ទឹកមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សគ្រប់គ្នា ព្រោះវាអាចជួយច្រោះជាតិពុលចេញពីឈាម និងទទួលខុសត្រូវចំពោះសកម្មភាពនៃរាងកាយទាំងមូល។ ក៏ប៉ុន្តែ តើអ្នកដឹងទេ ការទទួលទានទឹកបែបណាទើបល្អសម្រាប់សុខភាព? តាមពិត ទឹកត្រជាក់ ឬទឹកក្តៅ សុទ្ធតែផ្តល់អត្ថប្រយោជន៍ដូចគ្នា ក៏ប៉ុន្តែទឹកក្តៅមានប្រសិទ្ធភាពជាង ព្រោះវាអាចជួយព្យាបាលជំងឺមួយចំនួនបាន។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ ៤ចំណុច ដែលបានមកពីការទទួលទានទឹកក្តៅឧណ្ឌៗ ៖
១.បង្កើនការរំលាយអាហារ
ការផឹកទឹកក្តៅឧណ្ឌៗនៅពេលព្រឹក អាចជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ហើយអាចជៀសផុតជំងឺផ្សេងៗ។ លើសពីនេះទៅទៀត ទឹកក្តៅឧណ្ឌៗ ក៏អាចជួយទប់ស្តាត់ការទល់លាមផងដែរ ដោយសារតែវាមានសមត្ថភាពរំញោចលំហូរឈាមទៅកាន់ពោះវៀន។
២.បណ្តេញជាតិពុលចេញពីរាងកាយ
ការហាន់ក្រូចឆ្មារពីរបីចំណិតស្តើងៗ ដាក់ចូលក្នុងទឹក្តៅឧណ្ឌៗ ១កែវ រួចទទួលទាននៅពេលព្រឹក គឺជាថ្នាំដ៏ល្អបំផុតក្នុងការបណ្តេញជាតិពុលចេញពីរាងកាយ។ មិនតែប៉ុណ្ណោះ វាក៏អាចកាត់បន្ថយការរលាក និងជួយព្យាបាលមុនផងដែរ។
៣.កម្ចាត់បញ្ហាស្លេសក្នុងផ្លូវដង្ហើម
ប្រសិនបើអ្នកមានអាការៈតឹងច្រមុះ គួរតែទទួលទានទឹកក្តៅឧណ្ឌៗជាប្រចាំ វានឹងជួយសម្អាតបញ្ហាស្លេស ដែលធ្វើឲ្យអ្នកលែងពិបាកដកដង្ហើមទៀតហើយ។ ម្យ៉ាងវិញទៀត នេះជាវិធីសាស្ត្រតាមបែបធម្មជាតិ ដែលមានប្រសិទ្ធភាព ហើយមិនប៉ះពាល់អ្វីឡើយ។
៤.បំបាត់ការឈឺចាប់
ឱសថធម្មជាតិដែលអាចជួយបំបាត់ការឈឺចាប់ ដូចជាក្នុងពេលមករដូវ ឬ ឈឺពោះ… គឺការទទួលទានទឹកក្តៅឧណ្ឌៗ។ ព្រោះទម្លាប់មួយនេះអាចជួយបង្កើនលំហូរឈាមទៅក្នុងជាលិកា និងជួយកាត់បន្ថយការឈឺចាប់យ៉ាងមានប្រសិទ្ធភាព៕
ដកស្រង់ពី៖ soha
មតិយោបល់