ព័ត៌មានសុខភាព

ពេលឃើញដំឡូងបារាំងមានពណ៌បៃតង កុំទិញមកទទួលទានឲ្យសោះ!

បរទេសៈ ដំឡូងបារាំងដែលមានពណ៌បៃតង គឺជាដំឡូងដែលមានផ្ទុកជាតិពុលដ៏មានគ្រោះខ្លាំងបំផុត ហើយប្រសិនបើអ្នកបរិភោគច្រើនពេក អាចបណ្តោលឲ្យស្លាប់បាន។

ដំឡូងបែបនេះមានសារធាតុពុល solanine កម្រិតខ្ពស់ ដែលអាចធ្វើឲ្យអ្នកមានបញ្ហាក្រពះពោះវៀន ឬបញ្ហាប្រព័ន្ធប្រសាទដូចជា៖

  • ចង់ក្អួត
  • ចង្អោរ
  • ឈឺពោះ
  • ឈឺក្បាល
  • វិលមុខ
  • ស្រវាំងភ្នែក

រោគសញ្ញាពុលជាធម្មតាលេចឡើងប្រហែលជា ៦ ទៅ ១២ម៉ោង បន្ទាប់ពីទទួលទាន ប៉ុន្តែករណីខ្លះអាចកើតមានក្នុងប៉ុន្មាននាទីបន្ទាប់ ប្រសិនបើជាតិពុលមានកម្រិតខ្ពស់ពេក។

សារធាតុពុល solanine ដែលមានក្នុងដំឡូងត្រូវបានផលិតឡើងដោយធម្មជាតិ ដើម្បីការពារសត្វល្អិត។ នៅពេលដែលដំឡូងស្ថិតនៅក្រោមសីតុណ្ហភាពក្តៅ ឬត្រូវពន្លឺព្រះអាទិត្យ កម្រិត solanine នឹងកើនឡើងកាន់តែខ្លាំង។

ដំឡូងដែលត្រូវនឹងពន្លឺព្រះអាទិត្យច្រើន អាចប្រែទៅជាពណ៌បៃតង ដោយសារតែការសំយោគសារជាតិ ក្លូរ៉ូហ្វីល(chlorophyll)។ ក្នុងអំឡុងពេលនេះវាអាចផលិត សារធាតុក្លូរ៉ូហ្វីល និងសារធាតុ solanine ក្នុងពេលដំណោលគ្នា។

លោកសាស្ត្រាចារ្យ Pavlista Alexander ជាអ្នកវិទ្យាសាស្ត្រផ្នែកកសិកម្ម នៃសាកលវិទ្យាល័យ Nebraska សហរដ្ឋអាមេរិក បានបង្ហាញថា មនុស្សដែលមានទម្ងន់ ៤៥,៦ គីឡូក្រាម អាចឈឺបន្ទាប់ពីទទួលទានដំឡូងបារាំងដែលមានពណ៌បៃតងអស់ ៤៤០ក្រាម។ នេះជាទម្ងន់មធ្យម នៃការទទួលទានដំឡូង។

ដើម្បីរក្សាដំឡូងបានយូរ ឬការពារកុំឲ្យមានជាតិពុល អ្នកត្រូវទុកដំឡូងក្រោមម្លប់ ឬកន្លែងត្រជាក់។

ទន្ទឹមនឹងនេះផងដែរ ដំឡូងដែលមានកម្រិតសារធាតុ solanine ខ្លាំង ជាធម្មតាមានរសជាតិល្វីង។ ដូច្នេះ នៅពេលដែលអ្នកបរិភោគប៉ះចំឡូងដែលមានរសជាតិល្វីងពីរបីចំណិតដំបូង គួរតែឈប់រិភោគភ្លាម៕

green potatoes

មតិយោបល់