ព័ត៌មានសុខភាព

ស្មានមិនដល់សោះឡើយ! បារីអាចបង្កគ្រោះថ្នាក់ដល់ខួរក្បាលធ្ងន់ធ្ងរយ៉ាងនេះ

បើយោងតាមការសិក្សាក្នុងឆ្នាំ ២០១៥ ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ទី៤ នៅលើពិភពលោក ដែលមានអ្នកស្លាប់ច្រើនដោយសារតែការជក់បារី។

បារីត្រូវបានគេរកឃើញសារធាតុគីមី មានគ្រោះថ្នាក់ជាង ៤,៧០០ប្រភេទ ដែលជាជាតិពុលខ្ពស់បំផុត អាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ជាពិសេសសរីរាង្គសួត តែម្តង។ ក៏ប៉ុន្តែ គ្រប់គ្នាប្រហែលជាមិនទាន់ដឹងទេថា ក្រៅពីផលប៉ះពាល់មកលើសួត បារី ក៏អាចបំផ្លាញខួរក្បាលផងដែរ។ ខាងក្រោមនេះ គឺជាផលប៉ះពាល់ ៤ចំណុច ដោយសារតែទម្លាប់ជក់បារី មកលើខួរក្បាល៖

១. ជារឿយៗ អ្នកជក់បារី អាចទទួលរងនូវបញ្ហាគេងមិនលក់ និងគេងស្រម៉ុក។ ក៏ប៉ុន្តែការជក់បារីច្រើនហួសហេតុពេក អាចបណ្តោលឲ្យសមត្ថភាពខួរក្បាល ចុះខ្សោយ និងរួញស្វិត។ ប្រសិនបើអ្នកបន្តជក់បែបនេះ ច្រើនឆ្នាំទៅមុខទៀត អាចមានហានិភ័យវិវត្តទៅជាជំងឺរង្វេង រហូតដល់ ៧៩ភាគរយ។

២.ការជក់បារី អាចប៉ះពាល់ដល់ភាពឆ្លាតវៃ ឬគេហៅថាកម្រិត IQ ។ នេះដោយសារតែ ការផ្គត់ផ្គង់អុកស៊ីសែន ទៅកាន់ខួរក្បាលត្រូវបានកាត់បន្ថយ ហើយវត្តមានឧស្ម័នកាបូនឌីអុកស៊ីត កាន់តែកើនឡើង ដែលជះឥទ្ធិពលខ្លាំងដល់អេម៉ូក្លូប៊ីន របស់អ្នក។ ដូច្នេះ សត្ថម្ភភាពក្នុងការវិភាគបញ្ហា និងដោះស្រាយបញ្ហានៅកន្លែងធ្វើការ ជារឿយៗត្រូវមានផលប៉ះពាល់ ដោយសារតែទម្លាប់មួយនេះ។

៣.ផលប៉ះពាល់មួយទៀត នៃការជក់បារី គឺសមត្ថភាពក្នុងការប្រមូលផ្តុំអារម្មណ៍ ត្រូវបានកាត់បន្ថយ ហើយធ្វើឲ្យអ្នកអស់កម្លាំង ដោយសារតែការផ្គត់ផ្គង់អុកស៊ីសែន ទៅកាន់ខួរក្បាលមានការកង្វះខាត។

៤.ការជក់បារី យូរអង្វែងអាចប្រឈមនឹងហានិភ័យខ្ពស់ នៃជំងឺដាច់សរសៃឈាមខួរក្បាល ព្រោះវត្តមានជាតិនីកូទីននៅក្នុងឈាម ធ្វើឲ្យឈាមខាប់ មិនអាចបញ្ចូនទៅកាន់ខួរក្បាលបាន។ ហានិភ័យនៃការស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល គឺកើនឡើងទ្វេដងចំពោះអ្នកជក់បារី បើធៀបទៅនឹងអ្នកមិនជក់។

តែទោះជាយ៉ាងប្រសិនបើអ្នកឈប់ជក់បារីរយ:ពេល ៥ឆ្នាំ ហើយព្យាយាមទទួលទានអាហារបំប៉នឲ្យបានគ្រប់គ្រាន់ ហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាលអាចត្រូវបានកាត់បន្ថយ៕

ដកស្រង់ពី៖ thehealthsite

មតិយោបល់