ទារកដែលកើតមកមានទម្ងន់តិចជាង ២គីឡូកន្លះ ត្រូវបានគេចាត់ទុកជាទារកមិនគ្រប់គីឡូ ដោយមិនគិតពីអាយុគ្រប់ខែឬមិនគ្រប់ខែឡើយ។ ទារកដែលកើតមកមិនគ្រប់គីឡូ ភាគច្រើនអាចបណ្តោលមកពីការកើតមិនគ្រប់ខែ។ ក៏ប៉ុន្តែនៅមានហានិភ័យមួយចំនួនទៀតដូចជា អ្នកម្តាយនៅវ័យក្មេងពេក ការមានកូនច្រើន ខ្វះអាហារូបត្ថម្ភ កើតជំងឺបេះដូង លើសឈាម ការសេពគ្រឿងស្រវឹង ការជក់បារី និងការបំពុលបរិស្ថាន ជាដើម។
ដើម្បីកាត់បន្ថយហានិភ័យនៃការកើតមិនគ្រប់គីឡូ អ្នកម្តាយគួរតែទៅជួបជាមួយនឹងអ្នកជំនាញថែរក្សាសុខភាពឲ្យបានទៀងទាត់។ ព្រោះការពិនិត្យជាទៀងទាត់នេះ អាចធានាទាំងម្តាយ និងទារកឲ្យមានសុខភាពល្អ រួមទាំងការលូតលាស់ និងអភិវឌ្ឍបានត្រឹមត្រូវ។
ម្យ៉ាងវិញទៀត ការព្យាយាមទទួលទានរបបអាហារដែលសម្បូរទៅដោយអាស៊ីតហ្វូលិក ក៏អាចកាត់បន្ថយឱកាសនៃការកើតមកមានទម្ងន់មិនគ្រប់គីឡូដែរ។ ជាពិសេសអ្នកម្តាយត្រូវគេចចេញឲ្យឆ្ងាយពីបារី និងគ្រឿងស្រវឹង ព្រោះវាមិនត្រឹមតែធ្វើឲ្យទារកកើតមកមិនគ្រប់គីឡូនោះទេ ថែមទាំងមានបញ្ហាសុខភាពជាច្រើនដែលយើងនឹកស្មានមិនដល់ឡើយ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ pregnancyvideo
មតិយោបល់