ព័ត៌មានសុខភាព

គួរគិត! ស្ថានភាពជីវិត និងហិរញ្ញវត្ថុ ជាលទ្ធផលនៃការគិត

បរទេសៈ យោងតាមការស្រាវជ្រាវ របស់សាស្ត្រាចារ្យជំនាញខាងថាមពលចិត្ត លោក ចន ខេហូវ បានបង្ហាញថា៖ “ការគិតរបស់អ្នកគឺជាកញ្ចក់ដ៏ល្អបំផុតក្នុងឆ្លុះបញ្ចាំង​អំពីស្ថានភាពជីវិត និងហិរញ្ញវត្ថុរបស់អ្នក” ។

លោកថា បើអ្នកគិតថា អ្វីមួយល្អ នោះលទ្ធផលនឹងចេញមកល្អ បើអ្នកគិតថា អ្វីមួយអាក្រក់ នោះលទ្ធផលនឹងចេញមកអាក្រក់ បើអ្នកគិតថាអាចធ្វើវាបាន នោះលទ្ធផលនឹងអាចសម្រេចបាន។ បើអ្នកគិតថាចង់ក្លាយជាអ្វី អ្នកនឹងក្លាយទៅជាបែបនោះ ទាំងអស់នេះហើយ លោកហៅថា “ថាមពលចិត្ត”។ ទង្វើមួយល្អ ឬអាក្រក់ ត្រឹមត្រូវ ឬអត់ វាអាស្រ័យលើចិត្តនេះឯងជាអ្នកវិនិច្ឆ័យ ជាពិសេសប្រយោជន៍(បើលទ្ធផលរបស់វាជាប្រយោជន៍ នោះគេថាវាជារឿងល្អ តែបើលទ្ធផលរបស់វាខាតប្រយោជន៍ គេថាវាជារឿងអាក្រក់)។

អ្នកដែលមានសុភាពផ្លូវចិត្តល្អ អាចជួយការពារខ្លួនប្រាណ ឲ្យមានសុខភាពល្អ និងរួចផុតពីជំងឹផ្សេងបានថែមទៀតផង។ ថាមពលនៃការគិតមានខុសៗគ្នា​ទៅតាមប្រភេទនៃក្រុមមនុស្ស ប៉ុន្តែឥឡូវយើងក្រឡេកមកមើលនៅក្នុងសង្គមបច្ចុប្បន្ន ការគិតរបស់មនុស្សមានទៅតាម ប្រភេទក្រុមដូចខាងក្រោម៖

  1. ពុទ្ធសាសនិកៈ គិតឲ្យខ្លួនឯងរម្ងាប់ទុក្ខ បំភ្លេចកង្វល់ ​ រស់នៅដោយស្មារតីប្រុងប្រយ័ត្នចំពោះសេចក្តីអាក្រក់របស់ខ្លួន ដោយធ្វើចិត្តឲ្យផូរផង់។
  2. អ្នកនយោបាយៈ គិតឲ្យខ្លួនឯងសម្រេចគោលដៅ លើការឈ្នះអំណាច និងផលប្រយោជន៍នយោបាយជាតិ។
  3. សេដ្ឋវិទូៈ គិតដើម្បីស្វែងរកការរីកចម្រើន ជាលំដាប់លើផ្នែកសេដ្ឋកិច្ច។
  4. អ្នកជំនួញៈ គិតដើម្បីស្វែងរកប្រាក់ចំណេញតាមរយះការដោះដូរ។
  5. បុគ្គលិកៈ គិតដើម្បីឲ្យខ្លួនឯងទទួលបានប្រាក់ខែខ្ពស់ ឬច្រើនជាងមុន។
  6. ពលករៈ គិតដើម្បីឲ្យខ្លួនឯងមានគ្រប់គ្រាន់ហូបសម្រាប់តែមួយថ្ងៃៗ
  7. មនុស្សល្ងង់ខ្លៅៈគិតដើម្បីឲ្យខ្លួនឯងបានជាទុក្ខ រស់នៅដោយមានកង្វល់រហូត។

ដូច្នេះសូមប្រយ័ត្ន ចំពោះការគិតរបស់អ្នក ព្រោះអ្វីទាំងអស់ត្រូវ​បានកំណត់ដោយ​ការគិតរបស់អ្នក៕

មតិយោបល់