ព័ត៌មានជាតិ

ឆក់ឥតល្ហែ! យុវតី២នាក់ ត្រូវចោរឆក់កាបូបមិនបានសម្រេច បណ្តាលឲ្យរងរបួស!

ភ្នំពេញៈ យុវតី២នាក់ ជិះម៉ូតូមកពីទារលុយគេ ត្រូវចោរធ្វើសកម្មភាពឆក់កាបូបស្ពាយមិនបានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលរងរបួសស្រាល។ ចំណែកឯជនសង្ស័យបានជិះរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ត្រង់ចំណុចខាងត្បូងផ្សារទំនើបម៉ាក្រូ ប្រមាណ៣០ម៉ែត្រ តាមបណ្តោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះ សួរ ភេទស្រី អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះជាមួយមីង ស្នាក់នៅក្នុងបុរីពិភពថ្មី ក្បែរនឹងកន្លែងកើតហេតុ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បើតាមសម្តីពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងបងស្រីរបស់ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FS-8689 ដែលទើបតែជិះចេញមកពីទារលុយគេនៅម្តុំផ្សារបឹងឈូកហើយបំណងជិះត្រលប់ទៅផ្ទះវិញដែលនៅក្បែរនិងកន្លែងកើតហេតុ។ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣ ក្នុងទិសដៅពីត្បូងទៅជើង។ លុះជិះមកដល់ក៏ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះមកពីក្រោយរួចក៏បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះដែលស្ពាយដាក់ចំហៀងខ្លួនបណ្តាលឲ្យដាច់ខ្សែកាបូបឆក់មិនបានសម្រេច ធ្វើឲ្យជនរងគ្រោះដួលម៉ូតូរងរបួសស្រាលទាំង២នាក់។ ភ្លាមៗនោះជនសង្ស័យទាំង២នាក់ ខាងលើបានបន្ថែមល្បឿនជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ធ្វើឲ្យជនរងគ្រោះភ័យតក់ស្លុតយ៉ាងខ្លាំងរហូតដល់ថ្នាក់មិនហ៊ានជិះបន្តដំណើរទៅមុខទៀត។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុហើយបានត្រឹមតែជិះជូនជនរងគ្រោះត្រឡប់ទៅផ្ទះដោយមិនបានខ្វាយខ្វល់ពីភិនភាគរបស់ជនសង្ស័យអ្វីនោះទេ៕

មតិយោបល់