ព័ត៌មានសុខភាព

មិនល្អទាំងអស់នោះទេ! ទទួលទានម្នាស់ច្រើនពេកក៏មានផលប៉ះពាល់ដែរ

ទឹកម្នាស់មួយពែង មានផ្ទុកកាឡូរីចាប់ពី ៧០ ទៅ ៨៥កាឡូរី វីតាមីន C ១៣១ភាគរយ សូដ្យូម ២មីលីក្រាម កាបូនអ៊ីដ្រាត ២២ក្រាម ប្រូតេអ៊ីន ១ក្រាម កាល់ស្យូម ២ភាគរយ វីតាមីន A ២ភាគរយ និង ជាតិដែក ២ភាគរយ។

គុណសម្បត្តិទាំងអស់នេះហើយ ដែលធ្វើម្នាស់ក្លាយទៅជាឱសថសម្រាប់ដោះស្រាយបញ្ហាជាច្រើន រួមទាំងជំងឺទឹកនោផ្អែម និងហឺតជាដើម។ ក្រៅពីនេះ វាអាចជួយគាំទ្រដល់ប្រព័ន្ធភាពស៊ាំ ទប់ស្តាត់ជំងឺមហារីក ជំរុញដល់ការរំលាយអាហារ កាត់បន្ថយឈាមកក និងប្រឆាំងការរលាក។

ទោះជាយ៉ាងណាក៏ដោយ បើយោងតាមគេហទំព័រ Boldsky បានចុះផ្សាយថា ការទទួលទានផ្លែម្នាស់លើសកម្រិតមិនល្អសម្រាប់រាងកាយឡើយ ជាពិសេសវាអាចបង្កឲ្យមានបញ្ហាដូចខាងក្រោម៖

ឡើងជាតិស្ករ
ផ្នែកម្នាស់មានផ្ទុកជាតិស្ករ និងកាបូនអ៊ីដ្រាតខ្ពស់ ដូច្នេះប្រសិនបើអ្នកទទួលទានច្រើនជ្រុល អាចបង្កើនកម្រិតជាតិស្ករក្នុងឈាមកាន់តែខ្លាំង។

ប៉ះពាល់ដល់ធ្មេញ
ជាតិអាស៊ីតខ្ពស់នៅក្នុងផ្លែម្នាស់ អាចបណ្តោលឲ្យអ្នកកើតជំងឺមាត់ធ្មេញ ដូចជាធ្វើឲ្យធ្មេញទន់ សឹកធ្មេញ និងដង្កូវស៊ីធ្មេញជាដើម។ ជាទូទៅអាការឈឺធ្មេញ និងស្រៀវធ្មេញ បង្ហាញរោគសញ្ញានៅពេលដែលអ្នកញ៉ាំអាហារក្តៅ ឬត្រជាក់។

មិនល្អសម្រាប់អ្នកមានផ្ទៃពោះ
ការទទួលទានម្នាស់ច្រើនពេក អាចបង្កើនកម្រិត bromelain នៅក្នុងរាងកាយរបស់ស្ត្រីមានផ្ទៃពោះ ដូច្នេះវានឹងធ្វើការកន្ត្រាក់ស្បូន ដែលនាំឲ្យមានការរលូត។

ក្រៅពីផលប៉ះពាល់ទាំង៣ចំណុចនេះ អ្នកដែលកំពុងតែប្រើប្រាស់ថ្នាំពេទ្យ ឬមនុស្សដែលមានជំងឺអាឡែស៊ី ក៏គួរតែជៀសវាងដែរ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់៕

ដកស្រង់ពី៖ Boldsky

មតិយោបល់