ព័ត៌មានសុខភាព

មធ្យោបាយដ៏មានប្រសិទ្ធភាព ៥យ៉ាង ជួយឲ្យផ្ទៃមុខរបស់អ្នកត្រលប់មកក្មេងជាងវ័យម្តងទៀត

ស្នាមជ្រីវជ្រួញ គឺជាសញ្ញាដំបូងនៃភាពចាស់ ដែលភាគច្រើនកើតឡើងនៅលើកន្ទុយភ្នែក ចិញ្ចីម និងគែមសងខាងនៃបបូរមាត់។ មានកត្តាផ្សេងៗជាច្រើនដូចជា អាយុ ការជក់បារី ស្បែកបាត់បង់ជាតិទឹក និងបរិស្ថាននៅជុំវិញ សុទ្ធតែអាចធ្វើឲ្យមានស្នាមជ្រួញកើតឡើងនៅលើផ្ទៃមុខទាំងអស់។

ទោះជាយ៉ាងណា កុំចាំបាច់ព្រួយបារម្ភអី ស្នាមជ្រួញទាំងនោះអាចកាត់បន្ថយបាន ហើយផ្ទៃមុខរបស់អ្នកនឹងត្រលប់មកក្មេងជាងវ័យ ប្រសិនបើអនុវត្តតាមវិធីសាស្ត្រងាយៗទាំងនេះ។

ស៊ុតស
អ្នកត្រូវគោះស៊ុយមួយគ្រាប់ យកតែស៊ុតពណ៌សប៉ុណ្ណោះ មកលាបនៅលើផ្ទៃមុខ។ ទុកយ៉ាងហោចណាស់ ១៥នាទី ឬរងចាំរហូតដល់ស្ងួត ទើបលាងជម្រះជាមួយទឹកក្តៅឧណ្ឌៗ។ វីតាមីន A និងវីតាមីន B នៅក្នុងស៊ុតស អាចជួយកាត់បន្ថយ និងលុបបំបាត់ស្នាមជ្រួញពូកែបំផុត។

ប្រេងអូលីវ
ប្រេងអូលីវ អាចជួយរក្សាស្បែកឲ្យមានសភាពទន់រលោង និងបត់បែនបានល្អ។ មុនពេលចូលគេង សូមយកប្រេងអូលីវមកលាបនៅលើផ្ទៃមុខឲ្យសព្វ បន្ទាប់ពី១៥នាទី សឹមប្រើកន្លែងស្អាតជូតចេញ។ នៅពេលព្រឹកឡើង អ្នកនឹងសង្កេតឃើញស្បែកមុខប្រែក្លាយទៅជាទន់រលោង ប្លែកពីធម្មតា។

ទឹកក្រូចឆ្មារ
អ្នកគ្រាន់តែ ជូតទឹកក្រូចឆ្មារស្រស់នៅលើផ្ទៃមុខរៀងរាល់មុនពេលចូលគេង រយៈពេល ១៥នាទី ទើបលាងជម្រះចេញ។ ជាតិអាស៊ីតរបស់វានឹងជួយកាត់បន្ថយស្នាមជ្រួញ និងជួយជម្រះស្បែកឲ្យភ្លឺរលោង។ ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាអាឡែស៊ី កុំប្រើប្រាស់ឲ្យសោះ។

ផ្លែប៊ឺរ
មិនត្រឹមតែស្នាមជ្រួញនោះទេ សូម្បីតែរង្វង់ភ្នែកខ្មៅ ក៏ផ្លែប៊ឺរ អាចជួយកម្ចាត់បានដែរ។ អ្នកគ្រាន់តែឆ្កឹះយកសាច់ផ្លែប៊ឺរទុំមួយស្លាបព្រា បន្ទាប់មកកិនឲ្យម៉ត់ យកមកបំពោតនៅលើកន្លែងដែលមានបញ្ហា ឬពេញផ្ទៃមុខទាំងមូល។ រងចាំរយៈពេល ១៥នាទី ទើបលាងសម្អាតចេញ តែសូមព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាចទើបឆាប់បានផល។

ត្រសក់ និងស៊ុតស
យកត្រសក់កិនម៉ត់មួយស្លាប់ព្រាបាយ លាយជាមួយនឹងស៊ុតស មួយគ្រាប់។ បន្ទាប់ពីលាយបញ្ចូលគ្នាក្លាយជាល្បាយតែមួយ ទើបលាបនៅលើផ្ទៃមុខ។ ចុងក្រោយទុករយៈពេល ១៥នាទី ទើបលាងសម្អាតចេញជាការស្រេច៕

មតិយោបល់