សម្ពាធឈាមឡើងខ្ពស់ គឺជាជំងឺមួយដែលមនុស្សភាគច្រើននៅលើពិភពលោកកំពុងតែប្រឈមយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។ សម្ពាធឈាមឡើងខ្ពស់ អាចនាំឲ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល គាំងបេះដូង ភ្នែកមើលលែងឃើញ និងប៉ះពាល់ដល់តម្រងនោមជាដើម។
បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ថ្វីបើជំងឺនេះរីករាលដាលពេញពិភពលោកក៏ដោយ ប៉ុន្តែវាអាចគ្រប់គ្រងបានតាមរយៈការទទួលទានរបបអាហារមួយចំនួន។
បន្លែ និងផ្លែឈើ
ប្រភេទបន្លែ និងផ្លែឈើដូចជា ប៉េងប៉ោះ ដំឡូងបារាំង ក្រូចឆ្មារ ចេក និងឪឡឹក មានផ្ទុកសារធាតុសំខាន់ៗដែលអាចជួយគ្រប់គ្រងសម្ពាធឈាមឡើងខ្ពស់បាន។ ដូច្នេះហើយ យើងគ្រប់គ្នាគួរតែព្យាយាមបន្ថែមអាហារទាំងអស់នេះទៅក្នុងរបបអាហារជាប្រចាំថ្ងៃ។
តែខ្ញី
តែខ្ញី មិនត្រឹមតែអាចជួយកាត់បន្ថយអាការផ្តាសាយប៉ុណ្ណោះទេ វាមានសមត្ថភាពអាចបញ្ចុះសម្ពាធឈាមឡើងខ្ពស់ផងដែរ។ ប្រសិនបើអ្នកទទួលទានតែប្រភេទនេះបានទៀងទាត់ សម្ពាធឈាមរបស់អ្នកនឹងត្រូវបានថែរក្សាឲ្យមានស្ថិរភាពជានិច្ច។
ទឹកឃ្មុំ
ទឹកឃ្មុំ មានលក្ខណៈសម្បត្តិអាចព្យាបាលជំងឺជាច្រើន ហើយការស្រាវជ្រាវក៏បានបង្ហាញដែរថា ទឹកឃ្មុំមានប្រសិទ្ធភាពពិសេសក្នុងការបញ្ចុះកម្រិតជាតិស្ករនៅក្នុងឈាម។ ការទទួលទានទឹកឃ្មុំ ត្រូវបានគេចាត់ទុកជាវិធីសាស្ត្រដ៏សាមញ្ញបំផុតក្នុងការគ្រប់គ្រងសម្ពាឈាមឡើងខ្ពស់ ហេតុនេះអ្នកនឹងជៀសផុតពីជំងឺលើសឈាម។
ទឹកដូង
ទឹកដូង គឺជាភេសជ្ជៈធម្មជាតិដ៏ពេញនិយមបំផុតសម្រាប់រដូវក្តៅ ព្រោះវាអាចធ្វើឲ្យរាងកាយមានភាពត្រជាក់ ហើយផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។ អ្វីដែលពិសេសនោះ គឺការទទួលទានទឹកដូង បានទៀងទាត់អាចជួយគ្រប់គ្រងសម្ពាធឈាមឲ្យមានស្ថិរភាព។
អាហារដែលមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា-៣
អាហារដែលមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា-៣ ត្រូវបានគេចាត់ទុកជាអាហារដែលមានសុខភាពល្អម្រាប់អ្នកជំងឺលើសឈាម។ ដោយសារតែអាស៊ីតខ្លាញ់អូមេហ្គា-៣ មានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះសម្ពាធឈាម និងរក្សាសម្ពាធឈាមបានល្អ៕
មតិយោបល់