ព័ត៌មានសុខភាព

គួរចាំទុក! លក្ខខណ្ឌសុខភាព៧ចំណុច ធ្វើឲ្យបេះដូងលោតខុសចង្វាក់

បេះដូង មានមុខងារយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ឈាមទៅកាន់សរីរាង្គគ្រប់ផ្នែកនៅក្នុងសារពាង្គកាយរបស់យើង។ ប៉ុន្តែ ប្រសិនបើបេះដូងជួបបញ្ហា រាងកាយទាំងមូលក៏ជួបនូវបញ្ហាដូចគ្នាដែរ ហើយប្រសិនបើធ្ងន់ធ្ងរអ្នកអាចបាត់បង់ជីវិតបាន។ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា បេះដូងលោតខុសចង្វាក់ កើតឡើងដោយសារតែលក្ខខណ្ឌសុខភាព ៧ចំណុច។


១.ញៀននឹងកាហ្វេ

ការញៀននឹងកាហ្វេ អាចធ្វើឲ្យសម្ពាធឈាមកើនឡើងខ្ពស់ នេះហើយជាមូលហេតុដែលបណ្តោលឲ្យបេះដូងទទួលរងនូវបន្ទុកខ្លាំង ហើយចង្វាក់បេះដូងច្បាស់ជាលោតខុសធម្មតា។

២.ស្ត្រេស
ស្ត្រេសអាចបណ្តោលឲ្យកម្រិតនៃអ័រម៉ូន cortisol មានការកើនឡើង។ ការកើនឡើងនៃអ័រម៉ូននេះ បានធ្វើឲ្យសាច់ដុំបេះដូងចុះខ្សោយ ហើយលោតខុសចង្វាក់។

៣.ញៀនស្រា
ការសេពគ្រឿងស្រវឹងហួសហេតុពេកធ្វើឲ្យកម្រិតនៃសារធាតុ adrenaline នៅក្នុងឈាមមានការកើនឡើង នេះហើយជាមូលហេតុដែលបណ្តោលឲ្យបេះដូងលោតខុសចង្វាក់។

៤.ការមានផ្ទៃពោះ
ការឡើងចុះនៃអ័រម៉ូនក្នុងអំឡុងពេលមានផ្ទៃពោះខ្លាំងពេក អាចប៉ះពាល់ដល់សាច់ដុំបេះដូង ហើយនាំឲ្យចង្វាក់បេះដូងលោតខុសប្រក្រតី។

៥.ធ្វើលំហាត់ប្រាណលើសកម្រិត
ការធ្វើលំហាត់ប្រាណលើសកម្រិត អាចធ្វើឲ្យបេះដូងត្រូវប្រើកម្លាំងខ្លាំងដើម្បីបូមឈាមចែកចាយទៅផ្នែកផ្សេងៗនៃរាងកាយ ដូច្នេះហើយចង្វាក់បេះដូងនឹងលោតខុសប្រក្រតី។

៦.កង្វះសារធាតុរ៉ែ
ការស្រាវជ្រាវបានរកឃើញថា កង្វះសារធាតុប៉ូតាស្យូម និងម៉ាញេស្យូម នៅក្នុងរាងកាយ ក៏អាចបណ្តោលឲ្យបេះដូងលោតខុសធម្មតាដែរ។

៧.ខ្សោះជាតិទឹក
កង្វះជាតិទឹកអាចបណ្តោលឲ្យសាច់ដុំបេះដូងស្ងួត និងចុះខ្សោយ នេះជាមូលហេតុមួយទៀតដែលធ្វើឲ្យបេះដូងដំណើរការមិនបានត្រឹមត្រូវ៕

មតិយោបល់