ព័ត៌មានសុខភាព

ភាពអស្ចារ្យនៃបំរែបំរួលរាងកាយមនុស្សស្រី អំឡុងពេលពពោះ ៩ខែ ១០ថ្ងៃ

អំឡុងពេលមានផ្ទៃពោះ គឺជាពេលវេលាដ៏លំបាកបំផុតនៅក្នុងឆាកជីវិតរបស់មនុស្សស្រីគ្រប់រូប ព្រោះពួកគេត្រូវឆ្លងកាត់ឧបសគ្គរាប់រយជំពូកទំរាំតែគ្រប់ ៩ខែ ១០ថ្ងៃ។ ប៉ុន្តែអ្នកដឹងទេ ក្នុងអំឡុងពេលមានផ្ទៃពោះ តើមានអ្វីខ្លះកើតឡើងចំពោះរាងកាយរបស់មនុស្សស្រី? មានតែស្ត្រីដែលធ្លាប់ធ្វើជាម្តាយរបស់គេទេដែលយល់ច្បាស់ពីអារម្មណ៍មួយនេះ ព្រោះពួកគេធ្លាប់ឆ្លងកាត់បទពិសោធន៍រួចមកហើយ។ ទោះជាយ៉ាងណាថ្ងៃនេះ Post Health នឹងបង្ហាញពីការបំរែបំរួលរាងកាយមួយចំនួនរបស់មនុស្សស្រី តាំងពីពពោះត្រីមាសដំបូង រហូតដល់ថ្ងៃកើត។

ការមានផ្ទៃពោះត្រីមាសទី ១
គ្រាន់តែចាប់ផ្តើមមានផ្ទៃពោះភ្លាម រាងកាយមនុស្សស្រីនឹងចាប់ផ្តើមបង្កើតប្រូតេអ៊ីន ដើម្បីប្រើប្រាស់ទៅតាមតម្រូវការនៃការលូតលាស់របស់ទារក។ ស្ត្រីភាគច្រើនអាចប្រឈមនឹងអាការក្អួតចង្អោរ នោមញឹក ទល់លាមក ឆ្អល់ចុងដង្ហើម សុដន់ និងទ្វារមាសរីកធំជាងមុន ឬមានអារម្មណ៍រវើរវាយ ដោយសារតែការប្រែប្រួលនៃកម្រិតអ័រម៉ូន។ ទោះជាយ៉ាងណាក្នុងដំណាក់កាលមានផ្ទៃពោះត្រីមាសដំបូងនេះ អ្នកត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះសកម្មភាពផ្សេងៗ ព្រោះសុខអាចងាយនឹងរបូតចេញពីមាត់ទារក។

ការមានផ្ទៃពោះត្រីមាសទី ២

ឈានដល់ត្រីមានទី២ភ្លាម ស្ត្រីមានផ្ទៃពោះទាំងឡាយនឹងបានធូរស្បើយពីអាការក្អួតចង្អោរ ហើយការលូតលាស់របស់ទារកក៏លេចជារូបរាងដែរ (ស្ត្រីមួយចំនួនអាចមានអាការចាញ់រហូតដល់ពេលកើត)។ ប៉ុន្តែអ្វីដែលធ្វើឲ្យឪពុកម្តាយទាំងឡាយមានការសប្បាយចិត្ត គឺដំណាក់កាលនេះអាចដឹងពីភេទរបស់ទារកច្បាស់ តាមរយៈការពិនិត្យអេកូសាស្ត្រ។

ចំពោះការប្រែប្រួលរាងកាយរបស់អ្នកម្តាយក្នុងត្រីមាសទី២មានដូចជា៖ សុដន់នៅតែបន្តរីកកាន់តែធំ ឡើងទម្ងន់ ឆ្អល់ចុងដង្ហើម និងស្បែកមានសភាពស្ងួត ជាដើម។ ដើម្បីកាត់បន្ថយការឡើងទម្ងន់ អ្នកម្តាយត្រូវធ្វើលំហាត់ប្រាណយឺតៗបែបយូហ្គា ប៉ុន្តែជៀសវាងលំហាត់ប្រាណលើករបស់ធ្ងន់ៗ ឬធ្វើសកម្មភាពដែលដាក់សម្ពាធទៅលើពោះឲ្យសោះ។

ការមានផ្ទៃពោះត្រីមាសទី ៣
ជិតដល់ពេលសម្រាល ស្ត្រីភាគច្រើនតែងតែមានអារម្មណ៍ភ័យផង រំភើបផង កើតមានកាន់តែច្រើនឡើង។ ក្នុងដំណាក់កាលនេះ ពោះនឹងចាប់ផ្តើមរីកកាន់តែធំ ហើយស្បូនក៏ចាប់ពង្រីកខ្លួនកាន់តែធំដែរ ដើម្បីត្រៀមបញ្ចេញទារកចេញមកខាងក្រៅ។ ចំណែកឯទារកក្នុងផ្ទៃនៅមិនស្ងៀមឡើយ គឺធ្វើចលនាកាន់តែខ្លាំង ដោយសារតែបន្ទប់នៃស្បូនតូចចង្អៀត។

ឈានដល់ដំណាក់កាលសម្រាល

ដំណាក់កាលក្នុងពេលសម្រាលត្រូវបានបែងចែកជា ៣ គឺដំណាក់កាលទី១ ត្រូវចាំឲ្យកស្បូនបើកធំរហូតដល់១០សង់ទីម៉ែត្រ ដំណាក់កាលទី២ ការបញ្ចេញទារកមកក្រៅ ហើយដំណាក់កាលទី៣ ជាការបញ្ចេញសុក។

ក្នុងអំឡុងពេលសម្រាលកូន ឆ្អឹងត្រគាក និងសន្លាក់ឆ្អឹងចាប់ផ្តើមទន់ ដើម្បីជួយឲ្យតំបន់ឆ្អឹងត្រគាករីកធំ ហើយចំណែកឯសាច់ដុំ សរសៃចង និងសរសៃប្រសាទចាប់ផ្តើមយឺត។ ចំណុចនេះហើយ ដែលជួយឲ្យស្ត្រីមានកម្លាំង និងមានភាពងាយស្រួលក្នុងការបង្កើតកូន៕

សូមទស្សនាវីដេអូខាងក្រោម៖

https://www.youtube.com/watch?v=tolZJz-k0Vs

ប្រភព៖ positivemed

មតិយោបល់