បើយោងតាមសមាគមន៍ជំងឺបេះដូង អាមេរិក ហៅកាត់(AHA) បានបង្ហាញថា ជាមធ្យមក្នុងមួយនាទីមានមនុស្សស្លាប់ម្នាក់ នៅសហរដ្ឋអាមេរិក ដោយសារតែជំងឺបេះដូង ហើយវាត្រូវបានគេចាត់ទុកជាឃាតករលាក់មុខ នៅក្នុងពិភពលោក។
ជាទូទៅជំងឺបេះដូង កើតឡើងដោយសារតែកត្តាជាច្រើនដូចជា ភាពធាត់ រាងកាយអសកម្ម ការជក់បារី សម្ពាឈាមឡើងខ្ពស់ កូលលេស្តេរ៉ុលក្នុងសរសៃឈាម របបអាហារគ្មានផាសុខភាព ប្រវត្តិគ្រួសារកើតជំងឺបេះដូង ហើយសូម្បីតែភាពតានតឹងប្រចាំថ្ងៃ។
ទោះជាយ៉ាងណា នៅមានកត្តាធំៗមួយចំនួនទៀត ដែលធ្វើឲ្យកើតមានហានិភ័យនៃជំងឺបេះដូង តែមនុស្សមួយចំនួនប្រហែលជាមិនទាន់ដឹងនោះទេ។
ពេញវ័យនៅអាយុ ១២ឆ្នាំ
ការសិក្សាថ្មីៗនេះបានរកឃើញថា ស្ត្រីដែលចាប់ផ្តើមពេញវ័យនៅអាយុ ១២ឆ្នាំ មានហានិភ័យកើតជំងឺបេះដូង ខ្ពស់ជាងស្ត្រីដែលពេញវ័យនៅអាយុ ១៣ឆ្នាំ រហូតដល់១០ភាគរយ។
អ្នកស្រាវជ្រាវមិនបានផ្តល់នូវភស្តុកតាង ដែលបង្ហាញពីមូលហេតុនោះទេ ប៉ុន្តែការស្រាវជ្រាវដទៃទៀតបានបង្ហាញពីការកើនឡើងនៃកម្រិតអ័រម៉ូន estrogen (អ័រម៉ូនដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការពេញវ័យ)។ មិនតែប៉ុណ្ណោះ ការកើនឡើងនៃអ័រមូននេះ អាចបង្កើនហានិភ័យនៃជំងឺកកឈាម និងជំងឺដាច់សរសៃឈាមខួរក្បាល។
ការប្រើថ្នាំសម្រកទម្ងន់
ថ្នាំសម្រក់ទម្ងន់ អាចបង្កើនសម្ពាធឈាម និងចង្វាក់បេះដូង ដែលនាំឲ្យមានភាពតានតឹងដល់សុខភាពបេះដូង របស់អ្នកប្រើប្រាស់។ ប្រសិនបើអ្នកប្រើថ្នាំប្រភេទនេះរយៈពេលយូរ បេះដូងអាចនឹងទទួលរងនូវការខូចខាតជាអចិន្ត្រៃយ៍។
អ្នកមានជំងឺទឹកនោមផ្អែម ឬលើសឈាមក្នុងអំឡុងពេលមានផ្ទៃពោះ
ក្រុមវេជ្ជបណ្ឌិតបាននិយាយថា នៅពេលដែលប្រព័ន្ធឈាមរត់មិនល្អ បរិមាណនៃឈាមនឹងកើនឡើងទ្វេរដង ដែលធ្វើឲ្យបេះដូងរបស់អ្នកនឹងលំបាកធ្វើការ។ ដូច្នេះ សូមប្រឹក្សាជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ឬសម្ពាធឈាមឡើងខ្ពស់ ក្នុងពេលមានផ្ទៃពោះ។
ខូចចិត្ត
ភាពខូចចិត្ត អាចធ្វើឲ្យមនុស្សមួយចំនួនហ៊ានធ្វើអ្វីៗគ្រប់យ៉ាង សូម្បីតែរឿងដែលប៉ះពាល់ដល់ជីវិត។ ក៏ប៉ុន្តែភាពខូចចិត្តមិនត្រឹមតែប៉ះពាល់ដល់ផ្លូវអារម្មណ៍នោះទេ វាក៏អាចគ្រោះថ្នាក់ដល់មុខងារបេះដូងផងដែរ ដោយសារតែភាពតានតឹងខ្លាំង។ ហេតុនេះហើយ ទើបនឹងជំនាញបានណែនាំឲ្យអ្នកខូចចិត្តព្យាយាមធ្វើអ្វីដែលសប្បាយៗ ឬហាត់យូហ្គា ដើម្បីបំបាត់ទុក្ខ។
សេពគ្រឿងស្រវឹងរាល់យប់
តាមការស្រាវជ្រាវបានបង្ហាញថា ការសេពគ្រឿងស្រវឹងមួយថ្ងៃមួយកែវ ឬតិចជាងនេះពិតជាល្អសម្រាប់សុខភាព។ តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទទួលទានច្រើនពេកជាប្រចាំ មិនត្រឹមតែបំផ្លាញសុខភាពទូទៅនោះទេ សូម្បីតែបេះដូងក៏រងនូវការខូចខាតដែរ៕
ដក់ស្រង់ពី៖ soha
មតិយោបល់