ជាទូទៅអ្នកប្រហែលជាធ្លាប់លឺថា ការផឹកទឹកចំនួន ៨កែវក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់សម្រាប់គ្រប់គ្រងសារធាតុរាងក្នុងរាងកាយហើយ។ តែទោះជាយ៉ាងណា មិនមែនគ្រប់ករណីទាំងអស់នោះទេ។
លោកសាស្ត្រាចារ្យ Seth Smith នៅសាកលវិទ្យាល័យ Florida បាននិយាយថា កុមារ និងមនុស្សចាស់ត្រូវការទឹកច្រើនជាងធម្មតា ដើម្បីជៀសវាងការបាត់បង់ជាតិទឹក។ មិនតែប៉ុណ្ណោះប្រសិនបើអ្នកធ្វើការច្រើនក្នុងបរិយាកាសក្តៅខ្លាំង ក៏ត្រូវការទឹកច្រើនដែរ តែសម្រាប់អ្នកធ្វើការកន្លែងត្រជាក់វិញ មិនសូវមានតម្រូវការឡើយ។
ទោះជាយ៉ាងណា ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាណាមួយដូចខាងក្រោមនេះ គឺជាសញ្ញាបង្ហាញថា រាងកាយរបស់អ្នកកំពុងតែខ្វះជាតិទឹកធ្ងន់ធ្ងរ៖
មាត់ស្ងួត
មាត់ស្ងួត គឺជាសញ្ញាមួយដែលដាស់តឿនថា រាងកាយរបស់អ្នកត្រូវការទឹកបន្ថែម។ លោកវេជ្ជបណ្ឌិត Harmony R. Reynolds ជាអ្នកគ្រប់គ្រងនៅមជ្ឈមណ្ឌល់ស្រាវជ្រាវវេជ្ជសាស្ត្រ នៅទីក្រុង New York បានពន្យល់ថា អ្នកនឹងមិនអាចបញ្ចេញទឹកមាត់បានទេ ប្រសិនបើរាងកាយមិនមានទឹកគ្រប់គ្រាន់នោះ។
លើសពីនេះទៅទៀត ដង្ហើមអាក្រក់ ក៏កើតចេញពីមាត់ស្ងួតដែរ។ ដូច្នេះ ដើម្បីជៀសវាងបញ្ហាទាំងនេះ អ្នកគួរតែព្យាយាមផ្តល់ជាតិទឹកដល់រាងកាយឲ្យបានគ្រប់គ្រាន់។
ទឹកនោមមានពណ៌ក្រម៉ៅ
បើយោងតាមលោក Koushik Shaw ជាឱសថការី និងស្ថាបនិកនៃវិទ្យាស្ថាន Austin Urology Research Institute បានបង្ហាញថា ទឹកនោមត្រូវបានគេចាត់ទុកជារង្វាស់នៃសុខភាពរបស់មនុស្ស នៅពេលគេនិយាយអំពីពណ៌។ ប្រសិនបើទឹកនោមមានពណ៌ក្រម៉ៅ គឺជាសញ្ញាព្រមាន ដែលត្រូវឲ្យអ្នកបន្ថែមជាតិទឹកដល់រាងកាយឲ្យបានគ្រប់គ្រាន់។
ស្បែកស្ងួត
ស្បែក គឺជាសរីរាង្គដ៏ធំបំផុតនៃរាងកាយ ហើយវាក៏ត្រូវការទឹកគ្រប់គ្រាន់ដូចសរីរាង្គដ៏ទៃទៀតផដែរ។
បើយោងតាមលោក Michelle Pelle ជាអ្នកឯកទេសផ្នែកស្បែក បានបង្ហាញថា ប្រសិនបើស្បែករបស់អ្នកស្ងួត វាមិនអាចផលិតជាតិសំណើមបាននោះទេ។ មូលហេតុដោយសារតែស្បែកខ្វះជាតិទឹកធ្ងន់ធ្ងរ ដែលត្រូវការបំពេញបន្ថែមឲ្យបានគ្រប់គ្រាន់។
សម្ពាធឈាមទាប
ជាងពាក់កណ្តោលនៅក្នុងខ្លួនរបស់មនុស្សគ្រាប់រូប គឺជាប្លាស្មា។ ប្លាស្មា ត្រូវបានបង្កើតឡើងពីទឹក ប្រូតេអ៊ីន និងអំបិល។ ដូច្នេះ បើពុំមានទឹកគ្រប់គ្រាន់ទេ ឈាមនឹងខាប់ ហើយពិបាកធ្វើចរាចរទៅកាន់សរីរាង្គផ្សេងៗ ដែលគេហៅថាសម្ពាធឈាមទាប។ យកល្អ ដើម្បីគេចផុតពីបញ្ហាមួយនេះ អ្នកគួរតែព្យាយាមទទួលទានទឹកឲ្យបានច្រើន។
ឈឺក្បាល
ប្រសិនបើខួរក្បាល មិនបានទទួលទានទឹកគ្រប់គ្រាន់ដើម្បីដំណើរការទេ វានឹងបង្កឲ្យមានអាការឈឺក្បាលកើតឡើង។ លោក Linda Anegawa ជាអ្នកឯកទេសផ្នែកសុខភាព បានព្រមានថា ការមើលមិនច្បាស់ មានអារម្មណ៍វិលមុខ ខ្យលចាប់ គឺជាសញ្ញាធ្ងន់ធ្ងរដែលបញ្ជាក់ថា រាងកាយកំពុងតែខ្វះជាតិទឹកធ្ងន់ធ្ងរ៕
ដកស្រង់ពី៖ soha
មតិយោបល់