ព័ត៌មានសុខភាព

ស្រីៗគួរចំណាយពេលបន្តិច ដើម្បីស្វែងយល់ពីរោគសញ្ញាដំបូងនៃជំងឺមហារីកក្រពេញអូវែ

នៅក្នុងចំណោមជំងឺមហារីក ដែលកើតមានចំពោះមនុស្សស្រី មហារីកក្រពេញអូវែ គឺជាជំងឺមួយដែលឈានមុខគេ និងអាចឆក់យកជីវិតច្រើនបំផុត។ វាត្រូវបានគេចាត់ទុកជាឃាតករឈាមត្រជាក់ ដែលមិនងាយនឹងបង្ហាញរោគសញ្ញាដំបូងឡើយ។ កត្តាដែលធ្វើឲ្យអ្នកប្រឈមហានិភ័យនៃជំងឺមហារីកក្រពេញអូវែ គឺប្រវត្តិគ្រួសារធាប់មានជំងឺមហារីកក្រពេញអូវែ ភាពធាត់លើសទម្ងន់ ឬធាត់ដុះក្បាលពោះ។

ទោះជាយ៉ាងណាបើយោងតាមគេហទំព័រ soha បានបង្ហាញថា រោគសញ្ញាដំបូងនៃជំងឺមហារីកក្រពេញអូវែ អាចសង្កេតមើលដឹងតាមរយ:អាការមួយចំនួនដូចខាងក្រោម៖

ឈឺឆ្អឹងខ្នងជាញឹកញាប់
អាការឈឺឆ្អឹងខ្នង អាចងាយនឹងច្រឡំជាមួយនឹងជំងឺផ្សេៗទៀត ក៏ប៉ុន្តែប្រសិនបើឈឺញឹកញាប់វាអាចជារោគសញ្ញាដំបូងបង្អស់នៃជំងឺមហារីកក្រពេញអូវែ។ ដូច្នេះ កុំបណ្តែតបណ្តោយទុកយូរ អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។

ឈឺចាប់ពោះ ឬត្រគាក
បាតុភូតនៃការឈឺចាប់នៅតំបន់ពោះទាប អាចបណ្តោលមកពីការកន្ត្រាក់នៃមាត់ស្បូន។ ស្ត្រីដែលស្ថិតនៅក្នុងវ័យបន្តពូជ ដែលធ្លាប់មានការឈឺចាប់ត្រង់ម្តុំពោះជារឿយៗ មិនគួរប្រងើយកណ្តើយឡើយ។ ប្រសិនបើការឈឺចាប់នេះកើតឡើងនៅពេលអ្នកមិនមានរដូវ វាអាចជាសញ្ញានៃជំងឺមហារីកក្រពេញអូវែ។

ក្អួត ចង្អោរ
អាការបែបនេះជាទូទៅអាចជារោគសញ្ញានៃជំងឺប្រព័ន្ធរំលាយអាហារ ប៉ុន្តែប្រសិនបើអាការអមទៅដោយការហើមពោះប្រចាំថ្ងៃទៀតនោះ អាចជារោគសញ្ញានៃជំងឺមហារីកក្រពេញអូវែ។

ប្រសិនបើអ្នកនៅតែសង្ស័យ ហើយមិនព្រមធ្វើការព្យាបាលទេនោះ ជំងឺមហារីកអាចរីកលូតលាស់យ៉ាងឆាប់រហ័ស និងធ្វើឲ្យអ្នកជំងឺមានគ្រោះថ្នាក់។

ឈឺចាប់ពេលរួមភេទ
រាល់ពេលប្រព្រឹត្តិសកម្មភាពរួមភេទ អ្នកតែងតែមានការឈឺចាប់ ហើយជារឿយៗមានការបញ្ចេញនោមដោយសារតែសម្ពាធខ្លាំងលើតំបន់អាងត្រគាក អាចបណ្តោលមកពីជំងឺមហារីកក្រពេញអូវែ។ បើមានការឈឺចាប់កាន់តែខ្លាំង បានន័យថា ជំងឺមហារីកក្រពេញអូវែអាចឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។

អស់កម្លាំង
ទោះបីជាអ្នកមិនបានធ្វើការហួសប្រមាណ ឬធ្វើការអ្វីសោះ តែរាងកាយមានសភាពអស់កម្លាំងឥតឈប់ឈរ គឺជាសញ្ញាមួយទៀតនៃជំងឺមហារីកក្រពេញអូវែ ដែលកំពុងតែវិវត្ត។

វដ្តរដូវមិនប្រក្រតី
ការមករដូវមិនទៀងទាត់ អាចបណ្តោលមកពីជំងឺរោគស្ត្រីជាច្រើន ហើយក្នុងចំណោមនោះក៏មានចំណែកជំងឺមហារីកក្រពេញអូវែ ផងដែរ បើបញ្ហាកើតឡើងជាញឹកញាប់។

អាស្រ័យដូចខាងបានបង្ហាញពីខាងលើនេះ ប្រសិនបើអ្នករកឃើញរោគសញ្ញាណាមួយដោយខ្លួនឯង គួរតែប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់៕

មតិយោបល់