ព័ត៌មានសុខភាព

ញាក់ភ្នែកកុំច្រឡំថាលាភចូល ឬមានសំណាង វាជាសញ្ញាឲ្យអ្នកប្រញាប់ទៅរកពេទ្យភ្លាម!

បរទេសៈ មនុស្សមួយចំនួនជឿងថា ការញាក់ ឬកន្ត្រាក់ភ្នែក អាចមានលាភចូល ឬក៏កើតមានបញ្ហាអ្វីមួយចំនួនខ្លួនឯងជាមិនខាន។ តែផ្ទុយទៅវិញ វាគឺជាសញ្ញាព្រមានពីបញ្ហាសុខភាពធ្ងន់ធ្ងរ។

អ្នកជំនាញបានកំណត់ការញាក់ភ្នែកដូចជា “ភ្នែកញាក់ផ្ទួនៗ, ព្រិចភ្នែកញាប់មិនអាចបញ្ជារបាន ឬញាក់ត្របកភ្នែក ជាធម្មតាត្របកភ្នែកខាងលើ” នេះអាចបណ្តោលមកពីការជាប់សាច់ដុំភ្នែកម្ខាង ឬក៏ទាំងពីរ ហើយអាចមានរយៈពេលពី ២ ទៅ ៣ វិនាទី។ ជួនកាលវាអាចកើតមានរយៈពេល ២ ទៅ ៣ថ្ងៃ មុនពេលបាត់ទៅវិញដោយឯងៗ។

តើមូលហេតុអ្វី ដែលបណ្តោលឲ្យកើតមានការញាក់ភ្នែក?
ជាធម្មតា វាអាចបណ្តោមកពីភាពតានតឹង និងការអស់កម្លាំង ក៏ប៉ុន្តែការទទួលទានបរិមាណនៃជាតិកាហ្វេអ៊ីនច្រើនហួស, ថ្នាំជក់ និងគ្រឿងស្រវឹងក៏អាចកើតមានបញ្ហានេះដែរ។ មិនតែប៉ុណ្ណោះ ការញាក់ភ្នែក ក៏អាចមកពី ភ្នែកស្ងួត, ភ្នែករងសម្ពាធខ្លាំងពេក, ប្រតិកម្មអាឡែស៊ី ឬរលាកភ្នាសភ្នែក។ ប៉ុន្តែ វាអាចកើតឡើងដោយគ្មានមូលហេតុជាក់លាក់ណាមួយឡើយ។

ម្យ៉ាងវិញទៀត ករណីញាក់ភ្នែកអាចបង្កឡើងដោយសារតែប្រភេទនៃជំងឺប្រព័ន្ធប្រសាទមួយចំនួនដូចជា៖ រោគញាក់ព្រិចភ្នែក (មិនប្រក្រតីមួយរំពេច ឬញាក់ត្របកភ្នែក) ឬជំងឺក្រិនសរសៃឈាម (ALS)។ ភាគច្រើនរោគញាក់ព្រិចភ្នែកកើតមានចំពោះស្ត្រីច្រើនជាងបុរស។

គ្រាន់តែនៅប្រទេសសហរដ្ឋអាមេរិកមានប្រមាណជា ២,០០០ ករណី ដែលកើតឡើងថ្មីៗជារៀងរាល់ឆ្នាំ។ បើទោះបីជាមិនធ្ងន់ធ្ងរ តែស្ថានភាពនេះកាន់តែអាក្រក់ទៅៗ ប្រសិនបើអ្នករកមូលហេតុមិនឃើញ ដែលអាចបណ្តោលឲ្យភ្នែកប្រែទៅជាព្រិល ហើយតឹងណែនសាច់ដុំនៅលើផ្ទៃមុខទាំងមូល។ នៅក្នុងករណីអាក្រក់បំផុត ភ្នែកអាចបើកមិនរួចរយៈពេលជាច្រើនម៉ោង។

ប្រសិនបើអ្នកធ្លាប់កើតមានរោគសញ្ញាខាងក្រោមនេះ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យផ្នែកភ្នែកឲ្យបានកាន់តែឆាប់កាន់តែល្អ៖
– ប្រសិនបើភ្នែកញាក់រយៈពេលច្រើនជាង ១សប្តាហ៍
– ប្រសិនបើញាក់ត្របកភ្នែកបើកមិនរួច
– ប្រសិនបើការញាក់ប៉ះពាល់ដល់មុខទាំងមូល
– ប្រសិនបើភ្នែកក្រហម, ឡើងក្រហម, ហៀរទឹករងៃ
– ប្រសិនបើត្របកភ្នែកខាងលើរបស់អ្នកធ្លាក់ចុះក្រោម។

ហេតុនេះហើយ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីរកវិធីដោះស្រាយ។ ប៉ុន្តែ បើការកន្ត្រាក់ ឬញក់ភ្នែក មិនទាក់ទងនឹងជំងឺប្រសាទ អ្នកគួរតែព្យាយាមដោះស្រាយដោយការកាត់បន្ថយភាពតានតឹង, ចៀសវាងទទួលទានសារធាតុកាហ្វេអ៊ីន ជាពិសេសត្រូវគេងឲ្យបានច្រើន។ ជម្រើសមួយទៀត អ្នកអាចធ្វើការស្អំ ដោយប្រើបាយក្តៅ ឬទឹកកក ដើម្បីឲ្យសាច់ដុំភ្នែកមានពេលសម្រាក៕

spasms eye

មតិយោបល់