជារោគសញ្ញានៃភាពចាស់ដែលកើតឡើងដោយសារតែការផលិតនៃស្រទាប់កូឡាជែនបានតិច។ ស្រទាប់កូឡាជែន គឺជាប្រូតេអ៊ីនមួយដែលត្រូវបានគេរកឃើញនៅក្នុងខ្លួនរបស់មនុស្សគ្រប់រូប ហើយវាជាអ្នកទទួលខុសត្រូវក្នុងការពង្រឹងនៃការតភ្ជាប់ជាលិកា។ ប្រសិនបើស្រទាប់កូឡាជែនផលិតកាន់តែតិចទៅៗ នោះស្បែកនឹងចាប់ផ្តើមមានភាពជ្រីវជ្រួញបន្តិចម្តងៗ ជាពិសេសមនុស្សដែលមានវ័យចាប់ពី៣០ឆ្នាំឡើងទៅ។

ទោះបីជាភាពចាស់ជរា គឺជាច្បាប់ធម្មជាតិដែលមិនអាចប្រកែកបានក៏ពិតមែន ប៉ុន្តែអ្នកអាចកាត់បន្ថយភាពចាស់ជរាដែលបង្ហាញនៅលើផ្ទៃស្បែកបាន តាមរយៈការប្រើប្រាស់ឱសថធម្មជាតិ។

ប្រេងអូលីវ
ប្រេងអូលីវ មិនត្រឹមតែល្អសម្រាប់ការចម្អិនអាហារនោះទេ វាក៏មានសមត្ថភាពអាចជួយដោះស្រាយបញ្ហាស្នាមជ្រួញនៅលើផ្ទៃមុខផងដែរ។ មិនតែប៉ុណ្ណោះ ប្រេងអូលីវ មានផ្ទុកសារធាតុបំប៉ន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយជំរុញឲ្យចរន្តឈាមក្រោមស្បែករត់បានល្អ និងបង្កើនភាពបត់បែនដល់ស្បែកឡើងវិញ។

របៀបអនុវត្ត៖
១.អ្នកគ្រាន់តែយកប្រេងអូលីវចាក់លើបាតដៃបន្តិច ហើយម៉ាស្សាថ្នមៗរយៈពេល៥នាទី។
២.ទុកឲ្យបាន ៣០នាទី ទើបជូតសម្អាតដោយប្រើកន្សែងសើម។
៣.ដើម្បីទទួលបានប្រសិទ្ធភាព អ្នកត្រូវព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាច។

ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ គឺជារុក្ខជាតិមួយប្រភេទដែលអាចជួយកាត់បន្ថយការកើតមុន និងកម្ចាត់ខ្លាញ់ចេញពីផ្ទៃស្បែក។ វាមានផ្ទុកជាតិអាស៊ីត malic និងស័ង្កសី ដែលអាចជួយកែសម្រួលគុណភាពស្បែក និងកាត់បន្ថយស្នាមជ្រីវជ្រួញយ៉ាងពូកែ។

របៀបអនុវត្ត៖
១.កាត់ស្លឹកប្រទាលកន្ទុយក្រពើមួយធាង ហើយពុះយកសាច់របស់វា។
២.យកសាច់ប្រទាលកន្ទុយក្រពើមួយដុំ មកម៉ាស្សាឲ្យពេញផ្ទៃមុខ។
៣.ទុកឲ្យស្ងួតរយៈពេល ១០ទៅ ២០នាទី ទើបលាងសម្អាតដោយប្រើទឹកក្តៅឧណ្ឌៗ។
៤.អនុវត្តមួយថ្ងៃម្តងជាប្រចាំ ដើម្បីឆាប់ទទួលបានផល។

ចេក
ចេក គឺជាផ្លែឈើដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា ប៉ូតាស្យូម, វីតាមីន A, B, C និង E ដែលអាចជួយកែលម្អរការផលិតស្រទាប់កូឡាជែនឡើងវិញ។ វាអាចជួយឲ្យស្បែកជៀសផុតពីបញ្ហាស្ងួត មានសំណើម និងធ្វើឲ្យស្បែកភ្លឺចែងចាំងផងដែរ។

របៀបអនុវត្ត៖
១.យកចេកទុំចំនួនពីរផ្លែ បកដាក់ក្នុងចានមួយ ហើយប្រើស្លាបព្រាកិនឲ្យក្លាយជាល្បាយ។
២.ចាប់ផ្តើមលាបនៅលើផ្ទៃមុខ និងក ឲ្យសព្វ។
៣.ទុកនៅលើស្បែករយៈពេល ៣០នាទី។
៤.បន្ទាប់មកត្រូវលាងសម្អាតដោយប្រើទឹកធម្មតា។
៥.អ្នកត្រូវអនុវត្តជារៀងរាល់ថ្ងៃ ទើបឆាប់បានផងដែរ។

ក្នុងចំណោម រូបមន្តធម្មជាតិទាំង៣យ៉ាងខាងលើនេះ អ្នកអាចអនុវត្តមួយណាក៏បានដែរ ប៉ុន្តែត្រូវអត់ធ្មត់ ហើយព្យាយាមអនុវត្តជាប្រចាំទើបបានផល៕

ប្រភព៖ boldsky

មតិយោបល់