រលាកសន្លាក់ ត្រូវបានគេចាត់ទុកជាជំងឺទូទៅដែលតែងតែកើតមានឡើងចំពោះមនុស្សវ័យចំណាស់ ក៏ប៉ុន្តែបច្ចុប្បន្ននេះសូម្បីតែមនុស្សវ័យក្មេងមួយចំនួនក៏កើតមានជំងឺនេះដែរ។ រលាកសន្លាក់ អាចធ្វើឲ្យមានអាការហើម ឈឺចាប់ និងរឹងតាមសន្លាក់ ដែលពិបាកក្នុងការផ្លាស់ប្តូរចលនា ឬដើរ។
តើត្រូវដូចម្តេច ទើបអាចការពារខ្លួនឲ្យជៀសឆ្ងាយពីជំងឺរលាកសន្លាក់? មិនបាច់ព្រួយនោះទេ អនុវត្ត ៥វិធីនេះ អាចជួយអ្នកឲ្យចាកឆ្ងាយពីជំងឺរលាកសន្លាក់បាន៖
រក្សាទម្ងន់
ការលើសទម្ងន់អាចដាក់សម្ពាធខ្លាំងទៅលើសន្លាក់ ហើយយូរៗអ្នកកើតមានជំងឺឈឺសន្លាក់ជាពុំខាន។ ហេតុនេះ ប្រសិនបើអ្នកអាចរក្សាទម្ងន់បានល្អ វានឹងជួយសម្រាលសម្ពាធសន្លាក់ ហើយជួយឲ្យរាងកាយមានសុខភាពល្អផងដែរ។
ធ្វើលំហាត់ប្រាណជាទៀងទាត់
ប្រសិនបើអ្នកចង់រក្សាសាច់ដុំឲ្យមានសុខភាពល្អ អ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់។ ការស្រាវជ្រាវមួយបានបង្ហាញថា ប្រសិនបើអ្នកមានការឈឺចាប់ដោយសារតែសន្លាក់ អ្នកគួរតែធ្វើលំហាត់ប្រាណបែបសមាធិ ព្រោះវាអាចជួយពង្រឹងសាច់ដុំរបស់អ្នក ធ្វើឲ្យមានភាពប្រសើរឡើងនូវការផ្គត់ផ្គងឈាមក្នុងខ្លួន និងសុខភាពឆ្អឹងខ្ចី។
អ្នកក៏អាចធ្វើលំហាត់ប្រាណដូចជា ហែលទឹក និងដើរ ដើម្បីទទួលបានផលប្រយោជន៍ដល់សន្លាក់ ប៉ុន្តែសូមជៀសវាងការធ្វើលំហាត់ប្រាណខ្លាំងៗពេក ព្រោះវាអាចធ្វើឲយខូចខាតសន្លាក់។
បរិភោគអាហារ
ជំងឺរលាកសន្លាក់ជារឿយៗមានការឈឺចាប់ រឹង ហើម ហើយអ្នកក៏អាចឃើញមានពណ៌ក្រហមផងដែរ។ វិធីធម្មជាតិ ដើម្បីការពារសន្លាក់ គឺការទទួលទានអាហារប្រឆាំងនឹងការរលាកដូចជា រមៀត ខ្ញី ប៉េងប៉ោះ វ៉ាល់ណាត់ អាល់ម៉ុន បឺរី ត្រី ស្ពៃខៀវ…។
កំណត់ជាតិសូដ្យូម
អ្នកមិនគួរបរិភោគអំបិលច្រើនពេកនោះទេ ព្រោះអំបិលអាចធ្វើឲ្យឆ្អឹងរបស់អ្នកខ្សោយ ហើយងាយនឹងបាក់បែកថែមទៀត។ លើសពីនេះ អ្នកគួរប្រើអាហារដែរសម្បូរជាតិកាល់ស្យូមដូចជា ទឹកដោះគោ និងផលិតផលទឹកដោះគោ ក្នុងរបបអាហារ ព្រោះវាមានសារៈសំខាន់សម្រាប់សុខភាពឆ្អឹង។
ធ្វើការម៉ាស្សា
នៅពេលដែលសន្លាក់ចាប់ផ្តើមរឹង វានឹងមានការឈឺចាប់ ប៉ុន្តែការម៉ាស្សាទៀងទាត់ អាចជួយបំបាត់អាការឈឺសន្លាក់បាន។ ការប្រើប្រេងម៉ាស្សាថ្នមៗ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រួល ហើយការឈឺចាប់នឹងថយចុះនៅពេលដែលភាពរឹងនៃសន្លាក់បាត់ទៅវិញ៕
មតិយោបល់