ព័ត៌មានសុខភាព

បញ្ហាសុខភាព៥យ៉ាង បង្កឡើងដោយសារការញ៉ាំជាតិស្ករច្រើនពេក

ស្ករត្រូវបានគេចាត់ទុកជាគ្រឿងទេសប្រចាំផ្ទះបាយ មិនអាចខ្វះបានឡើយ ព្រោះវាអាចជួយឲ្យអាហារកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់។ ក៏ប៉ុន្តែអ្នកមានធ្លាប់គិតទេថា ការទទួលទានស្ករច្រើនពេក អាចមានផលអវិជ្ជមានចំពោះសុខភាព? បើយោងតាមគេហទំព័រ soha បានបង្ហាញថា ការទទួលទានជាតិស្ករច្រើនពេក មិនមែនជារឿងល្អសម្រាប់សុខភាពឡើយ ព្រោះវាអាចបង្កឲ្យមានបញ្ហា៥យ៉ាង។

ឡើងទម្ងន់
សម្រាប់សុភាពនារីដែលចង់មានរូបរាងស្រស់ស្អាត មិនគួរញ៉ាំអាហារដែលមានផ្ទុកជាតិស្ករច្រើនពេកនោះទេ។ នៅពេលដែលអ្នកញ៉ាំជាតិស្ករច្រើនពេក អាចធ្វើឲ្យរាងកាយឡើងទម្ងន់កាន់តែច្រើន សូម្បីតែរបបអាហារសម្បូរជាតិម្សៅ និងខ្លាញ់ ក៏ដូចគ្នាដែរ។ ដូច្នេះ សូមកាត់បន្ថយអាហារបែបនេះ ប្រសិនបើចង់រក្សាទម្ងន់ឲ្យមានតុល្យភាព។

រាងកាយអស់កម្លាំង
នៅពេលដែលអ្នកទទួលទានអាហារសម្បូរជាតិស្ករច្រើនពេក រាងកាយនឹងខ្វះថាមពល។ ប្រសិនបើអ្នកសង្កេតឃើញរាងកាយមានសភាពបែបនេះ សូមកាត់បន្ថយបរិមាណជាតិស្ករដែលប្រើប្រាស់ប្រចាំថ្ងៃ ហើយព្យាយាមទទួលទានបន្លែបៃតងឲ្យបានច្រើន ដើម្បីបញ្ចេញជាតិពុលពីរាងកាយ។

បញ្ហាមាត់ធ្មេញ
នៅពេលអ្នកញ៉ាំរបស់ផ្អែមច្រើនពេក នឹងមានគ្រោះថ្នាក់ដល់ធ្មេញ ពីព្រោះជាតិស្ករនឹងធ្វើឲ្យធ្មេញដុសស្នឹម ឬពុកធ្មេញ។ យូរៗទៅវានឹងស៊ីចូលទៅជ្រៅដល់បណ្តូលធ្មេញ ដែលធ្វើឲ្យអ្នកមានការឈឺចាប់ខ្លាំង រហូតសម្រេចចិត្តដកចេញក៏មានដែរ។

បញ្ហាស្បែក
មូលហេតុមួយក្នុងចំណោមមូលហេតុដែលច្រើនដែលបណ្តោលមកពីការញ៉ាំជាតិស្ករច្រើន គឺកើតមុន នៅលើផ្ទៃស្បែក។ មិនតែប៉ុណ្ណោះ ជាតិស្ករក៏អាចបណ្តោលឲ្យកើតបញ្ហារង្វង់ភ្នែកខ្មៅផងដែរ។ ដើម្បីកាត់បន្ថយស្ថានភាពបែបនេះ អ្នកគួរតែកាត់បន្ថយការប្រើប្រាស់ស្ករនៅក្នុងរបបអាហារ ឬផ្អាកទទួលទានបង្អែម។

ហានិភ័យជំងឺទឹកនោមផ្អែម
ការទទួលទានជាតិស្ករច្រើនពេក មិនត្រឹមតែបង្កឲ្យមានការឡើងទម្ងន់ប៉ុណ្ណោះទេ វាថែមទាំងបង្កើនហានិភ័យនៃការវិវត្តទៅរកជំងឺទឹកនោមផ្អែមផងដែរ។ ប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំងខ្លាំងក៏ដោយ កុំព្យាមទទួលទានរបស់ដែលមានផ្ទុកជាតិស្ករច្រើនពេក ព្រោះវាធ្វើឲ្យអាចផ្តល់ថាមពលតែមួយភ្លែតប៉ុណ្ណោះ តែចុងក្រោយអ្នកច្បាស់ជាប្រឈមនឹងជំងឺទឹកនោមផ្អែម៕

ដកស្រង់ពី៖ soha

មតិយោបល់