បរទេសៈ ស្វាយមិនត្រឹមតែជាផ្លែឈើដ៏ឆ្ងាញ់ពិសាសម្រាប់មនុស្សភាគច្រើននោះទេ វាថែមទាំងផ្តល់អត្ថប្រយោជន៍មិនគួរឲ្យជឿ ទាំងសុខភាព និងសម្រស់។ ព្រោះស្វាយសម្បូរទៅដោយវីតាមីន និងសារធាតុសំខាន់ៗដែលរាងកាយត្រូវការជាចាំបាច់។ ដូច្នេះហើយ អ្នកគួរតែទទួលទានស្វាយរាល់ថ្ងៃ ដើម្បីទទួលបានគុណប្រយោជន៍ទាំងអស់នោះ។
១. ប្រឆាំងជំងឺមហារីក និងបញ្ចុះកូឡេស្តេរ៉ុល
ស្វាយសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចការពារពីជំងឺមហារីកពោះវៀនធំ, សុដន់, មហារីកឈាម និងក្រពេញប្រូស្តាត។ ស្វាយមានផ្ទុកវីតាមីន C, សារជាតិ Pectin និងសរសៃ ដែលអាចជួយបន្ថយកម្រិតកូឡេស្តេរ៉ុលផងដែរ។ មិនតែប៉ុណ្ណោះស្វាយជាប្រភពនៃប៉ូតាស្យូម ដែលមានសារៈសំខាន់ក្នុងការរក្សាលំហូរឈាម, ការពារជំងឺសរសៃឈាមបេះដូង និងរក្សាសម្ពាធឈាម។
២. ថែរក្សាស្បែក សក់ ក្រចក…
អ្នកគ្រាន់តែចិតស្វាយទុំជាសំណិតស្តើងៗ រួចបិទនៅលើផ្ទៃមុខចំនួន ១៥នាទី ទើបលាងជម្រះចេញ វានឹងជួយឲ្យផ្ទៃមុខស្រស់ស្អាត ហើយមិនប្រកាន់ស្បែកឡើយ។
ស្វាយសម្បូរទៅដោយអាស៊ីត ហ្វូលិក ដែលល្អសម្រាប់ស្បែក, សក់ និងក្រចកផងដែរ ប្រសិនបើអ្នកទទួលទានរាល់ថ្ងៃ។
៣. ថែរក្សាភ្នែក
ទទួលទានស្វាយក្រឡុកមួយពែង អាចទទួលបានវីតាមីន A ចំនួន ២៥ភាគរយ ដែលរាងកាយត្រូវការរាល់ថ្ងៃ ដើម្បីជួយការពារបញ្ហាភ្នែក និងជួយឲ្យភ្នែកមើលឃើញកាន់តែច្បាស់។
៤. ជំនួយដល់ការរំលាយអាហារ
ផ្លែស្វាយមានផ្ទុកជាតិសរសៃ និងអង់ស៊ីមសម្រាប់បំបែកប្រូតេអ៊ីន ដែលអាចជំនួយដល់ការរំលាយអាហារ។
៥. បណ្តេញជាតិពុល
ស្វាយមានផ្ទុកជាតិទឹក នឹងស្ករ ដែលអាចជួយកាត់បន្ថយការស្រេចទឹក ព្រមទាំងអស់កម្លាំង។ លើសពីនេះទៅទៀត វាអាចជួយបណ្តេញជាតិពុលចេញពីតម្រងនោមយ៉ាងមានប្រសិទ្ធិភាព៕
មតិយោបល់