ព័ត៌មានសុខភាព

សញ្ញាដែលបញ្ជាក់ថា អ្នកនឹងកើតជំងឺទឹកនោមផ្អែមឆាប់ៗនេះ

ទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទដែលអាចឆក់យកជីវិតមនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោក ហើយរហូតមកដល់ពេលនេះ ពុំទាន់មានថ្នាំដែលអាចព្យាបាលឲ្យជាសះស្បើយបាននៅឡើយទេ។ ទោះបីជាជំងឺនេះមិនទាន់មានថ្នាំព្យាបាលក្តី ក៏ប៉ុន្តែប្រសិនបើអ្នករកឃើញរោគសញ្ញាដំបូងរបស់វា គឺអាចជួយសង្គ្រោះជីវិតឲ្យរួចផុតពីក្តីស្លាប់បាន។

ឆ្លងមេរោគលើផ្លូវបង្ហូរនោមញឹក
ការឆ្លងមេរោគលើផ្លូវបង្ហូរនោមញឹកញាប់ អាចជាសញ្ញាមួយនៃជំងឺទឹកនោមផ្អែម។ បើយោងតាមវេជ្ជបណ្ឌិត Daniel Hsia នៅមជ្ឈមណ្ឌលស្រាវជ្រាវ Biomedical បានឲ្យដឹងថា កម្រិតនៃជាតិស្ករក្នុងឈាមខ្ពស់បង្កើនបរិយាកាសសម្រាប់ការឆ្លងមេរោគបាក់តេរី ដើម្បីធ្វើការអភិវឌ្ឍ។ ជាពិសេស ការឆ្លងមេរោគផ្សិតតែម្តង។

ស្រេកទឹកជាប់រហូត
អ្នកកើតជំងឺទឹកនោមផ្អែម តែងតែមានអារម្មណ៍ស្រេកទឹកជាប់រហូត។ ការសិក្សាមួយបានបង្ហាញថា នៅពេលដែលជាតិស្ករក្នុងឈាមឡើងខ្ពស់ កម្រិតនៃជាតិសូដ្យូមក្នុងឈាមនឹងចុះខ្សោយ។ សូដ្យូម ជួយឲ្យរក្សាជាតិទឹកក្នុងរាងកាយ ដូច្នេះបើសិនជាកង្វះសូដ្យូមនៅក្នុងឈាម វាអាចបង្កើនការស្រេកទឹកកាន់តែខ្លាំង។

ការផឹកទឹក ជាដំណោះស្រាយបណ្តោះអាសន្នតែប៉ុណ្ណោះ ប្រសិនបើអ្នកបានបំពេញទឹកគ្រប់គ្រាន់ហើយនៅតែស្រេកទឹកទៀត ហើយវាកើតឡើងដដែលរាល់ថ្ងៃ គឺជាសញ្ញាព្រមាននៃជំងឺទឹកនោមផ្អែម។

ភ្នែកព្រិលភ្លាមៗ
ការព្រិលភ្នែកជាញឹកញាប់ គឺជាសញ្ញាព្រមានដំបូងនៃជំងឺទឹកនោមផ្អែម។ ភ្នែកអាចព្រិល ដោយសារតែមានសារធាតុរាវហៀរចូលភ្នែកច្រើនពេក។ ដូច្នេះ អ្នកគួរតែបរិភោគបន្លែផ្លែឈើបៃតងឲ្យបានច្រើន ព្រោះវាមានផ្ទុកជាតិសរសៃ វីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយលើកម្ពស់ប្រព័ន្ធភាពស៊ាំរបស់រាងកាយឲ្យល្អប្រសើរឡើងវិញ។

ខ្សោយការចង់ចាំ
ការបាត់បង់ជាតិទឹកអាចបណ្តោលឲ្យមានការរំខានដល់ការចង់ចាំ។ ការសិក្សាថ្មីមួយរបស់សាលាវេជ្ជសាស្ត្រ Harvard បានរកឃើញថា កម្រិតនៃជាតិស្ករក្នុងឈាមខ្ពស់ អាចបណ្តោលឲ្យសរសៃឈាមក្នុងខួរក្បាលទន់ខ្សោយ និងកាត់បន្ថយអុកស៊ីសែនទៅកាន់ខួរក្បាល ដែលបង្កឲ្យរលាក ព្រមទាំងមានការច់ងចាំមិនល្អ។

មិនអាចគ្រប់គ្រងចំណង់អាហារបាន
ជំងឺទឹកនោមផ្អែម អាចបង្អាក់សមត្ថភាពក្នុងការផ្លាស់ប្តូរទីជាតិស្ករចេញពីសរសៃឈាម កោសិកាផ្ទុកជាតិស្ករកាន់តែច្រើន និងមិនអាចបំលែងទៅជាថាមពលបាន។ ដោយសារតែរាងកាយ មិនអាចទទួលបានថាមពលគ្រប់គ្រាន់ អ្នកជំងឺទឹកនោមផ្អែម តែងតែមានចំណង់អាហាររហូត ដើម្បីបំពេញបន្ថែមថាមពល ដូច្នេះពួកគេត្រូវតែញ៉ាំច្រើនខុសពីធម្មតា។

របួសមិនងាយជា
ប្រសិនបើអ្នកមានជាតិស្ករក្នុងឈាមឡើងខ្ពស់ អ្នកអាចមានបញ្ហាក្នុងការព្យាបាលមុខរបួស។ បើយោងតាមការសិក្សាដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តីអាមេរិក បានបង្ហាញថា ជំងឺទឹកនោមផ្អែម អាចកាត់បន្ថយលំហូរឈាមទៅក្នុងអវយវៈ ដែលនាំឲ្យរបួសកាន់តែមានសភាពអាក្រក់។

ការស្រាវជ្រាវក៏បានបង្ហាញផងដែរថា ការផ្លាស់ប្តូរជាតិស្ករក្នុងឈាម ពាក់ព័ន្ធទៅនឹងជំងឺទឹកនោមផ្អែម ដែលអាចរារាំងដល់ការបង្កើតឡើងវិញនៃកោសិកា នាំឲ្យប៉ះពាល់ដល់ដំណើរការនៃការព្យាបាលរបួស៕

ដកស្រង់ពី៖ soha

មតិយោបល់