គ្រប់គ្នាប្រហែលជាដឹងហើយថា ថ្លើម គឺជាសរីរាង្គដ៏សំខាន់បំផុត ព្រោះវាមានតួនាទីចាំបាច់ក្នុងការសំយោគសារធាតុសំខាន់ៗជាច្រើន និងលុបបំបាត់សារធាតុពុល ដែលបង្កផលប៉ះពាល់ដល់រាងកាយ។ ក៏ប៉ុន្តែ ថ្លើម ក៏ជាសរីរាង្គដែលងាយនឹងបង្កគ្រោះថ្នាក់ខ្លាំងផងដែរ ប្រសិនបើអ្នកទទួលទានអាហារមិនល្អ។ ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអ្នកគួរតែជៀសវាង ព្រោះវាអាចបង្កឲ្យខូចខាតថ្លើម ឬកើតជំងឺមហារីកថ្លើម៖
ជាតិអាល់កុល
ជាតិអាល់កុលមានផ្ទុកកាឡូរីច្រើនជាងសាច់ ហើយប្រសិនបើអ្នកទទួលទានទៀងទាត់ វានឹងបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងបំផុតចំពៅសរីរាង្គថ្លើម។
អាហារដុះផ្សិត
អាហារដែលដុះផ្សិតមានផ្ទុកសារធាតុ aflatoxin ដែលអាចបណ្តោលឲ្យកើតជំងឺថ្លើមដូចជា ខ្លាញ់ក្នុងថ្លើម ក្រិនថ្លើម និងមហារីកថ្លើម ប្រសិនបើអ្នកទទួលទានញឹកញាប់។
អ្នកដែលមានជំងឺរលាកថ្លើមប្រភេទ B បើសិនជាបរិភោគអាហារដុះផ្សិត ហានិភ័យវិវត្តទៅជាមហារីក កើនឡើងច្រើនជាងមនុស្សធម្មតា ៦០ដង។ ដូច្នេះ ក្នុងករណីដែលអ្នកឃើញអាហារមានដុះផ្សិត គួរតែបោះចោលទៅ កុំស្តាយឲ្យសោះ។
អាហារដែលចម្អិនដោយប្រើប្រេងដដែលៗ
ប្រភេទអាហារដែលចៀន ឬបំពង ដោយប្រើប្រេងដដែលៗ អាចបង្កើតសារធាតុ glycerol។ សារធាតុនេះហើយ ដែលជាអ្នកបង្កឲ្យមានជំងឺមហារីក រួមទាំងមហារីកថ្លើម ប្រសិនបើអ្នកញ៉ាំញឹកញាប់ពេក។
អាហារកែច្នៃ
ប្រភេទអាហារកែច្នៃដូចជា សាច់ក្រកហតដក ប្រហិត… ត្រូវបានគេប្រើប្រាស់សារធាតុគីមី ដើម្បីរក្សាទុកឲ្យបានយូរ និងមានរស់ជាតិឆ្ងាញ់។ ជាពិសេសសារធាតុ sodium nitrite និង sodium nitrate នៅក្នុងអាហារកែច្នៃ អាចបណ្តោលឲ្យខូចខាតថ្លើម ហើយបើធ្ងន់ធ្ងរអាចបង្កទៅជាជំងឺមហារីក៕
មតិយោបល់