ការរស់នៅរហូតដល់អាយុ ១០០ឆ្នាំ គឺជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូប ក៏ប៉ុន្តែក្តីប្រាថ្នាមួយនេះកម្រមានអ្នកទទួលបានណាស់ ហើយវារមែនតែបាត់បង់ដោយសារតែកត្តាផ្សេងៗ។ ជាពិសេស ពេលឈានដល់វ័យ ៤៥ឆ្នាំឡើងទៅ រាងកាយរបស់មនុស្ស ចាប់ផ្តើមចុះខ្សោយបន្តិចម្តងៗ ដែលធ្វើឲ្យជំងឺជាច្រើនងាយនឹងបៀតបៀន។ ក៏ប៉ុន្តែ ដើម្បីកាត់បន្ថយហានិភ័យបញ្ហាសុខភាព និងជួយឲ្យអ្នកអាចបន្តរស់នៅបានអាយុវែង បន្ទាប់ពីវ័យនេះ អ្នកគួរជៀសវាង ៥ចំណុច។
១.គេងមិនបានគ្រប់គ្រាន់
អ្នកវិទ្យាសាស្ត្របានបង្ហាញថា ការគេងបានគ្រប់គ្រាន់ អាចជួយជួសជុលឡើងវិញនូវភាពខូចខាតមួយចំនួន និងរក្សារាងកាយឲ្យមានសុខភាពល្អ។
ប៉ុន្តែ ដោយសារតែភាពមមាញឹកជាមួយនឹងការងារ មនុស្សភាគច្រើនតែងតែទម្លាប់ចូលគេងយប់ជ្រៅ ហើយឆាប់ភ្ញាក់មកវិញណាស់។ ទម្លាប់បែបនេះយូរៗ អាចបង្កើនហានិភ័យធ្ងន់ធ្ងរដូចជា ជំងឺបេះដូង ធ្លាក់ទឹកចិត្ត ជំងឺមហារីកសុដន់…សូម្បីតែការបាត់បង់ជីវិតក៏ប្រឈមខ្ពស់ដែរ។
ដូច្នេះ ដើម្បីថែរក្សារាងកាយឲ្យមានសុខភាពល្អ មនុស្សដែលមានវ័យចាប់ពី ៤៥ឆ្នាំឡើងទៅ គួរតែកំហិតម៉ោងឲ្យបានត្រឹមត្រូវ គឺគេងចាប់ពីម៉ោង ១០យប់រាល់ថ្ងៃ។
២.មានទម្លាប់ជក់បារី
ការជក់បារី អាចធ្វើឲ្យអ្នកមានហានិភ័យខ្ពស់នៃជំងឺមហារីកសួត ខ្ពស់ជាងមនុស្សធម្មតាចាប់ពី ១ ដល់ ៥ដង ហើយអត្រានៃអ្នកដែលស្លាប់ដោយសារជំងឺនេះមានរហូតដល់ ៨៧ភាគរយឯណោះ។
ហេតុនេះ ប្រសិនបើអ្នកមិនចង់ឆាប់បាត់បង់ជីវិតដោយសារតែការជក់បារី ទេ គួរតែឈប់ជក់បារីចាប់ពីថ្ងៃនេះ ឬកុំនៅក្បែរអ្នកដែលជក់បារីឲ្យសោះ។
៣.សេពគ្រឿងស្រវឹង
សូមចាំថា បារីប៉ូវសួត រីឯស្រាប៉ូវថ្លើម នេះជាការពិត ព្រោះជាតិអាល់កុលងាយនឹងស្រូបចូលទៅក្នុងរាងកាយទាំងក្នុងរយៈពេល ៣០នាទី ទៅ ៣ម៉ោង ក្រោយពីពេលទទួលទាន ហើយវានឹងជះឥទ្ធិពលទៅលើសុខភាព និងខួរក្បាល ផងដែរ។
ប្រសិនបើអ្នកញៀននឹងស្រា រយៈពេលយូរ ថ្លើមច្បាស់ជាត្រូវបំផ្លាញអស់ ហើយបង្កទៅជាជំងឺថ្លើម។ ហេតុនេះហើយ អ្នកគួរតែពិចារណាឡើងវិញ ចំពោះការទទួលទានគ្រឿងស្រវឹង ប្រសិនបើចង់រស់នៅបានយូរអង្វែង។
៤.ខ្ជិលធ្វើលំហាត់ប្រាណ
សព្វថ្ងៃនេះ អត្រានៃអ្នកលើសទម្ងន់ កំពុងតែមានការកើនឡើងយ៉ាងខ្លាំង ហើយភាពធាត់នេះហើយដែលជាមូលហេតុនៃការកើតជំងឺទឹកនោមផ្អែម ខ្លាញ់ក្នុងថ្លើម សម្ពាធឈាមឡើងខ្ពស់…។
យកល្អ អ្នកគួរតែព្យាយាមរក្សាទម្ងន់ឲ្យមានស្ថិរភាព តាមរយៈការធ្វើលំហាត់ប្រាណជាប្រចាំ ជាមួយនឹងការកំណត់អាហារឲ្យមានតុល្យភាពផងដែរ។
៥.រំលងអាហារពេលព្រឹក
ការសិក្សាមួយទៅលើមនុស្សចំនួន ៧,០០០ នាក់ នៅប្រទេសអាល្លឺម៉ង់ បានបង្ហាញថា ៤០ភាគរយនៃមនុស្សទាំងអស់នេះ មានទម្លាប់រំលងអាហារពេលព្រឹក ក៏ប៉ុន្តែនេះមិនមែនជាទង្វើល្អឡើយ។ ការរំលងអាហារពេលព្រឹករយៈពេលយូរ អាចធ្វើឲ្យទឹកប្រមាត់កាន់តែសម្បូរ និងធ្វើការមិនទៀងទាត់ ដែលបង្កទៅជាជំងឺគ្រួសក្នុងថង់ប្រមាត់។ លើសពីនេះទៅទៀត ទម្លាប់នៃការមិនញ៉ាំអាហារពេលព្រឹក អាចប៉ះពាល់ដល់ការងារប្រចាំថ្ងៃផងដែរ។
អាហារពេលព្រឹក គឺជាប្រភពនៃថាមពលដ៏សំខាន់បំផុតសម្រាប់អ្នកក្នុងការចាប់ផ្តើមថ្ងៃថ្មី។ នេះជាហេតុផលមួយដែលនុស្សមានវ័យលើស ៤៥ឆ្នាំ គួរតែទទួលទានអាហារដែលសម្បូរជីវជាតិឲ្យបានគ្រប់គ្រាន់ ដើម្បីពន្យាជីវិត៕
ប្រសិនបើអ្នកអនុវត្តតាមយុទ្ធសាស្ត្រទាំងនេះបាន អ្នកមិនត្រឹមតែមានសុខភាពល្អនោះទេ សូម្បីតែអាយុក៏វែង ខុសពីអ្នកដទៃដែរ៕
ដកស្រង់ពី៖ soha
មតិយោបល់