ព័ត៌មានសុខភាព

ទង្វើ៥យ៉ាងធ្វើឲ្យអ្នកខូចឆ្អឹងធ្ងន់ធ្ងរ

ឆ្អឹងពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រាងកាយ ក្នុងការធ្វើសកម្មភាពបត់បែន ប៉ុន្តែមនុស្សភាគច្រើនមិនសូវខ្វល់ខ្វាយពីផលវិបាកនៃបញ្ហាឆ្អឹងនោះទេ ដែលធ្វើឲ្យជះឥទ្ធិពលយ៉ាងខ្លាំងដល់គុណភាពនៃជីវិត។

បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា មានទង្វើ៥ចំណុច អាចធ្វើឲ្យឆ្អឹងមានភាពទន់ខ្សោយ ឬពុកផុត ដូច្នេះអ្នកគួរតែជៀសវាង។

១.ទម្លាប់ទទួលទានភេសជ្ជៈដែលមានផ្ទុកជាតិស្ករច្រើន
ភេសជ្ជៈដែលមានផ្ទុកជាតិស្ករ ស្ថិតនៅក្នុងបញ្ជីនៃអាហារដែលគ្មានផាសុខភាពឡើយ ហើយវាក៏អាចធ្វើឲ្យខូចធ្មេញផងដែរ។ មិនតែប៉ុណ្ណោះ ការសិក្សាជាច្រើនបានបង្ហាញថា ការទទួលទានភេសជ្ជៈប្រភេទនេះច្រើនពេក អាចបណ្តោលឲ្យកម្រិតដង់ស៊ីតែនៃឆ្អឹង ធ្លាក់ចុះយ៉ាងខ្លាំង។

២.ទទួលទានអាហារសម្បូរជាតិកាល់ស្យូមខ្ពស់ (អំបិល)
គួរកត់សម្គាល់ថា អំបិល និងអាហារដែលមានជាតិប្រៃខ្លាំង ប្រសិនបើអ្នកប្រើប្រាស់លើសកម្រិត នឹងបណ្តោលឲ្យសុខភាពឆ្អឹងចុះខ្សោយ និងកើតជំងឺពុកឆ្អឹងផងដែរ។

៣.ទទួលទានគ្រឿងស្រវឹងច្រើនពេក
ជាការពិតណាស់ មានមនុស្សជាច្រើនចូលចិត្តទទួលទានស្រា ក៏ប៉ុន្តែត្រូវចាំថា ការទទួលទានស្រាច្រើនហួសប្រមាណនឹងកាត់បន្ថយការស្រូប ព្រមទាំងកាត់បន្ថយការប្រើប្រាស់កាល់ស្យូម។ ការញ៉ាំស្រាច្រើន ធ្វើឲ្យជាតិកាល់ស្យូមត្រូវបញ្ចេញចេញពីក្នុងខ្លួន ដែលជាកត្តាធ្វើឲ្យឆ្អឹងមានភាពទន់ខ្សោយ។

៤.ទទួលទានប្រូតេអ៊ីនច្រើន និងកាបូនអ៊ីដ្រាតទាប
អ្នកដែលរក្សាទម្លាប់ទទួលទានប្រូតេអ៊ីនខ្ពស់ និងការញ៉ាំកាបូនអ៊ីដ្រាតតិចតួច ក្នុងរយៈពេលយូរ នឹងបង្កើតបរិមាណនៃសារធាតុ ketones ក្នុងឈាម ដែលនាំឲ្យបាត់បង់កាល់ស្យូមក្នុងឆ្អឹង នេះហើយជាមូលហេតុមួយទៀត ដែលបណ្តោលឲ្យអ្នកកើតជំងឺពុកឆ្អឹង។

យកល្អអ្នកគួរតែព្យាយាមកាត់បន្ថយការទទួលទានសាច់ ហើយបន្ថែមបន្លែពណ៌បៃតងឲ្យបានច្រើន។

៥.តមអាហារ
ការតមអាហារ គឺជាវិធីសាស្ត្រមួយក្នុងការសម្រកទម្ងន់ ឬរក្សារាងចំពោះមនុស្សស្រី។ ប៉ុន្តែការតមហួសហេតុពេក មិនត្រឹមតែខ្វះសារធាតុចិញ្ចឹមដល់រាងកាយប៉ុណ្ណោះទេ វាក៏ប៉ះពាល់ដល់សារធាតុចិញ្ចឹមសម្រាប់ឆ្អឹងផងដែរ។

លើសពីនេះការតមអាហារ អាចកាត់បន្ថយសមត្ថភាពនៃប្រព័ន្ធរំលាយអាហារ ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សុខភាពនៃឆ្អឹង ហើយកើតជំងឺពុកឆ្អឹងគេចមិនរួចឡើយ៕

ដកស្រង់ពី៖ soha

មតិយោបល់