ព័ត៌មានសុខភាព

ភ្ញាក់ពីគេងភ្លាម ហាមទទួលទានភេសជ្ជៈ៥ប្រភេទនេះ

អ្នកជំនាញផ្នែកអាហារូបត្ថម្ភ បានព្រមានថា ភេសជ្ជៈដំបូងដែលអ្នកផឹកបន្ទាប់ពីភ្ញាក់ពីទទួលទានដំណេកមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរាងកាយ។ ការចាប់ផ្តើមទទួលទានទឹកមួយកែវជារឿងដ៏ប្រសើរ ប៉ុន្តែមនុស្សភាគច្រើនចូលចិត្តភេសជ្ជៈផ្សេងទៀត។ តើការផឹកភេសជ្ជៈផ្សេងៗក្រៅពីទឹក មានប្រយោជន៍ដល់រាងកាយដែរឬទេ? អ្នកជំនាញបានព្រមានថា នៅពេលភ្ញាក់ពីគេងអ្នកពុំគួរទទួលទានភេសជ្ជៈ៥ប្រភេទនេះឡើយ ព្រោះវាអាចបង្កឲ្យប៉ះពាល់ដល់សុខភាព។

១.តែដែលសល់មួយយប់
ទឹកតែ ដែលសល់យូររហូតដល់ពេញមួយយប់ ជាតិអាស៊ីតនឹងកើតឡើង ដែលបង្កគ្រោះថ្នាក់ដល់សុខភាព ហើយវាក៏មានការលូតលាស់នៃពពួកបាក់តេរី និងមេរោគផ្សិតផ្សេងៗ។

មិនតែប៉ុណ្ណោះ តែដែលសល់យូរ អាចបណ្តោលឲ្យវីតាមីន ប៉ូលីហ្វេណុល សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមដែលមានអត្ថប្រយោជន៍ដ៏ទៃទៀត ត្រូវបាត់បង់។

ដូច្នេះ ការទទួលទានទឹកតែដែលសល់ពេញមួយយប់ មិនត្រឹមតែកាត់បន្ថយតម្លៃអាហារូបត្ថម្ភ នោះទេ ថែមទាំងមានផលប៉ះពាល់ដល់រាងកាយផងដែរ។

២.ទឹកអំបិល
មនុស្សមួយចំនួនចូលចិត្តទទួលទានទឹកក្តៅឧណ្ឌៗលាយអំបិលមួយចឹបនៅពេលព្រឹកព្រលឹម ព្រោះជឿថាទម្លាប់មួយនេះអាចជួយការពារ និងគាំទ្រដល់ការព្យាបាលបញ្ហាទល់លាមក។ ប៉ុន្តែកត្តាសំខាន់បំផុតដើម្បីព្យាបាលការទល់លាមក គឺការកែសម្រួលរបបអាហារ មិនមែនទទួលទានទឹកអំបិលរាល់ព្រឹកនោះទេ។

លោកវេជ្ជបណ្ឌិតបានព្រមានថា ចំនួនអំបិលដែលរាងកាយរបស់យើងស្រូបរាល់ថ្ងៃ មានកម្រិតខ្ពស់។ ជាពិសេសសម្រាប់អ្នកដែលមានប្រវត្តិកើតជំងឺតម្រនោម ជំងឺដាច់សរសៃឈាមខួរក្បាល និងសម្ពាធឈាមខ្ពស់ ប្រសិនបើទទួលទានទឹកអំបិលនៅពេលព្រឹក គឺមានគ្រោះថ្នាក់បំផុត។

៣.ទឹកឃ្មុំ
ទោះបីជាទឹកឃ្មុំ ផ្តល់អត្ថប្រយោជន៍រាប់មិនអស់ចំពោះសុខភាពក៏ដោយ ក៏អ្នកមិនគួរទទួលទាននៅពេលព្រឹកព្រលឹមដែរ។

អ្នកត្រូវដឹងថា ទឹកឃ្មុំមានផ្ទុកជាតិស្ករពីរប្រភេទ គឺ fructose និងក្លុយកូស។ ការទទួលទានទឹកឃ្មុំជារៀងរាល់ព្រឹក នឹងបង្កើនជាតិស្ករក្នុងឈាម កាត់បន្ថយចំណត់អាហារ និងប៉ះពាល់ដល់គុណភាពនៃអាហារពេលព្រឹក។

អ្នកជំនាញបាននិយាយថា ជាតិស្ករ fructose អាចបម្លែងទៅជាជាតិស្ករគ្លុយកូស ហើយត្រូវបានស្រូបចូលទៅក្នុងខ្លួនយ៉ាងឆាប់រហ័ស។ នេះហើយជាមូលហេតុដែលធ្វើឲ្យការបញ្ចេញជាតិពុលពីរាងកាយត្រូវកាត់បន្ថយ ខណៈការទទួលទាននៅពេលនេះទឹកឃ្មុំក៏កាត់បន្ថយបរិមាណអាហារូបត្ថម្ភដែរ។

ដូច្នេះហើយ អ្នកមិនគួរទទួលទានទឹកឃ្មុំភ្លាមៗពេលភ្ញាក់ពីគេងឡើយ។ យកល្អ គួរតែទទួលទានទឹកក្តៅឧណ្ឌៗមួយកែវជាមុនសិន ហើយរយៈពេល ១០នាទីក្រោយ ទើបទទួលទានទឹកឃ្មុំ។

៤.ទឹកផ្លែឈើ
ទឹកផ្លែឈើស្រស់ គឺជាភេសជ្ជៈដ៏ពេញនិយមបំផុតសម្រាប់អាហារពេលព្រឹករបស់ស្ត្រីជាច្រើន។ តែទោះជាយ៉ាងណាសូមគិតឡើងវិញ ព្រោះទឹកផ្លែឈើមានផ្ទុកជាតិស្ករដែលអាចប៉ះពាល់ដល់គុណភាពនៃអាហារពេលព្រឹក។ ម្យ៉ាងទៀត ទឹកផ្លែឈើត្រជាក់ៗអាចរំញោចដល់ក្រពះ ប៉ះពាល់ដល់ការរំលាយអាហារ និងការស្រូបយកសារធាតុសំខាន់ៗផងដែរ។

៥.ភេសជ្ជៈមានផ្ទុកជាតិកាបូណាត
ភេសជ្ជៈប្រភេទនេះ មិនត្រឹមតែគ្មានលទ្ធភាពផ្តល់ជាតិទឹកដល់រាងកាយគ្រប់គ្រាន់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកស្រេកទឹកថែមទៀត។

លើសពីនេះ ភេជ្ជសៈមានផ្ទុកជាតិកាបូណាត មានធាតុផ្សំគីមីដែលបង្កគ្រោះថ្នាក់ដល់រាងកាយ។ ដូច្នេះវាមិនត្រឹមតែជាជម្រើសមិនល្អសម្រាប់ពេលព្រឹកនោះទេ អ្នកក៏គួរតែជៀសឲ្យឆ្ងាយពីវាផងដែរ៕

ប្រភព៖ soha

មតិយោបល់