ព័ត៌មានជាតិ

តុលាការកាត់ទោសបុរសម្នាក់ ពាក់ព័ន្ធសំណុំរឿងក្លែង ស.ជ.ណ របស់រាជរដ្ឋាភិបាល

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ លោក ឃី ឆៃ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះទោសបុរសម្នាក់ ពាក់ព័ន្ធសំណុំរឿង ឆបោក និងក្លែងបន្លំឯកសារសារធារណៈ តាមរូបភាពរត់ការចូលជាសញ្ជាតិខ្មែរ កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ ២០១៥ កន្លងទៅ ដែលមានឈ្មោះ គឹម សុគន្ធា ជាដើមបណ្តឹង។

ជនជាប់ចោទមានឈ្មោះ ឆេង ភិរម្យ ភេទប្រុស អាយុ៥៤ឆ្នាំ ត្រូវបានលោក ខាំ សុផារី តំណាងអយ្យការចោទប្រកាន់ ពីបទសមគំនិតឆបោក និងបទក្លែងឯកសារសាធារណៈ ទៅជាបទសមគំនិត និងបទក្លែងឯកសារសាធារណៈ យោងតាមមាត្រា២៩ និងមាត្រា ៦២៩ក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការជនជាប់ចោទឈ្មោះ ឆេង ភារម្យ បានសារភាពថា ដំបូងឡើយ ខ្លួនបានស្គាល់ដើមបណ្ដឹងតាមរយៈ ឈ្មោះ ឃឹម សុជាតិ (ជាសាក្សី) ក្នុងសំណុំរឿងនេះ។ បន្ទាប់មកដើមបណ្ដឹងបានពឹងពាក់ខ្លួនឲ្យជួយរត់ការធ្វើឯកសារចូលជាសញ្ជាតិខ្មែរ ឲ្យមិត្តភក្ដិរបស់ដើមបណ្ដឹង ដែលមានសញ្ជាតិចិនកាត់ម៉ាឡេស៊ី ដោយដើមបណ្ដឹងបានប្រគល់លុយសម្រាប់រត់ការឲ្យខ្លួនចំនួន ១៧,០០០ ដុល្លារ។ ជនជាប់ចោទបានបន្តថា ក្រោយមកខ្លួនបានយកលុយនោះទៅឲ្យឈ្មោះ ជា រ័ត្ន ដោយឈ្មោះ ជា រ័ត្ន បានសន្យាថា រយៈពេល១ខែ នឹងប្រគល់ ស.ជ.ណ ពាក់ព័ន្ធនឹងការចូលជាសញ្ជាតិខ្មែរឲ្យខ្លួនយកទៅឲ្យម្ចាស់លុយហើយ។ ក្រោយមកបានមួយខែឈ្មោះ ជា រ័ត្ន បានយក ស.ជ.ណ ចូលជាសញ្ញាតិខ្មែរនោះមកឲ្យខ្លួន រួចហើយខ្លួនក៏ប្រគល់ឲ្យទៅឈ្មោះ គឹម សុគន្ធា តាមកាលកំណត់។

ដើមបណ្តឹងឈ្មោះ គឹម សុគន្ធា បានផ្តល់សក្ខីកម្មក្នុងអង្គសវនាការថា ខ្លួនពិតជាទទួលបាន ស.ជ.ណ សុំចូលសញ្ជាតិពីជនជាប់ចោទពិតប្រាកដមែន ប៉ុន្តែ ស.ជ.ណ នោះបានសរសេរជា អក្សរពណ៌សខ្មៅ តែប៉ុណ្ណោះ ទើបខ្លួនបានសុំឲ្យជនជាប់ចោទចេញលិខិត ស.ជ.ណ ជាពណ៌ធម្មជាតិ (កូល័រ) ឲ្យបានត្រឹមត្រូវ ដើម្បីខ្លួនយកទៅឲ្យមិត្តភក្តិជាជនជាតិ ចិន កាត់ម៉ាឡេស៊ីនោះប្រើប្រាស់ ដើម្បីស្នើសុំចូលសញ្ជាតិខ្មែរបាន។ ដើមបណ្តឹងបន្តថា ក្រោយមកជនជាប់ចោទ និងឈ្មោះ ជា រ័ត្ន ចេះតែប្រាប់ថា ឲ្យចាំសិនៗ។ ក្រោយមកខ្លួនទាក់ទងជនជាប់ចោទ និងឈ្មោះ ជា រ័ត្ន លែងបាន ទើបខ្លួនសង្ស័យថា ស.ជ.ណ ក្លែងក្លាយ ក៏យកទៅឲ្យមន្ត្រីពាក់ព័ន្ធជួយពិនិត្យ ទើបដឹងច្បាស់ថា ក្លែងក្លាយមែន ព្រោះវាគ្មាននៅក្នុងបញ្ជីឡើយ។ ក្រោយមកខ្លួនបាន ប្តឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួនឈ្មោះ ឆេង ភិរម្យ និងឈ្មោះ ជា រ័ត្ន ប៉ុន្តែឈ្មោះ ជា រ័ត្ន បានដឹងខ្លួន និងរត់គេចខ្លួនបាត់រហូតមក។ ដើមបណ្តឹងបានប្តឹងទាមទារលុយចំនួន ១៧,០០០ដុល្លារ ពីជនជាប់ចោទមកវិញ។

សំណុំរឿងនេះលោក ឃី ឆៃ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានលើកពេលទៅប្រកាសសាលក្រមនៅព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខវិញ៕

មតិយោបល់