ព័ត៌មានសុខភាព

របៀបទទួលទានតែបៃតងឲ្យត្រឹមត្រូវ និងមានប្រយោជន៍បំផុត

តែបៃតង ត្រូវបានគេទទួលស្គាល់ថា ជាភេសជ្ជៈដែលមានអត្ថប្រយោជន៍បំផុតសម្រាប់សុខភាព រួមទាំងអាចជួយការពារជំងឺដ៏កាចសាហាវមួយចំនួនផងដែរ។ តែទោះជាយ៉ាងណា ប្រសិនបើអ្នកមិនចេះទទួលទានក៏មិនអាចទទួលបានប្រយោជន៍ដែរ ហើយផ្ទុយវិញវាអាចបង្កឲ្យមានបញ្ហាថែមទៀត។

អ្នកឯកទេសផ្នែកចំណីអាហារបាននិយាយថា ការទទយលទានតែបៃតង នៅពេលព្រឹកព្រលឹម ទាំងពោះទទេ មិនមែនជាទម្លាប់ល្អនោះទេ ព្រោះវាអាចរំខានដល់តុល្យភាពអាល់កាឡាំងពីធម្មជាតិ។ លើសពីនេះ ការទទួលទានទាំងមិនទាន់មានអីចូលពោះសោះ វាអាចបណ្តោលឲ្យមានបញ្ហាដល់ប្រព័ន្ធរំលាយអាហារ។

អ្នកជំនាញបានណែនាំថា ពេលវេលាដែលល្អបំផុតក្នុងការទទួលទានតែបៃតង គឺបន្ទាប់ពីញ៉ាំអាហារ ៤០ ទៅ ៥០នាទី មិនចំពោះតែអាហារពេលព្រឹក ឬពេលថ្ងៃត្រង់ឡើយ។ ជាពិសេសការទទួលទានតែបៃតងមួយពែង មុនពេលធ្វើលំហាត់ប្រាណកន្លះម៉ោង អាចជួយសម្រកទម្ងន់លឿនបំផុត។
ក្រៅពីការសម្ងន់ទម្ងន់ ការទទួលទានតែបៃតងបានត្រឹមត្រូវ អាចទទួលបានអត្ថប្រយោជន៍មួយចំនួនដូចខាងក្រោម៖

១.សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងតែបៃតង មានលក្ខណៈប្រឆាំងនឹងភាពចាស់ ដែលធ្វើឲ្យស្បែករបស់អ្នកមានសុខភាពល្អ។
២.តែបៃតង អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន ដូចជា មហារីកសុដន់ មហារីកក្រពេញប្រូស្តាត និងមហារីកពោះវៀនធំ។
៣.ធ្វើឲ្យប្រសើរឡើងនូវសុខភាពនៃកោសិកាខួរក្បាល និងអាចកាត់បន្ថយហានិភ័យនៃជំងឺវេង្វេង។
៤.តែបៃតង មានសមត្ថភាពអាចសម្លាប់មេរោគបាក់តេរីនៅក្នុងមាត់ និងបង្កើនសុខភាពមាត់ធ្មេញឲ្យកាន់តែប្រសើរឡើង។
៥.ការទទួលទានតែបៃតង បានទៀងទាត់ អាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺសរសៃឈាមបេះដូង។
៦.ផ្តល់ថាមពល និងធ្វើឲ្យប្រសើរឡើងនូវសុខភាពទូទៅ នៃរាងកាយទាំងមូល។

ដោយសារតែតែបៃតង មានអត្ថប្រយោជន៍សម្រាប់សុខភាព និងសម្រស់ ទើបអ្នកជំនាញជំរុញឲ្យអ្នកទទួលទានរាល់ថ្ងៃ ប៉ុន្តែត្រូវទទួលទានឲ្យបានត្រឹមត្រូវ៕

ដកស្រង់ពី៖ boldsky

មតិយោបល់