ព័ត៌មានសុខភាព

ចូលចិត្តអាហារប្រៃ ប្រឈមនឹងហានិភ័យនៃជំងឺវង្វេងកាន់តែខ្ពស់

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការញ៉ាំអំបិលខ្ពស់អាចមានគ្រោះថ្នាក់ ព្រោះវាអាចង្កើនហានិភ័យនៃជំងឺភ្លេចភ្លាំងនៅពេលក្រោយ។ អ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Weill Cornell Medicine នៅក្នុងទីក្រុមញ៉ូវយ៉ក បានពន្យល់ថា របបអាហារដែលមានជាតិអំបិលខ្ពស់អាចកាត់បន្ថយលំហូរឈាមទៅកាន់ខួរក្បាល និងបណ្តោលឲ្យកើតជំងឺរង្វេង។ នេះជាលើកដំបូងហើយដែលអ្នកវិទ្យាសាស្ត្ររកឃើញថា ការទទួលទានអំបិលខ្ពស់អាចធ្វើឲ្យសរសៃប្រសាទ និងការយល់ដឹងមានភាពចុះទន់ខ្សោយ។

វេជ្ជបណ្ឌិត Costantino Iadecola បានបន្ថែមថា ការសិក្សានេះត្រូវបានធ្វើទៅលើសត្វកណ្តុរ ដែលត្រូវបានផ្តល់អាហារដែលមានផ្ទុកអំបិល ៤ភាគរយ ឬ៨ភាគរយ ច្រើនជាងការផ្តល់អំបិលឲ្យកណ្តុរធម្មតាចាប់ពី ៨ទៅ ១៦ដង។ បន្ទាប់ពីការពិសាធន៍រយៈពេល ៨សប្តាហ៍ អ្នកជំនាញបានរកឃើញថា សត្វកណ្តុរទាំងនោះមានការថយចុះលំហូរឈាមទៅកាន់ខួរក្បាល ដែលធ្វើឲ្យការចង់ចាំមានភាពទន់ខ្សោយ។

អ្នកវិទ្យាសាស្ត្របានរកឃើញទៀតថា សមត្ថភាពនៃកោសិកាសរសៃឈាមដែលត្រូវបានគេហៅថា កោសិកា endothelial បានកាត់បន្ថយការផលិត nitric oxide ដែលជាធម្មតាត្រូវការបង្កើនឡើងដោយកោសិកាផ្នែកខាងក្នុងនៃសរសៃឈាម ដើម្បីជួយបន្ធូរបន្ថយលំហូរឈាម។ សត្វកណ្តុរដែលស៊ីអាហារមានជាតិអំបិលខ្ពស់ បានវិវត្តទៅជាជំងឺវង្វែង ដែលអាចធ្វើសកម្មភាពអាក្រក់ៗដោយមិនដឹងខ្លួន។

ថ្វីត្បិតតែនេះជាការសិក្សាទៅលើសត្វកណ្តុរក៏ពិតមែន ប៉ុន្តែមនុស្សយើងក៏ទទួលរងឥទ្ធិពលបែបនេះដែរ ដូចជាការទទួលទានអំបិលច្រើនធ្វើឲ្យកើតជំងឺលើសឈាម នេះជាភស្តុកតាងស្រាប់៕

ប្រភព៖ thehealthsite

មតិយោបល់