គ្រឿងស្រវឹង គឺជាភេសជ្ជៈដ៏ពេញនិយមបំផុតសម្រាប់មនុស្សជាច្រើននៅទូទាំងពិភពលោក ជាពិសេសនៅក្នុងកម្មវិធីជួបជុំផ្សេងៗតែម្តង។ ប៉ុន្តែអ្នកវេជ្ជសាស្ត្របានបង្ហាញថា ការសេពគ្រឿងស្រវឹងច្រើនពេក អាចបង្កឲ្យកើតជំងឺធ្ងន់ធ្ងរច្រើនយ៉ាង ហើយប្រសិនបើអ្នកសេពគ្រឿងស្រវឹងផង ជក់បារីផងនោះ ច្បាស់ជាប្រឈមនឹងជំងឺមហារីកកាន់តែខ្ពស់។
ខាងក្រោមនេះ គឺជាជំងឺមហារីក ៦ប្រភេទដែលបង្កឡើងដោយសារតែគ្រឿងស្រវឹង៖
មហារីកថ្លើម
ការប្រើប្រាស់គ្រឿងស្រវឹងច្រើនពេក គឺជាមូលហេតុចម្បងនៃជំងឺក្រិនថ្លើម។ នៅពេលដែលជំងឺនេះមានសភាពរ៉ាំរ៉ៃ យូរៗទៅវានឹងបង្កើនហានិភ័យកាន់តែខ្ពស់ ក្នុងការវិវត្តទៅរកជំងឺមហារីកថ្លើម។
មហារីកសុដន់
ស្ត្រីមួយចំនួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលដឹងថា ការសេពស្រាជាញឹកញាប់អាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់។ ការសេពគ្រឿងស្រវឹងអាចប៉ះពាល់ដល់ការសំយោគអ័រម៉ូន estrogen ដែលបណ្តោលឲ្យរាងកាយរបស់មនុស្សស្រីមានការផ្លាស់ប្តូរ។
ការកើនឡើងកម្រិតនៃអ័ម៉ូន estrogen មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងជំងឺមហារីកសុដន់ ជាពិសេសមនុស្សស្រីដែលសេពគ្រឿងស្រវឹងមធ្យម ឬខ្ពស់។
មហារីកមាត់
ការស្រាវជ្រាវបានបង្ហាញថា ៧៥ភាគរយនៃអ្នកជំងឺមហារីកមាត់ គឺជាអ្នកសេពគ្រឿងស្រវឹង។ លើសពីនេះទៅទៀត អ្នកដែលសេពគ្រឿងស្រវឹងផង ជក់បារីផង ងាយនឹងកើតជំងឺមហារីកមាត់ជាងគេ។
មហារីកបំពងក
បើយោងតាមការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការប្រើប្រាស់គ្រឿងស្រវឹងរ៉ាំរ៉ៃ ប្រឈមនឹងជំងឺមហារីកបំពងក។ បើអ្នកជាមនុស្សញៀនបារីទៀតនោះ ហានិភ័យនៃជំងឺមហារីកបំពង់ក កើនឡើងកាន់តែខ្លាំង។
មហារីកក្រពះ
អ្នកជំនាញបានប៉ាន់ប្រមាណថា ប្រហែលជា ៧៥ភាគរយនៃអ្នកដែមានជំងឺក្រពះ ជាប់ទាក់ទងទៅនឹងការសេពគ្រឿងស្រវឹងរ៉ាំរ៉ៃ។ គ្រឿងស្រវឹងអាចបណ្តោលឲ្យក្រពះផលិតជាតិអាស៊ីតលើសកម្រិត ហើយជាតិអាស៊ីតនេះនឹងចាប់ផ្តើមស៊ីភ្នាសក្រពះ បន្តិចម្តងៗ ដែលបង្កទៅជាដំបៅមហារីក។
មហារីកពោះវៀនធំ
បុរស ដែលសេពគ្រឿងស្រវឹងច្រើន ប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺមហារីកពោះវៀនធំ និងរន្ធគូថ ជាងស្ត្រីដែលសេពគ្រឿងស្រវឹង ហើយក្រុមមនុស្សទាំងពីរក្រុមនេះប្រឈមនឹងហានិភ័យនៃជំងឺមហារីកខ្ពស់ជាងអ្នកដែលមិនប៉ះពាល់។
ស្របពេលជាមួយគ្នានេះ ជំងឺមហារីកទាំងអស់អាចព្យាបាលឲ្យជាសះស្បើយបាន ប្រសិនបើអ្នករកឃើញរោគសញ្ញាដំបូងរបស់វា៕
ដកស្រង់ពី៖ soha
មតិយោបល់