ព័ត៌មានសុខភាព

ល្បិចងាយៗ! មិនចាំបាច់ចុះពីលើកៅអីក៏អាចមានរាងស្អាតដូចតារាដែរ

តើអ្នកមិនចង់ឃើញក្បាលពោះសុទ្ធតែខ្លាញ់ដុះធំទៅៗមែនទេ? បើដូច្នេះមែន Post Health សូមធ្វើការបង្ហាញពីតិចនិចងាយៗ ៥យ៉ាងដោយមិនចាំបាច់ដើរទៅធ្វើលំហាត់ប្រាណ គ្រាន់តែអង្គុយនៅលើកៅអ៊ីធ្វើការ ឬអង្គុយមើលទូរស្សន៍ក៏អាចសម្រករាងឲ្យស្អាតបានដែរ។

ខាងក្រោមនេះ គឺជារបៀបធ្វើចលនា ៥ចំណុច ដែលអ្នកគួរតែអនុវត្តតាម៖

១.ពង្រឹងសាច់ដុំពីកចង្កេះដល់ស្មា
ដំបូងអ្នកត្រូវអង្គុយនៅលើកៅអ៊ីឲ្យត្រង់ខ្លួន ហើយលើដៃទាំងពីរដាក់នៅលើក្បាលផ្នែកខាងក្រោយ បន្ទាប់មកត្រូវបង្វិលខ្លួនទៅឆ្វេងរយៈពេល៣វិនាទី ទើបងាកមកខាងស្តាំវិញ ៣វិនាទីដូចគ្នា។ ត្រូវព្យាយាមអនុវត្តឡើងវិញឲ្យបាន ១០ដង វានឹងជួយពង្រឹងសាច់ដុំពីចង្កេះមកដល់ស្មាខាងលើ។

២.សម្រកខ្លាញ់ក្បាលពោះ
ស្រដៀងទៅនឹងចំណុចខាងលើដែរ គ្រាន់តែអ្នកយកដៃទាំងពីរដាក់ទៅលើក្បាលផ្នែកខាងក្រោយ ហើយផ្តេកខ្លួនទៅខាងមុខដោយប្រើចលនាយឺតៗ ហើយងើបឡើងវិញ។ អនុវត្តដដែលៗឲ្យបានចំនួន ១៥ដង វានឹងជួយរំលាយខ្លាញ់ ហើយសាច់ដុំក្បាលពោះរបស់នឹងហាប់ណែនល្អ។

៣.បង្រួមទំហំចង្កេះ និងគូថណែនល្អ
អ្នកត្រូវអង្គុយផ្អែកនឹងកៅអ៊ីឲ្យត្រង់ខ្លួន បន្ទាប់មកលើកជើងម្ខាងមកផ្ទឹបនឹងដើមទ្រូងចំនួន ៣វិនាទី ទើបផ្លាស់ប្តូរជើងម្ខាងទៀត។ សូមធ្វើព្យាយាមធ្វើឡើងវិញឲ្យបាន ១៥ដង វានឹងជួយកាត់បន្ថយទំហំចង្កេះ ហើយធ្វើឲ្យគូថរបស់អ្នកតឹងណែនល្អ។

៤.ធ្វើឲ្យភ្លៅ និងជើងស្រលូន
ដំបូងអ្នកត្រូវអង្គុយផ្គុំជើងទាំងពីរបញ្ចូលគ្នា ដោយយកដៃទាំងពីរច្រ័តលើកៅអ៊ី បន្ទាប់រុញជង្គង់ទាំងពីរមកជិតដើមទ្រូង ហើយពន្លាតទៅវិញឲ្យត្រង់រយៈពេល ៣វិនាទី។ អនុវត្តដដែលៗ ចំនួន ១០ដង ដើម្បីជួយស្រកខ្លាញ់នៅលើភ្លៅ និងជើងចេញឲ្យអស់។

៥.ធ្វើឲ្យក្បាលពោះមានសាច់ដុំ
អង្គុយច្រ័តដៃទាំងសងខាងនៅលើកៅអ៊ី ហើយលើកជើងខ្វែងគ្នាដូចកន្ត្រៃឲ្យផុតពីដី។ អនុវត្តបែបនេះឲ្យបានមួយនាទី វានឹងជួយឲ្យអ្នកមានសាច់ដុំក្បាលពោះ ២ ទៅ ៦កង់។

សូមព្យាយាមអនុវត្តតិចនិចទាំងនេះពីលើដល់ក្រោម ជាប្រចាំ អ្នកនឹងឆាប់ទទួលបានរាងស្អាតដូចបំណង៕

ដកស្រង់ពី៖ soha

មតិយោបល់