ភ្នំពេញៈ នៅថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន វីសា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបន្តសហការលើគម្រោងលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការដាក់ឲ្យប្រើប្រាស់សាកល្បងកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមទូរស័ព្ទចល័ត។
ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ត្រូវបានចាត់ទុកជាមធ្យោបាយ ក្នុងការរក្សាតុល្យភាពរវាងបរិយាប័ន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។ ក្នុងនាមជាអាជ្ញាធរអាណាព្យាបាលនៃប្រព័ន្ធធនាគារជាតិនៃកម្ពុជា គឺជាអ្នកផ្តួចផ្តើមកម្មវិធីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា និងតែងតែខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនទូទៅ។
កម្មវិធីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុជាផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ចាប់ផ្តើមឡើងនៅឆ្នាំ២០១៥ ជាមួយនឹងយុទ្ធនាការផ្សព្វផ្សាយចំណេះដឹង ផ្នែកហិរញ្ញវត្ថុនិងលើកកម្ពស់សិទ្ធអតិថិជន ដែលមានឈ្មោះថា «តោះ! និយាយពីលុយ» ក្រោមកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងអង្គការ Good Return ដែលជាអង្គការលើកកម្ពស់សមត្ថភាពផ្នែកហិរញ្ញវត្ថុ។
ភាពជោគជ័យនៃយុទ្ធនាការ «តោះ! និយាយពីលុយ» បានទាក់ទាញចំណាប់អារម្មណ៍ពីភាគីពាក់ព័ន្ធជាច្រើន ទាំងវិស័យសាធារណៈ និងវិស័យឯកជន។ នេះជាឆ្នាំទី២ហើយ ដែលធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនវីសា សហការគ្នាលើគម្រោងលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេស។ កាលពីឆ្នាំ២០១៧ ក្រុមហ៊ុនវីសា បានចូលរួមជាមួយធនាគារជាតិនៃកម្ពុជា ដោយបានគាំទ្រដល់ការបោះពុម្ពសៀវភៅអប់រំផ្នែកហិរញ្ញវត្ថុ «តោះ! និយាយពីលុយ» ចំនួន ៣០.០០០ ក្បាល និងបានចែកចាយនៅសាលារៀនជាច្រើននៅទូទាំងប្រទេស តាមរយៈក្រសួងអប់រំ យុវជន និងកីឡា។
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាកត្តាគន្លឹះក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងការការពារអតិថិជនផ្នែកហិរញ្ញវត្ថុ ដែលនឹងរួមចំណែកដល់ការ ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។ ហេតុនេះហើយ ការទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ មិនមែនជាជម្រើសទៀតទេ ប៉ុន្តែវាជាតម្រូវការចាំបាច់បំផុត»។
ដោយមើលឃើញពីសារតែសារៈសំខាន់ នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធនាគារជាតិនៃកម្ពុជា បានប្រើប្រាស់វិធីសាស្ត្រប្រកបដោយនវានុវត្តភាព និងប្រសិទ្ធភាព ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា។ ធនាគារជាតិនៃកម្ពុជា បានបន្តឈានទៅប្រើប្រាស់បច្ចេកវិទ្យា ក្នុងការផ្សព្វផ្សាយចំណេះដឹងផ្នែកហរិញ្ញវត្ថុឲ្យកាន់តែទូលំទូលាយ។ ការធ្វើបែបនេះ នឹងផ្តល់ឥទ្ធិពលវិជ្ជមានជាផ្លែផ្កាដល់សង្គមកាន់តែខ្លាំង ហើយនេះជាមូលហេតុធនាគារជាតិ នៃកម្ពុជាបង្កើតកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុ តាមទូរស័ព្ទចល័តនេះឡើងសម្រាប់ប្រជាជនទូទៅ ជាពិសេសគឺសម្រាប់សិស្សានុសិស្សតែម្តង។
កម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុតាមទូរស័ព្ទចល័តនេះ មានឈ្មោះថា «NBC-Edu» ដែលអាចទាញយកបានតាមរយៈ Google Play និង Apple App Store។ មានតិកាដែលមាននៅក្នុងកម្មវិធីនេះនាពេលបច្ចុប្បន្ន គឺមានលំនាំពីសៀវភៅអប់រំផ្នែកហិរញ្ញវត្ថុ “តោះ! និយាយពីលុយ” និងមានបញ្ចូលនូវសំណួរចម្លើយ ដើម្បីជាជំនួយដល់សិស្សានុសិស្សក្នុងការស្វែងយល់ពីប្រធានបទហិរញ្ញវត្ថុដោយភាពរីករាយ និងមានអន្តរកម្មខ្ពស់។ កម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុ តាមទូរស័ព្ទចល័តនេះ ក៏មានលក្ខណៈងាយស្រួលសម្រាប់លោកគ្រូ-អ្នកគ្រូ និងមាតាបិតា ប្រើប្រាស់ក្នុងការបង្រៀនសិស្ស ឬ កូនៗឲ្យចេះពីរបៀបធ្វើផែនការថវិកា សន្សំ និងចាយវាយដោយភាពឆ្លាតវៃ។
លោកជំទាវអគ្គនាយក ក៏បានបន្ថែមថា «គម្រោងនេះ គឺជំហានថ្មីមួយទៀតដើម្បីឆ្ពោះទៅលើកកម្ពស់សិទ្ធិ របស់ប្រជាជនក្នុងនាម ជាអតិថិជនហិរញ្ញវត្ថុនៅក្នុងសេដ្ឋកិច្ចដែលមានការអភិវឌ្ឍដ៏ឆាប់រហ័ស។ គម្រោងនេះ អាចកើតឡើងបានគឺដោយសារមានកិច្ចសហការ និងការគាំទ្រពីក្រុមហ៊ុន វីសា។ ឆ្លៀតក្នុងឱកាសនេះ ធនាគារជាតិនៃកម្ពុជា សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន វីសា ដែលបានរួមចំណែកក្នុងការផ្តួចផ្តើមគម្រោងនេះ និងបង្កើនកម្រិតចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា»។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «ក្រុមហ៊ុន វីសា មានមោទនភាពក្នុងការបន្តការសហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា។ ដោយយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាកើនដល់កម្រិត ៧% នៅក្នុងឆ្នាំ២០១៨ និង ២០១៩ ដែលនេះបង្ហាញពីការអភិវឌ្ឍដ៏រឹងមាំនៃសេដ្ឋកិច្ច។ ក្នុងពេលដែលប្រជាជនចូលរួមនៅក្នុងសេដ្ឋកិច្ចសកលនេះ ចំណេះដឹងផ្នែកហិរញ្ញវត្ថុកាន់តែមានសារៈសំខាន់ ក្នុងការធ្វើឲ្យប្រជាជនអាចទាញយកផលប្រយោជន៍ជាច្រើនពីការវិវឌ្ឍទាំងនេះ»។
ក្រុមហ៊ុនវីសា ដែលជាក្រុមហ៊ុនឯកជនឈានមុខគេលើផ្នែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ បានអភិវឌ្ឍកម្មវិធីអប់រំសម្រាប់មនុស្សគ្រប់វ័យនៅទូទាំងសកលលោកអស់រយៈពេល ២១ ឆ្នាំមកហើយ ដោយមានជំនឿថាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្រិតខ្ពស់ ជួយប្រជាជនក្នុងការគ្រប់គ្រងថវិកា និងពង្រឹងជីវភាពរបស់ខ្លួន។ អ្នកស្រី ជុំ ម៉ូនីកា បានបន្ថែមថា «ក្រុមហ៊ុនយើងពិតជាមានភ័ព្វសំណាងណាស់ ដែលបានធ្វើការជាដៃគូជាមួយធនាគារជាតិនៃកម្ពុជាលើកម្មវិធីនេះ។ ចំណងទាក់ទងជាមួយសហគមន៍ និងការយល់ដឹងពីបញ្ហាប្រឈមក្នុងតំបន់ មានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីសម្រេចជោគជ័យនៃកម្មវិធីរបស់យើង ហើយក្រុមហ៊ុន វីសា នឹងបន្តកិច្ចសហប្រតិបត្តិការជាដៃគូនេះទៅមុខទៀត»។
បន្ថែមលើការបង្កើតកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុតាមទូរស័ព្ទចល័ត «NBC-Edu» ក្រុមហ៊ុន វីសា និងធនាគារជាតិនៃកម្ពុជា នឹងបន្តចែកចាយសៀវភៅអប់រំផ្នែកហិរញ្ញវត្ថុចំនួន ៨.០០០ ក្បាល អាវយឺត ១.៨០០ និងថង់ក្រណាត់ចំនួន ១.៦០០ ដែលត្រូវបានបោះពុម្ពឡើងក្នុងគោលបំណងផ្សព្វផ្សាយពី សារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយ។
សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី និងអាចស្វែងរកព័ត៌មានដ៏មានសារៈប្រយោជន៍ នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ សូមចូលទៅកាន់ទំព័រហ្វេសប៊ុក https://m.facebook.com/NBCFinEdu៕
មតិយោបល់